Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ដាក់ពង្រាយនគរបាលចរាចរណ៍តាមគោលដៅឡើងវិញក្រោយគ្រោះថ្នាក់កើនឡើង ៦៣លើក ស្មើនឹង ១៧%

បានផុស

នៅ


ក្រសួងមហាផ្ទៃ នឹងដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍ និងមន្រ្តីកិច្ចសន្យា នៅតាមគោលដៅនីមួយៗ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញទូទាំងប្រទេសចាប់ពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ បន្ទាប់ពីសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ ៦៣លើក ស្មើនឹង ១៧%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ឱ្យអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា បានបញ្ជាឱ្យផ្អាកជាបណ្តោះអាសន្នទូទាំងប្រទេសចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ គ្រាដែលថៃបានឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា។ ផ្អាកការអនុវត្តនាពេលនោះ លោកបានអះអាងថា ក្នុងអំឡុងពេលនេះ មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេស នឹងបន្តបំពេញភារកិច្ចក្នុងការសម្របសម្រួលចរាចរណ៍ តាមដងផ្លូវសាធារណៈ ជាពិសេសផ្លូវជាតិធំៗដែលកំពុងមានចរាចរណ៍របស់កងកម្លាំងប្រតិបត្តិ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ ក្នុងបេសកកម្មការពារព្រំដែន និងអធិបតេយ្យភាពជាតិ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានថ្លែងប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីផ្អាកអនុវត្តច្បាប់ចរាចរណ៍មួយរយៈកន្លងមក សង្កេតឃើញអត្រាគ្រោះថ្នាក់មានកំណើនខ្ពស់ បើប្រៀបធៀបទៅនឹងអំឡុងពេលដែលដាក់កម្លាំងនគរបាលចរាចរណ៍តាមគោលដៅ។ លោកបញ្ជាក់ថា៖«​ ខ្ញុំគ្រាន់តែលើកនូវកំណើនគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលផ្អាកអនុវត្តផាកពិន័យគិតពី( ២៥ សីហា-៣០ កញ្ញា ២០២៥) បើធៀបរយៈពេលដូចគ្នា គឺថាគ្រោះថ្នាក់ចរាចចរណ៍មានកំណើន​ខ្ពស់គួរឱ្យព្រួយបារម្ភ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍កើនចំនួន ៦៣លើក ស្មើនឹង ១៧% ហើយអ្នកស្លាប់កើនចំនួន ៥០ នាក់ ស្មើនឹង ២២ % និងអ្នករបួសកើនចំនួន ៥៤នាក់ ស្មើនឹង ៣៣%»។

ទោះជាបែបនេះក្តី លោក ទូច សុឃៈ អះអាងថា ការដាក់ពង្រាយនគរបាលចរាចរណ៍នេះ គឺដើម្បីត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រឹមកម្រិតការអប់រំប៉ុណ្ណោះចំពោះអ្នកល្មើសច្បាប់ មិនទាន់ឈានដល់ការផាកពិន័យនោះទេ។

លោក ទូច សុឃៈ

បើតាមអ្នកនាំពាក្យ ក្នុងអំឡុងពេលដែលផ្អាកការអនុវត្តច្បាប់ចរាចរណ៍ទាំងការផាកពិន័យ ការដាក់នគរបាលតាមគោលដៅនេះ គឺគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងរួមមានបើកបរលើសល្បឿនកំណត់ ៥០% មិនគោរពសិទ្ធិអាទិភាព ២០% ការមិនប្រកាន់ស្តាំ ១៣%  ការបត់ឆ្វេងបត់ស្តាំងខុសបច្ចេកតេស ៦ % វ៉ាជែង ៥% និងករណីស្រវឹង ៣% កត្តាយានយន្ត ៤% ការមិនគោរពចរាចរណ៍ ២% កត្តាងងុយគេង ១ % និងកត្តាផ្លូវតែ ១% ទេ។ ករណីគ្រោះថ្នាក់ទាំងអស់នេះ វាបានកើតឡើងច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ព្រះសីហនុ ស្វាយរៀង កំពង់ចាម និងតាកែវ។

ផ្អែកលើមូលហេតុទាំងនេះ លោក ទូច សុឃៈ បញ្ជាក់ថា៖«ចឹងហើយបានជាឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចជាគោលការណ៍ថា យើងចាប់ផ្តើមដាក់នគរបាលតាមគោលដៅ ដើម្បីត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញនៅទូទាំងប្រទេស»។ លោកបញ្ជាក់បន្ថែមថា៖«ក៏ប៉ុន្តែការដាក់អនុវត្តនេះគឺក្នុងកម្រិតធ្វើការអប់រំ ចំពោះករណីល្មើសមួយចំនួនដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការមិនគោពភ្លើងសញ្ញា ការដឹកសំពីងសំពោង ការមិនពាក់មួយសុវត្ថិភាព និងអត់កញ្ចក់ជាដើម»។

ជាការរំពឹងទុកនៃការដាក់នគរបាលចរាចរណ៍ទូទាំងប្រទេសឡើងវិញ ប៉ុន្តែមិនទាន់ផាកពិន័យទៅលើប៉ុន្មានចំណុចខាងលើនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សង្ឃឹមថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នឹងកាត់បន្ថយ ហើយសណ្តាប់ធ្នាប់ចរាចរណ៍ក៏អាចមានរបៀបរៀបរយវិញដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម