Connect with us

ព័ត៌មានជាតិ

យុទ្ធនា​ការរត់​រៃអង្គាស​ប្រាក់​របស់ សាយ ជួយ​ឲ្យ​លោក​ជាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ពាន់រង្វាន់​ពលរដ្ឋ​គំរូ Smart

បានផុស

នៅ

​ការរត់​លើផ្លូវ​ដ៏​វែងឆ្ងាយ ដើម្បី​ការ​រៃអង្គាសប្រាក់​សម្រាប់​សង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា គឺជា​អំពើ​ល្អ ដែល​ជួយ​ឱ្យ​លោក អ៊ួ​ន បឋម ត្រូវបាន​ជ្រើសតាំង​ជា​បេក្ខជន​មួយរូប​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការជ្រើសតាំង​នេះ​បានផ្តល់​ឱកាស​មួយ​ដែល​ជួយ​ឱ្យ​លោក អ៊ួ​ន បឋម ហៅ សាយ ឆ្លងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ចូលរួម​ជាមួយនឹង​បេក្ខជន និង​បេ​ក្ខ​នារី ៩​នាក់​ផ្សេងទៀត សម្រាប់​ការទទួលបាន​ឱកាស​ក្លាយជា​ជយលាភី​ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន ១​ម៉ឺន​ដុល្លារ​។​

​លោក សាយ ដែលជា​តារាចម្រៀង​មានឈ្មោះ​បោះ​សំឡេង​មួយរូប​នៅ​កម្ពុជា និង​ក្រុមការងារ​របស់លោក បាន​បង្កើត​យុទ្ធនាការ​មួយ​ឈ្មោះថា “​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ សាយ​” ដែល​ក្នុង​យុទ្ធនាការ​នេះ​លោក​បាន​រត់​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ ២.៤០៨ គីឡូម៉ែត្រ​នៅ​ជុំវិញ ២១​ខេត្ត​ក្រុង​ក្នុង​រយៈពេល ៩៧​ថ្ងៃ ដើម្បី​រៃអង្គាសប្រាក់​សម្រាប់​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

​លោក សាយ បាន​ថ្លែងថា “​គោលបំណង​នៃ​ការរត់​នេះ ទី​១ គឺជា​ការ​គម្រប់​ខួប ៣០​ឆ្នាំ​របស់ខ្ញុំ​ផ្ទាល់​ដែល​ខ្ញុំ​ចង់​ធ្វើអំពើ​ល្អ​អ្វីមួយ​តបស្នង​សងគុណ​ទៅដល់​ប្រទេសជាតិ​ខ្លួនឯង​វិញ​ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​”​។ យុទ្ធនា​ការដែល​បានបញ្ចប់​កាលពី​ថ្ងៃទី ១០ ខែមករា ឆ្នាំ​២០២១ នេះ ប្រមូល​ទឹកប្រាក់​បាន​ចំនួន ៥០០.០០០ ដុល្លារ​។ លោក​បាន​បន្ថែមថា “​ប្រាក់​រៃអង្គាស​បាន​ទាំងអស់នេះ អាចជួយ​សង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា ​បាន​ជាង​មួយ​ម៉ឺន​ករណី ដែល​បានទទួល​សេវា​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​”​។​

​អ្នកនាង ស៊ិន​កេ​ត អរុណ ប្រធាន​កា​រិ​យាល័យ​ទំនាក់ទំនង​សាធារណៈ​ប្រចាំ​ប្រទេស​កម្ពុជា​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ បានបង្ហាញ​ការកោតសរសើរ​ចំពោះ​ការលះបង់​ទាំង​កម្លាំងកាយ និង​កម្លាំងចិត្ត ព្រមទាំង​ពេលវេលា និង​ធនធាន​ថវិកា​ផ្ទាល់ខ្លួន​របស់លោក សាយ ក៏​ដូចជា​ការបរិច្ចាគ​ប្រាក់​តាមរយៈ “​យុទ្ធនាការ ១​ដុល្លារ​សម្រាប់​កុមារ​កម្ពុជា​” របស់​ពលរដ្ឋ​កម្ពុជា ដែល​អ្នកនាង​បាន​ចាត់ទុកថា នេះ​គឺជា​ទង្វើ​មួយ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​កុមារ​កម្ពុជា​នៅ​ទូទាំងប្រទេស​។ អ្នកនាង​បាន​ថ្លែងថា “​វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​នៅក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ឬ​អាច​ថា​ ជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​យើង​។

​តាមរយៈ​ព្រឹត្តិការណ៍​នេះ យុទ្ធនាការ ១​ដុល្លារ​សម្រាប់​កុមារ​កម្ពុជា បានធ្វើឱ្យ​មន្ទីរពេទ្យ​កុមារ​អង្គរ​កាន់តែ​ត្រូវបាន​គេ​ស្គាល់​ជា​សាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា និង​ក្រៅប្រទេស និង​បង្ហាញឱ្យឃើញ​ពី​ទឹកចិត្ត​ដ៏​សប្បុរសធម៌​របស់​ប្រជាជន​កម្ពុជា​ក្នុង​ការចួលរួម​ជួយសង្គ្រោះ​អាយុជីវិត​របស់​កុមារ ក៏ដូចជា​ជួយ​អភិវឌ្ឍ​សង្គមជាតិ​ផងដែរ​”​។

​យុទ្ធនាការ “​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ សាយ​” ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សាធារណៈជន ដែល​ថ្លែង​អំណរ គុណ​ដល់​លោក សាយ ចំពោះ​ទឹកចិត្ត​លះបង់​ដ៏​អស្ចារ្យ​របស់លោក​។ ក្នុងចំណោម​សាធារណជន​ទាំងនោះ ក៏មាន ឌី​ជេ ណា​ណា ផងដែរ ដែល​បាន​ជ្រើសតាំង​លោក​សម្រាប់​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart នេះ​។​

​ឌី​ជេ ណា​ណា បាន​ថ្លែងថា “​ខ្ញុំ​សរសើរ​គាត់​ខ្លាំង មិនមែន​តែ​ទៅលើ​ទឹកចិត្ត​គាត់​ទេ ព្រោះ​ការដែល​គាត់​មាន​ចិត្តល្អ​នៅ​សុខៗ​ទៅ​រត់ ធ្វើបាប​ខ្លួនឯង​ដើម្បី​ប្រមូល​លុយ ដើម្បី​ឲ្យ​កុមារ ហើយ​នេះ​ជា​រឿង​មួយ ហើយ​រឿង​មួយទៀត​គឺ​គាត់​ធ្វើបាន​មែន​”​។​

​លោក សាយ បាន​ថ្លែង​ទៀតថា បើសិនជា​លោក​ក្លាយជា​ជយលាភី ហើយ​ទទួលបាន​ទឹកប្រាក់ ១​ម៉ឺន​ដុល្លារ​នេះ លោក​នឹង​ប្រើប្រាស់​ទឹកប្រាក់​នេះ​សម្រាប់​គម្រោង​ដែលមាន​ស្រាប់​របស់លោក ដូចជា​គម្រោង Let’s Do It With SAI ដែល​ផ្តោតលើ​ការងារ​ជួយ​សង្គម និង​ជំរុញ​ទឹកចិត្ត​យុវជន​ឱ្យចូល​រួម​ក្នុង​ការងារ​សង្គម​ជាដើម​។​

​អំពើ​ល្អ​ទាំងនេះហើយ​ដែល​ឆ្លើយតប ទៅនឹង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ ២០២០​។ កម្មវិធី​នេះ​មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង និង​សហគមន៍​របស់ខ្លួន​។ ការប្រកាស​ជ័យលាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart ដែល​ដើមឡើយ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៧ មីនា ឆ្នាំ​២០២១ ត្រូវបាន​ពន្យារ​ពេល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ កាលបរិច្ឆេទ​ថ្មី​នឹងត្រូវ​ជូនដំណឹង​នៅពេល​ក្រោយ​។

​ដើម្បី​ចូល​មើល​វីដេអូ​អំពី​លោក សាយ សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ​៖ https://fb.watch/57hPBKTz7d/

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម