Connect with us

ព័ត៌មានជាតិ

ថ្ងៃវារៈវ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មី នៅទូទាំងរាជធានីមានភ្ញៀវមកលេងកំសាន្តជិត១លាន​៦សែននាក់

បានផុស

នៅ

នាថ្ងៃទី២ ជាថ្ងៃវារៈវ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ មានភ្ញៀវជាតិ និងអន្តរជាតិចូលរួមអបអរសាទរ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅទូទាំងរាជធានីភ្នំពេញ ជិត១លាន៦សែននាក់ ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។ នេះតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៦មេសា ឆ្នាំ២០២៥៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីឱ្យដឹងទៀតថា នៅតាមទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀត នៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងល្បែងប្រជាប្រិយ យ៉ាងច្រើនកុះករ។ បន្ថែមពីនេះនៅតាមទីវត្តអារាម និងបណ្តាខណ្ឌទាំង១៤ ក៏មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដូចគ្នាដែរ។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ដើរលេងកម្សាន្តចំនួន ១,៥៨៣,៣០៧នាក់ និងមានភ្ញៀវទេសចរបរទេស ចំនួន ១៧,៩៤០នាក់ ។ បន្ថែមលើនេះ ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ មានភាពល្អប្រសើរ ពលរដ្ឋដើរលេងកម្សាន្តដោយសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលពុំមានហេតុការណាមួយកើតឡើង គួរឱ្យកត់សម្គាល់នោះឡើយ។

សូមបញ្ជាក់ថា ឆ្នាំនេះព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញមានកម្មវិធីបង្ហាញពីទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹង ចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញ ផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែងនិងមាននៅតំបន់ផ្សេងៗទៀតជាច្រើន ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះ មានភាពសប្បាយរីករាយ ថែមទៀត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម