Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ គ្រោង​បិទ​ផ្សារ​មួយ​ចំនួនធំ​ទៀត នៅក្នុង​ក្រុង ដើម្បី​កាត់ផ្តាច់ ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បានធ្វើ​ការណែនាំ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ពិនិត្យ​ឲ្យបាន​ម៉ត់ចត់​ចំពោះ​សកម្មភាព​នៅតាម​ផ្សារ​នានា ដោយ​យើង​នឹងត្រូវ​បិទ​ផ្សារ​មួយចំនួនធំ​ទៀត​នៅ​ក្រុង​ដើម្បី​កាត់ផ្តាច់​អោយបាន​នូវ ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ខណៈដែល​ជម្ងឺ​នេះ​បាននិងកំពុង​វាយលុក​យ៉ាងខ្លាំង​នៅក្នុង​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំ​បែបនេះ​របស់​លោក​ឃួ​ង ស្រេង​បានធ្វើ​ឡើង​នា​រាត្រី​ថ្ងៃទី​២៣​មេសា​នេះ នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ​កិច្ចប្រជុំ video conference នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលខណ្ឌ​ទាំង​១៤ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ពង្រឹង​ការងារ​មួយចំនួន ដូចជា​ការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ការរៀបចំ​វិធានការ​លើ​ការបិទ​ផ្សារ​នានា និង​ការងារ​រៀបចំ​កន្លែង​យក​សំណាក​ពី​អ្នក​សង្ស័យ​កូ​វីដ​-១៩ ផងដែរ​។

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើក​ឡើង​ថា ចំពោះ​ការងារ​នៃ​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ត្រូវតែ​រៀបចំ​ដោយ​ការយកចិត្តទុកដាក់​និង​ម៉ត់ចត់ ពិសេស រក្សា​គម្លាត​សុវត្ថិភាព​ចំពោះ​ប្រជាពលរដ្ឋ​មកចាក់។

លោក​ឃួ​ង ស្រេង បាន​បន្តទៀតថា កន្លងមកនេះ​យើង​បានឃើញ​ហើយ​នៅតាម​ផ្សារ​នានា បងប្អូន​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី ពេល​ពួកគាត់​ទៅ​ផ្សារ​ហាក់​មិន​ខ្លាច​ឆ្លង​កូ​វីដ​-១៩​សោះឡើយ ។​ទង្វើ​ទាំងនេះ បានធ្វើអោយ​ចំនួន​អ្នក​ឆ្លង​នៅតាម​ផ្សារ​នានា​នៅ​ក្នុង​ក្រុងភ្នំពេញ​បាន​កើនឡើង​យ៉ាង​លឿន គួរ​ឲ្យ​ព្រួយបារម្ភ។

ដោយ​ឃើញ​ពី​បញ្ហា​ប្រឈម​ខ្លាំង​នេះ រដ្ឋបាល​រាជធានី​របស់​យើង​បានធ្វើ​ការបិទ​ផ្សារ​ជា​បន្តបន្ទាប់ ហើយ​ជា​ម្រោ​ង​យើង​នឹង​បិទ​ផ្សារ​មួយចំនួនធំ​ទៀត នៅក្នុង​ក្រុងភ្នំពេញ ដើម្បី​កាត់ផ្តាច់​អោយបាន​នូវ ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ។​ចំពោះ​ផ្សារ​ដែល​យើង​ត្រូវ​បិទ​បន្តទៀត​នេះ មាន​ផ្សារ​គីឡូម៉ែត្រ​៦ ផ្សារ​គីឡូម៉ែត្រ​លេខ​៧ និង​ផ្សារ​ព្រែក​ព្នៅ​ជាដើម ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចេញ​លិខិត​បិទ​តែម្តង។

លោក​បញ្ជាក់​ផងដែរ​ថា បើទោះជា​មានការ​បិទ​ផ្សារ​ក៏​ពិតមែន ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​នៅតែ​អាច​ទិញ​បន្លែ ត្រី​សាច់ ម្ហូបអាហារ​បាន តាមរយៈ អន​ឡាញ តាម​ឡាន​លក់​បន្លែ​ត្រី សាច់​ឬ តាម​រ៉ឺម៉ក ជាដើម ដោយ​មិន​ឲ្យ​ពួកគាត់​លក់​លើស​ពី​តម្លៃ​ទីផ្សារ​ឡើយ ដោយ​អាជ្ញាធរ​របស់​យើង​ជា​អ្នកតាមដាន​និង​ពិនិត្យ​ទៅលើ​តម្លៃ​នេះ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម