Connect with us

ព័ត៌មានជាតិ

ទេយ្យទាន​ស្បៀងអាហារ អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវ​បាន​យក​ប្រគេន​ព្រះសង្ឃ​ចំនួន ២៤​វត្ត​ទៀត​ក្នុង​រាជធានី​ភ្នំពេញ

បានផុស

នៅ

​ភ្នំពេញ ៖ ទេយ្យទាន​ស្បៀងអាហារ ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ត្រូវបាន​យកទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន ២៤​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយ​ទេយ្យទាន​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​នាំយកទៅ​ប្រគេន​ព្រះសង្ឃ​ដោយ​លោក ឆា​រស៍ វ៉ាន់​, លោក សៅ ភិ​រុណ​, លោក ជិន ប៊ុនធឿន និង​លោកស្រី ស្បោង សំបូរ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​។ វត្ត​ទាំង​២៤​ដែល​ទទួលបាន​ទេយ្យទាន​នាពេលនេះ​ស្ថិតនៅក្នុង​ខណ្ឌ​ចំនួន​៦ រួមមាន​៖ ខណ្ឌចំការមន ៤​វត្ត​, ខណ្ឌ​៧​មករា ៣​វត្ត​, ខណ្ឌ​បឹង​កេងកង ១​វត្ត​, ខណ្ឌដូនពេញ ៥, ខណ្ឌ​សែន​សុខ ៦​វត្ត និង​ខណ្ឌឫស្សីកែវ ចំនួន ៥​វត្ត​។​

​ដោយ​មើលឃើញ​ពី​ការខ្វះខាត​របស់​ព្រះសង្ឃ​គង់នៅ​តាម​វត្ត​នានា​ក្នុងកំលុងពេល​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នោះ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចាត់ចែង​ទេ​យ្យ​ជា​ស្បៀងអាហារ​យកទៅ​ប្រគេន​តាម​វត្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ចំនួន​សរុប ១៤២​វត្ត​។ មកដល់​ថ្ងៃទី​២៤ ខែមេសា ក្រុមការងារ​បាន​នាំ​ទេ​យ្យ​ទៅ​ប្រគេន​ព្រះសង្ឃ​បាន​ចំនួន ១១១​វត្ត​ហើយ​។​

​ក្នុង​ពិធី​ប្រគល់​ទេយ្យទាន​នេះ តំណាង​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត បាន​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​នូវ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ដោយសារ​ជំងឺ​កូ​វីដ​១៩​នាពេលនេះ​។​

​តំណាង​សម្តេច​ទាំង​ទ្វេ ក៏​បានទូល​ប្រគេន​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ថា ក្នុងដំណាក់កាល​ប្រទេស​កម្ពុជា​កំពុង​ឆ្លង​រីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​១៩​ចូលក្នុង​សហគមន៍ គឺ​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​មាន​ការបិទ​ខ្ទប់​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​១៩​។​

​ជាពិសេស​កំលុងពេល​បិទ​ខ្ទប់​នេះ ព្រះសង្ឃ​មិនអាច​និមន្ត​បិ​ណ្ឌ្​បាត្រ​ចង្ហាន់​បាន និង​ប្រជា​ពុទ្ធបរិស័ទ ក៏​មិនអាច​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​បានដែរ ទើប​សម្ដេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោក​បាន​គិតគូរ​អំពី​ការលំបាក​របស់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​តាម​ទី​អារាម​នានា​ទូទាំង​រាជធានី​ភ្នំពេញ​។​

​លើសពីនេះ តំណាង​ក៏បាន​ទូល​ប្រគេន​ព្រះសង្ឃ ដើម្បី​នាំនូវ​សារ​ចូលរួម​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល​របស់​រាជរ​ដ្ឋា​ភិ​បាល​។ ជាពិសេស​រួម​អនុវត្ត​វិធានការ «៣​ការពារ និង​៣​កុំ​» ដេ​ី​ម្បី​ការពារ​ការចម្លង​រីក​រាល​ដើរលេង​ជំងឺ​កូ​វីដ​១៩ នេះ​។​

​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​តាម​វត្ត​អារាម​នីមួយៗ បាន​សំដែង​នូវ​ការ​អរ​ព្រះ​គុណ​ចំពោះ​សម្ដេច​តេ​ជោ និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ដែល​តែងតែ​គិតគូរ​ចំពោះ​ការខ្វះខាត​របស់​ព្រះសង្ឃ​តាម​ទី​អារាម​នានា ក្នុងដំណាក់កាល​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​។ ព្រះ​តេជគុណ​ជា​ថ្នាក់ដឹកនាំ​សង្ឃ​នៅតាម​ទី​អារាម​នីមួយៗ ក៏បាន​ប្រគេន​ពរ​សម្ដេច​តេ​ជោ និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​ទទួលបាន​នូវ​សេចក្តីសុខ សេចក្តីចម្រើន ចៀស​ផុតពី​ជំងឺ​ទាំងឡាយ​ទាំងពួង និង​ជោគជ័យ​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​ត​ទៅមុខទៀត​។​

​សូមបញ្ជាក់ថា ទេយ្យទាន​ដែល​បាន​ប្រគេន​ព្រះសង្ឃ​នេះ ក្នុង​មួយ​វត្ត​ទទួលបាន​៖

១៖ អង្ករ​ចំនួន​១​តោន​

២៖ ត្រីខ​ចំនួន ២​កេស​មាន​២០​យួរ (​ក្នុង​១​យួរ មាន​១០​កំប៉ុង​)​ស្មើ ២០០ កំប៉ុង​២៤៨ កេស​

៣៖ មី​ជាតិ​ចំនួន ២០​កេស​

៤៖ ទឹក​ផ្លែឈើ​គ្រប់មុខ​ចំនួន ១០​កេស (​ក្នុង ១ កេស​មាន​២៤​កំប៉ុង​)

៥៖ ទឹកដោះគោ​ខាប់​ចំនួន ២​កេស (​ក្នុង​១​កេស មាន​៤៨ កំប៉ុង​)

៦៖ កាហ្វេ​ចំនួន ៥​កញ្ចប់​ធំ (​ក្នុង​១​កញ្ចប់​ធំ​មាន ៥០​កញ្ចប់​តូច​)

៧៖ តែ​ចំនួន ២​គីឡូក្រាម​

៨៖ ស្ករស​ចំនួន ១​បេ (​មាន ២៥ គីឡូក្រាម​)

៩៖ អំបិល​ចំនួន ១​បេ (​មាន​១០​គីឡូក្រាម​)

១០៖ ទឹកត្រី​ចំនួន ៥​យួរ (​ក្នុង​១​យួរ​មាន​៦ ដប​)

១១៖ ទឹក​ស៊ី​អ៉ី​វ​ចំនួន ៥​យួរ (​ក្នុង​១​យួរ​មាន​៦ ដប​)

១២៖ ប៊ីចេង​ចំនួន ១​បេ (​មាន​២៥​គីឡូក្រាម​)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម