Connect with us

ព័ត៌មានជាតិ

ក.ប.ប ខេត្តស្វាយរៀង រកឃើញសារធាតុគីមីក្នុងចំណោមអាហារ២៣គំរូ

បានផុស

នៅ

ខេត្តស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក.ប.ប.ខេត្ត បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានរកឃើញសារធាតុគីមីបូរ៉ាក់លើពពុះសណ្ដែកក្នុងចំណោមអាហារ២៣គំរូ។
ការរកឃើញនេះ ស្ថិតនៅក្នុងការចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងតាមដានតំលៃទំនិញ ជាពិសេសអំពីតម្លៃ ម៉ាស់ អាលកុល និងជែល នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារវាលយន្តខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀងបានឲ្យដឹងថា សកម្មភាពការងារចុះពិនិត្យនេះ មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគបរិភោគ ដោយប្រើប្រាស់នូវឧបករណធ្វើ Test Kits បឋម លើម្ហូបអារហាចំនួន២៣គំរូ ដើម្បីស្វែងរកសារធាតុគីមីដែលច្បាប់ហាមឃាត់ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោក ផេង និល បានបញ្ជាក់ថា៖ ក្រោយពីធ្វើតេស្តបឋមទៅលើគ្រឿងឧបភោគបរិភោគទាំង២៣គំរូនោះ យើងបានរកឃើញសារធាតុគីមី ១គំរូ គឺពពុះសណ្ដែក​ទម្ងន់១គីឡូក្រាមដែលមានសារធាតុគីមីបូរ៉ាក់ ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ យកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ព្រមទាំងបានព្រមានម្ចាស់ហាងត្រួតពិនិត្យ និងឈប់លក់គ្រឿងឧបភោគបរិភោគដែលមានសាធាតុគីមីហាមឃាត់បន្តទៀត​។ 

មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង បានធ្វើការផ្សព្វផ្សាយណែនាំដល់អាជីវករទាំងអស់ មុននឹងទិញ ត្រូវពិនិត្យកាលបរិច្ឆេទឱ្យបានច្បាស់លាស់ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យមុខទំនិញគ្រឿងឧបភោគបរិភោគ នៅផ្សារវាលយន្តនេះ គឺដើម្បីស្វែងរកសារធាតុគីមីក្រែងមានអាជីវករដាក់ក្នុងមុខទំនិញគ្រឿងឧបភោគបរិភោគ នៅតាមស្តង់ដែលអាជីវករលក់ដូរ និងនៅតាមផ្ទះជុំវិញផ្សារក្នុងខេត្តស្វាយរៀង៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម