Connect with us

ព័ត៌មានជាតិ

តើ​រាជរដ្ឋាភិបាល​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ជួយ​ប្រជាពលរដ្ឋ ដែល​ប្រឈម​នឹង​ការលំបាក​ក្នុង​តំបន់​បិទ​ខ្ទប់?

បានផុស

នៅ

នៅ​រសៀល​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១​នេះ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ចេញ​ផ្សាយ​នូវ​វីដេអូ​ថ្មី​មួយទៀត មាន​រយៈពេល​ជាង​១៣​នាទី ក្រោម​ចំណងជើង​ថា តើ​រាជរដ្ឋាភិបាល​បានធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​នឹង​ការលំបាក​ក្នុង​តំបន់​បិទ​ខ្ទប់ ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹមសារ​វីដេអូ បាន​បង្ហាញថា បើ​ទោះបី​ជា​នៅក្នុង​តំបន់​បិទ​ខ្ទប់ រាល់​ការធ្វើដំណើរ រាល់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម និង​សកម្មភាព​នៃ​ការជួបជុំ​នានា ត្រូវបាន​ហាមឃាត់​ក៏ពិតមែន ក៏ប៉ុន្តែ​វិធានការ​ទាំងអស់​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល និង​រដ្ឋបាល​មូលដ្ឋាន​នីមួយៗ ដែល​បាន​ដាក់ចេញ គឺធ្វើឡើង​ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ពី​ការ​យាយី​នៃ​ជំងឺ​កូ​វីដ​-១៩ តែប៉ុណ្ណោះ​។ ទន្ទឹម​នឹង​នោះ រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន ដុតដៃដុតជើង​ខ្លាំងណាស់​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​។

ជាក់ស្តែង សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល បាន​ដឹកនាំ បញ្ជា ចាត់ចែង​ដោយផ្ទាល់​ដើម្បី​គ្រប់គ្រង​សភាពការណ៍​គ្រប់​កាលៈទេសៈ ទាំងយប់​ទាំង​ថ្ងៃ និង​បាន​ប្រឹងប្រែង​ដោះស្រាយ​គ្រប់​បញ្ហា​ដែល​ប្រជា​ពល រដ្ឋ​ជួបប្រទះ​ដោយ​មិនដែល​គិត​ពី​ការ​នឿយ ហត់​ឡើយ ហើយ​ស្ថិតក្នុង​ដំណាក់​កាលដែល​ប្រទេសជាតិ​ជួប​លំបាក​បែបនេះ ការ​ជួយ សង្គ្រោះ​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺជា​កិច្ចការ​សំខាន់បំផុត​ចំពោះមុខ​សម្រាប់​ក្រុមគ្រូពេទ្យ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

ទន្ទឹម​នឹង​នោះ ពួកគេ​ក៏​ត្រូវ​គិតគូរ​ជាប្រចាំ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​ដោះ ស្រាយ​រាល់​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ ដូចដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស ថា “​នឹងមិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ រងគ្រោះ ដោយ​ដាច់បាយ​ស្លាប់​នោះឡើយ​”​។ វីដេអូ ក៏បាន​ឱ្យដឹង​ផងដែរ​ថា គិត​មកដល់​ថ្ងៃទី​៣០ ខេ​មេសា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​បញ្ជាក់​អំពី​យន្ត​ការ​នៃ​ការទទួល និង​ការបែងចែក​អំណោយ និង​ជំនួយ​សង្គ្រោះបន្ទាន់​ផ្សេងៗ គឺ​ត្រូវ​បានរៀបចំ​ចាត់ចែង បែងចែក​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ទាំង​១៤ សរុប​បាន​ចំនួន ១៨៤,៤០៦​គ្រួសារ ដោយ​មិន​ខ្លាច​នឿយ ហត់ ដោយ​មិនមាន​ការរើសអើង និង​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ។ សកម្មភាព​ទាំងនេះ ធ្វើឡើង​ក្នុង​គោលបំណង​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ ស្របគ្នា​នឹង​ការធានា​ឱ្យបាន​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ និង​ដោយ​ផ្តោត​ពិសេស​ទៅលើ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ក្រហម ដែលមាន​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ ១៩​។

ទន្ទឹមនឹង​ការដាក់ចេញ​នូវ​វិធានការ​នានា​សម្រាប់​អនុវត្ត​ក្នុងភូមិ​សាស្ត្រ ដែល​ត្រូវបាន​បិទ​ខ្ទប់ សកម្មភាព​នៃ​ការចុះ​នាំយក​អំណោយ​សង្គ្រោះបន្ទាន់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រឈម​នឹង​ជីវភាព​ខ្វះខាត​នៅក្នុង​តំបន់​បិទ​ខ្ទប់ ត្រូវបានធ្វើ​ឡើងជា​បន្ត​បន្ទាប់​។ អំណោយ​ជា​ស្បៀង​សង្គ្រោះបន្ទាន់​ទាំងនោះ បានមកពី​គ្រប់​មជ្ឈដ្ឋាន ក្រោម​ស្មារតី​ខ្មែរ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក ត្រូវបាន​អាជ្ញាធរ​សហការ​ជាមួយ​កម្លាំង​គ្រប់​ប្រភេទ បន្ត​ដឹកជញ្ជូន​នាំយកទៅ​ចែកជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ ដែលជា​គោលដៅ​អាទិភាព។

គិត​មកដល់​ត្រឹម​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១ សម្រាប់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ទាំង​១៤ បានទទួល​អំណោយ និង​ជំនួយ​សង្គ្រោះបន្ទាន់​ផ្សេងៗ រួមមាន ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី​, អំណោយ​ឧបត្ថម្ភ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ជូន​ប្រជាពលរដ្ឋ​, អំណោយ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, អំណោយ​ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ឧ​ប​ត្ត​ម្ភ​ជូន​ប្រជាពលរដ្ឋ​,​អំណោយ​ជំនួយ​ពី​សប្បុរសជន​នានា​។ ក្រៅពីនោះ​ក៏មាន ការផ្តល់​អង្ករ ដែលជា​ការឆ្លើយតប​ទៅនឹង​សំនូមពរ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គ្រឿងឧបភោគ បរិភោគ​ជា​ផ្សេងៗ​ជាច្រើន​ទៀត និង​បើ​គិត​ជា​កញ្ចប់​សម្ភារៈ ស្បៀងអាហារ​ដែល​បាន​ឧបត្ថម្ភ​ក្នុង​ខណ្ឌ​ទាំង​១៤ ត្រូវបាន​ចែកជូន​ដល់​ប្រជាពលរដ្ឋ​សរុប​មាន​ចំនួន​២២៤.៤០៦​គ្រួសារ​ហើយ​។

​អំណោយ​សង្គ្រោះ​ទាំងអស់នេះ គឺជា​ការគិតគូរ​ជា​ចាំបាច់​បំផុត​ពី​សំណាក់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ក៏ដូចជា​សប្បុរសជន​នានា ដើម្បី​ជួយ​សម្រួល​ជីវភាព​រស់នៅរ​បស់​បង​ប្អូន​ប្រជាពលរដ្ឋ​ក្នុង​គ្រា​លំបាក​នេះ ដោយ​មិន​ទុកឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​គ្មាន​អាហារ​បរិភោគ ហើយ​ដែល​អាជ្ញាធរ​មិនបាន​ដឹង ឬ​មិនបាន​ដោះ ស្រាយ ជួយឧបត្ថម្ភ​នោះឡើយ​។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល​ក៏បាន​បើក​យុទ្ធនា ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក្រហម​ឲ្យ​បាន​គ្រប់គ្នា និង​ឲ្យ​បាន​ឆាប់​បំផុត​ផងដែរ​។ ដូច្នេះ អ្វី​ដែលជា​កត្តា​គន្លឹះ​ដ៏​សំខាន់ និង​ចាំបាច់​មិនអាច​ខ្វះ​បាន​នៅពេលនេះ គឺ​ការចូលរួម​របស់​យើងទាំងអស់គ្នា​ក្នុងការ​កាត់ផ្តាច់​ខ្សែចំលង​នៃ​ជំងឺ​កូ​វីដ ១៩ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​ឆាប់​បាន​រួច​ផុតពី​វិធាន​ការបិទ​ខ្ទប់ និង​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ទាំងស្រុង ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​៕

ដោយ​ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម