ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ សៅ សុខា ផ្តាំមេបញ្ជាការអាវុធហត្ថមណ្ឌលគិរីថ្មី បង្កើនការបង្ក្រាបបទល្មើសឆបោកអនឡាញឱ្យមានប្រសិទ្ធភាព
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្តាំផ្ញើដល់លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីថ្មី ឱ្យបង្កើនការត្រួតពិនិត្យ និងគ្រប់គ្រងកងកម្លាំងជាប្រចាំដើម្បីធានាថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងមិនមានការថ្លោះធ្លោយ។

ការផ្តាំផ្ញើនេះ ធ្វើឡើងក្នុងពិធីប្រកាសតែងតាំង និងប្រគល់ត្រាភារកិច្ចជូនមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីថ្មី នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា អតីតមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដែលត្រូវបានបញ្ចប់មុខតំណែងនាពេលថ្មីៗនេះ។
នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា មេបញ្ជាការថ្មីត្រូវយកចិត្តទុកដាក់ខ្ពស់លើការដឹកនាំ និងត្រួតពិនិត្យកងកម្លាំងក្រោមឱវាទ ដើម្បីធានាឱ្យរាល់ប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើសនានា ប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្នុងនោះ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងស្ថិតក្នុងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ត្រូវតែបង្ក្រាបឱ្យមានប្រសិទ្ធភាព និងម៉ឺងម៉ាត់។

លោកក៏បានណែនាំឱ្យមេបញ្ជាការថ្មី បន្តសហការឱ្យបានជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឱ្យទទួលបានលទ្ធផលល្អប្រសើរ។
ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា បានប្តេជ្ញាចិត្តអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អបំផុត ស្របតាមគោលការណ៍ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក៏ដូចជាអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ លោកបានបញ្ជាក់ថា នឹងបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងអង្គភាព កសាងសមត្ថភាពកងកម្លាំង និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ស្ថាប័នអនុវត្តច្បាប់ និងប្រជាពលរដ្ឋ ដើម្បីបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសឆ្លងដែនផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

ការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស ដើម្បីទប់ស្កាត់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និងការពារសន្តិសុខសង្គម៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


