Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស ចាប់ផ្តើមប្រកួតប្រជែងរចនានិមិត្តសញ្ញាអាស៊ាន សម្រាប់ឆ្នាំ២០២២

បានផុស

នៅ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចាប់ផ្តើមប្រកួតប្រជែងរចនានិមិត្តសញ្ញា (Logo) អាស៊ានហើយ ខណៈដែលកម្ពុជានឹងធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខ ហើយបេក្ខជនដែលទទួលជ័យលាភីនឹងទទួលបានរង្វាន់ចំនួន៤លានរៀល ចំណែកបេក្ខជន២រូបទៀតដែលជាប់វគ្គជម្រុះនឹងទទួលបានរង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗ១លានរៀល។

សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ដែលទទួលបាននៅថ្ងៃទី០១ ខែឧសភា នេះបានបញ្ជាក់ថា “តាងនាមឱ្យគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមប្រកាសអញ្ជើញបេក្ខជនកម្ពុជាចូលរួមប្រកួតប្រជែងរចនានិមិត្តសញ្ ញា(Logo) អាស៊ាន ឆ្នាំ២០២២។ និមិត្តសញ្ញា ដែលទទួលបានជ័យលាភី នឹងត្រូវយកទៅប្រើប្រាស់លើរាល់ឯកសារ និងក្នុងព្រឹត្តការណ៍នានារបស់អាស៊ាន នៅពេលកម្ពុជាកាន់តួនាទីជាប្រធានអាស៊ាននៅឆ្នាំ២០២២”។

បើតាមក្រសួងការបរទេស ការរចនានិមិត្តសញ្ញានេះ ត្រូវផ្អែកតាមទស្សនទាន និងបំពេញតាមលក្ខខណ្ឌ ដូចមានជូនភ្ជាប់ជាមួយ។ ជាមួយគ្នានោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានផ្តល់ជូននូវគំរូនិមិត្តសញ្ញាប្រធានអាស៊ានមុនៗ ពីឆ្នាំ២០១២-២០២១ សម្រាប់ជាមូលដ្ឋានក្នុងការពិចារណាផងដែរ។ បេក្ខជនជ័យលាភី នឹងទទួលបានរង្វាន់ជាទឹកប្រាក់ចំនួន៤.០០០.០០០រៀល (បួនលានរៀល)  ហើយបេក្ខជន២រូបទៀតដែលជាប់វគ្គជម្រុះ នឹងទទួលបានរង្វាន់លើកទឹកចិត្ត ក្នុងមួយរូបចំនួន ១.០០០.០០០រៀល (មួយលានរៀល)។

បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែង ត្រូវផ្ញើនិមិត្តសញ្ញា ដោយពន្យល់ពីអត្ថន័យ នៃនិមិត្តសញ្ញា (Logo) មកអ៊ីមែល [email protected] ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២១ ដើម្បីគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំ២០២២ ធ្វើការវាយតម្លៃ។

ក្រសួងការបរទេសបានឱ្យដឹងដែរថា ការប្រកួតប្រជែងរចនានិមិត្តសញ្ញា (Logo) អាស៊ាន នេះនឹងអនុញ្ញាតឱ្យកម្ពុជាទទួលបាននូវនិមិត្តសញ្ញាដ៏ល្អ និងស័ក្តិសមបំផុត ដែលជាស្នាដៃជនជាតិខ្មែរ រចនាឡើងដោយឆ្លុះបញ្ចាំងនូវទស្សនវិស័យជឿនលឿនប្រកបដោយថាមវ័ន្ត ហើយឆ្លើយតបទៅនឹងសេចកី្តប្រាថ្នារបស់ប្រជាជនអាស៊ាន ក៏ដូចជាបរិបទបច្ចុប្បន្ន។ ម្យ៉ាងទៀត តាមរយៈការផ្សព្វផ្សាយអំពីការប្រកួត ប្រជែងធ្វើនិមិត្តសញ្ញាអាស៊ានសម្រាប់ឆ្នាំ២០២២ ក៏ជួយទាញការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ ពីសំណាក់ប្រជាជនកម្ពុជាចំពោះព្រឹត្តិការណ៍សំខាន់ៗក្នុងក្របខណ្ឌអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដឹកនាំ ព្រមទាំងសារៈសំខាន់របស់អាស៊ានសម្រាប់ប្រជាជនកម្ពុជា។

ចំពោះអត្ថន័យ និងគោលដៅនៃនិមិត្តសញ្ញា ក្រសួងការបរទេសបញ្ជាក់ថា ការរចនានិមិត្តសញ្ញា ត្រូវផ្តោតលើទស្សនទាន នៃ “កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ ក្នុងន័យនេះ និមិត្តសញ្ញាអាស៊ានឆ្នាំ២០២២  ត្រូវឆ្លុះបញ្ចាំងអំពីអាស៊ាន ដែលមានឆន្ទៈរួម បើកទូលាយ ស្មោះត្រង់ គ្មានការបែងចែក និងរើសអើងគ្នា តម្កល់ផលប្រយោជន៍រួមជាធំ និង “អាស៊ានរួមគ្នាធ្វើ” ក្នុងស្មារតីជាគ្រួសារតែមួយ ដើម្បីជំនះរាល់បញ្ហាប្រឈមធំៗ សំដៅបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន ដែលប្រជាជនទាំងអស់រួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុម ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព ជាពិសេសនៅក្នុងបរិបទ នៃការស្តារសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាត នៃជំងឺកូវីដ-១៩ ហានិភ័យបណ្តាលមកពីភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាច ជម្លោះដែនដី សង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា ព្រមទាំងបញ្ហាមិនប្រពៃណីផ្សេងទៀតជាដើម។

ចំពោះលក្ខណៈសម្បតិ្តរបស់បេក្ខជនចូលរួមប្រកួត គឺជាជនជាតិខ្មែរ ដែលមានអាយុចន្លោះ១៨ឆ្នាំ ដល់៤០ឆ្នាំ អាចចូលរួមការប្រកួតប្រជែងជាបុគ្គល ឬជាក្រុម ហើយលក្ខណៈនិមិត្តសញ្ញាសម្រាប់ដាក់ចូលរួមប្រកួត បេក្ខជនម្នាក់អាចដាក់និមិត្តសញ្ញាយ៉ាងច្រើនបំផុត គឺត្រឹមពីរប៉ុណ្ណោះ ហើយត្រូវពន្យល់អត្ថន័យ នៃនិមិត្តសញ្ញាដោយសង្ខេប  រួមទាំងន័យបង្កប់ នៃក្បូរក្បាច់ ពណ៌ ទម្រង់អក្សរ ដែលបានប្រើជាដើម។

ត្រូវផ្តល់ទម្រង់ (Format) សមស្របសម្រាប់ការប្រើប្រាស់និមិត្តសញ្ញា នៅលើមធ្យោបាយផ្សព្វផ្សាយនានា ដោយពិចារណាលើរូបភាពស័ក្តិសម នៃនិមិត្តសញ្ញានៅលើឧបករណ៍ ដែលមានជាអាទិ៍ ប៊ិច នាមប័ណ្ណ ក្រដាស លិខិត ស្រោមសំបុត្រ វត្ថុអនុស្សាវរីយ៍ដូចជាអាវ មួក ឆ័ត្រ ជាដើម។

បេក្ខជនត្រូវផ្ញើបេក្ខភាពនិមិត្តសញ្ញា ដើម្បីចូលរួមប្រកួតយូរបំផុតត្រឹម ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ហើយគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នឹងជ្រើសរើសនិមិត្តសញ្ញាចំនួន៣ ក្នុងចំណោមបេក្ខភាពនិមិត្តសញ្ញាទាំងអស់។ ក្នុងករណីមានមតិយោបល់បន្ថែមលើនិមិត្តសញ្ញា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងស្នើម្ចាស់និមិត្តសញ្ញាទាំង៣ ធ្វើការកែសម្រួល រួចត្រូវផ្ញើនិមិត្តសញ្ញា ដែលបានកែសម្រួលហើយ ត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងប្រកាសលទ្ធផលជ័យលាភី និងធ្វើការកែសម្រួលនិមិត្តសញ្ញាជ័យលាភី ស្របតាមយោបល់ និងមតិណែនាំរបស់គណៈកម្មការរៀបចំកិច្ច ប្រជុំកំពូលអាស៊ាន។

លក្ខខណ្ឌវាយតម្លៃ នឹងឆ្លុះបញ្ចាំងពីទស្សនទានគោលនៃភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ បង្ហាញពីអត្តសញ្ញាណ និងស្មារតីជាតិខ្មែរលើឆាកអន្តរជាតិ ភាពជាលំនាំដើម (Originality) និងការច្នៃប្រឌិត ស្អាតតាមគោលការណ៍សិល្បៈ និងសក្តិសមក្នុងការប្រើប្រាស់ក្នុងទម្រង់បោះពុម្ពនានា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម