Connect with us

ព័ត៌មានជាតិ

រដ្ឋសភា​រៀបចំ ​«សភា​ត្រាប់» ជា​លើក​ដំបូង​ណែនាំ​យុវជន​ឱ្យ​បាន​ស្គាល់​ពី​ដំណើរ​ការ​សភា​និង​ការ​តស៊ូ​មតិ​នយោបាយ​

បានផុស

នៅ

រដ្ឋសភា​កម្ពុជា​បាន​រៀបចំ​សភា​ត្រាប់​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដើម្បី​បណ្ដុះ​សមត្ថភាព ស្មារតី និង​មនសិការ​ដល់​យុវជន​ ជា​ពិសេស​ក្មេង​ស្រី​ឱ្យ​ស្វែង​យល់​ហ្វឹកហាត់​ការងារ​តស៊ូ​មតិ​បែប​នយោបាយ។ កម្មវិធី​សភា​ត្រាប់​នេះ​មាន​រយៈពេល​១ថ្ងៃ​កន្លះ​ដែល​រៀបចំ​នៅ​អាគារ​រដ្ឋបាល​វិមាន​រដ្ឋសភា​ភ្នំពេញ ដែល​មាន​យុវជន​ចូលរួម​ប្រមាណ​៨០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នក​នយោបាយ​ស្ត្រី​លោកស្រី ឡោក ខេង បាន​ថ្លែង​ក្នុង​ពិធី​បើក​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៦​នេះ ​ថា សភា​ត្រាប់​ នេះ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​គណៈកម្មការទី៨ និង​ក្រុម​សភាជាតិ​កម្ពុជា​នៃ​អ្នក​នយោបាយ​សភា​ស្ត្រី (ក.ស.ក.ន.ស) ដែល​ជា​គម្រោង​បន្ត​ពី​យុទ្ធនាការ​ ក្មេង​ស្រី​ឆ្ពោះ​ទៅ​កាន់​ភាព​ជា​អ្នក​ដឹក​នាំ។

​​​​​​លោកស្រី​បញ្ជាក់​ថា៖ «សភា​ត្រាប់​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​បណ្ដុះ​បណ្ដាល​សមត្ថភាព​ ស្មារតី និង​មនសិការ​ដល់​យុវជន​ ជា​ពិសេស​ក្មេង​ស្រី​ឱ្យ​ពួក​គាត់​ខិតខំ​ស្វែង​យល់​ហ្វឹកហាត់​ការងារ​តស៊ូ​មតី​បែប​នយោបាយ។ ក្នុង​អំឡុង​នៃ​កម្មវិធី​ ក្មួយ​ៗ​នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​មូលដ្ឋាន​ដែល​ចាំ​បាច់​ដើម្បី​អាច​ធ្វើ​ត្រាប់​ការ​ប្រជុំ​សភា​ដោយ​ពេញ​លេញ​បាន​»


កម្មវិធី​សភា​ត្រាប់​នេះ​ទទួល​បាន​ការ​គាំទ្រ​ដោយ​​ UN Women និង​ UNFPA ដែល​ផ្ដល់​ការ​គាំទ្រ​ស្មារតី​ បច្ចេកទេស និង​ហិរញ្ញវត្ថុ​សម្រាប់​ដំណើរ​ការ​កម្មវិធី​នេះ​។ អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពូជា​លោកស្រី Vladanka Andreeva ​ បាន​លើក​ឡើង​ផង​ដែរ​ថា​ គំនិត​ផ្ដួច​ផ្ដើម​នេះ​មាន​សារៈសំខាន់​ដើម្បី​ជំរុញ​​ស្ត្រី​ក្នុង​វិស័យ​នយោបាយ ដែល​ជា​ការ​វិនិយោគ​ដ៏​សំខាន់​សម្រាប់​អនាគត​ប្រទេស​កម្ពុជា។

លោកស្រីថា៖ «នេះ​គឺ​មិន​ត្រឹម​តែ​ជា​ព្រឹត្តិការណ៍​មួយ​ទេ វា​គឺ​ជា​បទ​ពិសោធន៍​នៃ​ការ​សិក្សា​ស៊ីជម្រៅ​មួយ​​។ នៅ​ទី​នេះ​យើង​មាន​យុវជន​ប្រមាណ​៨០​នាក់​ក្នុង​បន្ទប់​នេះ ក្នុង​នោះ​មាន​៦៥​នាក់​គឺ​ជា​យុវតី​ដែល​មក​ពី​ទូទាំង​ប្រទេស​កម្ពុជា​​ដើម្បី​ចូលរួម​ជាមួយ​អ្នក​ទាំង​អស់​គ្នា​ដែល​ជា​សមាជិក​សភា និង​ថ្នាក់​ដឹក​នេះ​​»


អនុប្រធាន​ទី​២​ រដ្ឋសភា លោក វង សូត បាន​ថ្លែង​ផងដែរ​ថា​ព្រឹត្តិការណ៍​នេះ​គឺ​ជា​លើក​ដំបូង​គេ​ដែល​ពុំ​ធ្លាប់​បាន​រៀប​ចំ​តាំង​ពី​នីតិកាល​ទី​១​រហូត​មក​ដល់​ពេល​នេះ ដោយ​លោក​សង្ឃឹម​ថា​នឹង​មាន​ព្រឹត្តិការណ៍​បែប​នេះ​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​។

លោក​​បាន​បន្ថែម​ថា​៖ «កម្មវិធី​សភា​ត្រាប់​នេះ​ លើស​ពី​ការ​ធ្វើ​ត្រាម​សម័យ​ប្រជុំ​សភា​ទៅ​ទៀត។ កម្មវិធី​នេះ​ គឺ​ជា​ស្ពាន​ដ៏​មាន​អត្ថន័យ​ រវាង​អ្នក​ដឹក​នាំ​ជំនាន់​បច្ចុប្បន្ន​ និង​អ្នក​ដឹក​នាំ​នា​ពេល​អនាគត​ ដែល​នឹង​ក្លាយ​ជា​អ្នក​រៀបចំ​គោលនយោបាយ​ និង​អភិបាល​កិច្ច​របស់​ប្រទេស​ជាតិ​យើង​»


កម្មវិធី​សភា​ត្រាប់​នេះ​នឹង​រៀបចំ​ឡើង​រយៈពេល​១​ថ្ងៃ​កន្លះ​នៅ​វិមាន​រដ្ឋសភា​កម្ពុជា ដោយ​មាន​កម្មវិធី​អម​ជា​ច្រើន​ដើម្បី​ណែ​នាំ​ឱ្យ​យុវជន​បាន​ស្គាល់​ពី​ដំណើរ​ការ​សភា បទ​បញ្ជា​ផ្ទៃក្នុង​ បែប​បទ​រដ្ឋបាល រចនាសម្ព័ន្ធ​សភា ទស្សនកិច្ច​សាលពិព័ណ៌​ សាល​ប្រជុំ​ពេញ​អង្គ​សភា ស្វែងយល់​ពី​ដំណើរ​ការ​កសាង​ច្បាប់ និង​ដើរ​តួរ​ជា​សមាជិក​សភា តំណាង​រាជរដ្ឋាភិបាល ដើម្បី​ពិភាក្សា​និង​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់​ផង​ដែរ​។

​យុវជន​មក​ពី​ខេត្ត​ព្រះសីហនុ​លោក ផេង វណ្ណរិន អាយុ២៣​ឆ្នាំ​សិក្សា​ផ្នែក​ឆ្នៃ​ម៉ូត​នៅ​សាលា​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​បាន​ចូល​រួម​កម្មវិធី​នេះ​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា​កម្មវិធី​សភាត្រាប់​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ណែ​នាំ និង​បង្ហាញ​ពី​ការ​ងារ​របស់​ស្ថាប័ន​សភា​ដល់​យុវជន​។ លោក​ថា​នេះ​ជា​លើក​ទី​មួយ​ដែល​បាន​មក​ឃើញ​និង​ស្គាល់​ផ្ទាល់​ក្នុង​ស្ថាប័ន​ដ៏​សំខាន់​របស់​ជាតិ​មួយ​នេះ​។


លោក​សង្ឃឹម​ថា​នា​ពេល​អនាគត​យុវជន​កម្ពុជា​នឹង​ទទួល​បាន​ឱកាស​កាន់​តែ​ទូលំទូលាយ​ដើម្បី​ចូល​រួម​ជីវភាព​ជា​អ្នក​តំណាង​រាស្ត្រ។ ​

លោក​ថា៖ «ប្រសិន​បើក​ឱកាស​ទូលំទូលាយ​ ហើយ​យុវជន​ដែល​ពួកគាត់​មាន​សមត្ថភាព​គាត់​អាច​បង្ហាញ​ខ្លួន​ពួកគាត់​ទៅកាន់​ផ្នែក​មួយ​នៃ​សង្គម​ខ្ញុំ​ជឿ​ថា​ឱកាស​នោះ​គួរ​តែ​ឱ្យ​ពួកគាត់​ក្នុង​ការ​ដែល​ក្លាយ​ខ្លួន​ជា​យុវជន​ថ្មី​ ជា​ផ្នែក​មួយ​នៃ​អ្នក​ជំនាន់​ក្រោយ​ដែល​អាច​ផ្សព្វផ្សាយ​នឹង​ពាំ​នាំ​សំឡេង​ពួកគាត់​ឱ្យ​កាន់​តែ​ទូលំទូលាយ​ជាង​នេះ​»

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា កម្មវិធី​សភាត្រាប់​នេះ​ត្រូវ​បាន​ធ្វើ​បន្ត​ពី​គម្រោង​ ក្មេង​ស្រី​ឆ្ពោះ​ទៅ​កាន់​ភាព​ជា​អ្នក​ដឹកនាំ #Girls2leader ដែល​សភា​កម្ពុជា​បាន​ចុះ​មូលដ្ឋាន​ជួប​ជា​មួយ​ក្មេង​ស្រី​ចែក​រំលែក​បទ​ពិសោធន៍​របស់​សមាជិកា​រដ្ឋសភា សមាជិកា​ក្រុម​ប្រឹក្សា​មូលដ្ឋាន ក៏ដូចជា​ថ្នាក់​ដឹក​នាំ​ស្ត្រី​ផ្សេង​ទៀត​ ដើម្បី​បណ្ដុះ​ក្ដីសុបិន្ត ឈោង​ចាប់​អាជីព​នយោបាយ​៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម