Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ​ណែនាំ​ដល់​ថៅកែ​រោងចក្រ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​និង​អត្ត​សញ្ញាណ​កម្មករ​និយោ​ជិត​ជាបន្ទាន់​

បានផុស

នៅ

​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ណែនាំ​ដល់​ម្ចាស់​ ឬ​នាយក​រោង​ចក្រ​ផ្នែក​វាយនភណ្ឌ​កាត់ដេរ​ និង​ផលិត​ស្បែក​ជើង ​និង​ផលិតផល​ធ្វើដំណើរ​ និង​កាបូប​ ត្រូវធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​បងប្អូន​កម្ម​ករ​និយោជិត​ដែលមាន​នៅក្នុង​បញ្ជី​បើកប្រាក់​ឈ្នួល​ប្រចាំខែ​មីនា ឆ្នាំ​២០២១​ជាបន្ទាន់​ដើម្បី​ឲ្យ​ក្រសួង​រៀបចំ​ជំនួយ​សង្គម​ជាសាច់ប្រាក់​ជួយ​ដល់​កម្មករនិយោជិត​ឲ្យ​បាន​ទាន់ពេលវេលា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក បណ្ឌិត អ៊ិត សំហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ជូន​ដំណឹងចុះ​ថ្ងៃទី​១២​ ខែឧសភា​នេះ​ ដោយ​ណែនាំ​ដល់​ម្ចាស់​រោងចក្រ​ត្រូវ​ផ្ដល់​បញ្ជី​ឈ្មោះ​កម្មករ​និយោ​ជិត​ និង​ឈ្មោះ​ពេទ្យ ​ឬ​គិលានុបដ្ឋាក​ប្រចាំ​រោងចក្រ​ និង​ស្គេ​នប​ញ្ជី​ឈ្មោះ​ដែល​បោះ​ត្រា​នៅ​គ្រប់​ទំព័រ​ជា​ភី​ឌី​អេ​ហ្វ ​មក​ប្រព័ន្ធគ្រប់គ្រង​របស់​ក្រសួង​ឲ្យ​បាន​មុន​ថ្ងៃទី​២៧​ ខែ​ឧសភា​ឆ្នាំ​២០២១​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ដើម្បី​ធានាបាន​នូវ​ការទទួលខុសត្រូវ ​និង​តម្លាភាព​នៃ​ការធ្វើ​ប​ច្ចុប្បន្ន​ភាព​លេខ​ទូរស័ព្ទ ​និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​នេះ​ ម្ចាស់​ ឬ​នាយ​ករោងចក្រ​ត្រូវ​ចាត់ចែង​ជា​លាយ​លក្ខណ៍អក្សរ​ប្រគល់​ភារកិច្ច​ឲ្យ​ប្រធាន​ក្រុម​ ឬ​ប្រធាន​ផ្នែក​ជូនដំណឹង​ដល់​បងប្អូន​កម្មករនិយោជិត​របស់ខ្លួន​សហការ​ផ្ទៀងផ្ទាត់​លេខ​ទូរ​សព្ទ​ និង​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​របស់ខ្លួន​ឡើងវិញ​។​ បង្រៀន​ប្រតិភូ​បុគ្គលិក ​និង​ប្រធាន​ផ្នែក​ឲ្យ​ជួយ​ប្រាប់​ ឬ​អាន​លេខ​ទូរស័ព្ទ​និង​លេខ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​បងប្អូន​កម្មក​រ​និ​យោ​ជិត​ ដែល​មិនចេះ​អក្សរ​និង​សរសេរ​អក្សរ​ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ​និង​លេខ​ទូរស័ព្ទ​។​

ទន្ទឹមនឹងនេះ​ ត្រូវ​ផ្ញើ​ឈ្មោះ​កម្មករនិយោជិត​ដែលមាន​វិជ្ជមាន​កូ​វីដ​១៩​ដែល​ត្រូវបាន​ព្យាបាល​ជាសះ​ស្បើយ​ដោយមាន​លិខិតបញ្ជាក់​ពី​មន្ទីរពេទ្យ​ ឬ​មជ្ឈមណ្ឌល​ព្យាបាលកូ​វីដ​១៩​មក​ប្រព័ន្ធ​ឃ្លាំមើល​ករណី​កូ​វីដ​១៩​តាម​រោងចក្រ​សហគ្រាស​របស់​ក្រសួង​ការងារ ដែល​នឹងដាក់​ឲ្យ​ដំណើរការ​នៅក្នុង​សប្តាហ៍​ទីមួយ​ នៃ​ខែមិថុនា ​ឆ្នាំ​២០២១ នេះ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ​«​ប្រសិនជា​កម្មករនិយោជិត​ណា​ម្នាក់​ខកខាន​មិន​ទទួលបានជំនួយ​សង្គម​ជា​សាច់ប្រាក់ ​តែ​ការខកខាន​នេះ​ គឺ​បណ្ដាលមកពី​កំហុស​របស់​និ​យោជក​ នោះ​ម្ចាស់​ឬ​នាយក​រោងចក្រ​ត្រូវ​ទទួលខុសត្រូវ​ក្នុងការ​ផ្ដល់ជំនួយ​សង្គម​សាច់ប្រាក់​ជូន​ទៅ​កម្មករនិយោជិត​ដោយ​ខ្លួនឯង​។ ​បន្ថែម​ពីនេះ​ក៏​អាច​ត្រូវ​ទទួលពិន័យ​តាមច្បាប់​ស្តីពីការងារ​និង​ច្បាប់​ជា​ធរមាន​ផ្សេងទៀត​ផងដែរ​»​។​

លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​បងប្អូន​កម្មករនិយោជិត​ត្រូវ​ផ្ដល់​លេខ​ទូរស័ព្ទ​អ្នកណា​អាច​ទំនាក់​ទំនង​បាន​ចំនួន​១​ខ្សែ​ទៅ​អ្នកទទួលខុសត្រូវ​រដ្ឋ​បាល​រោងចក្រ​របស់ខ្លួន​ ដើម្បី​ឲ្យ​អ្នកទទួលបន្ទុក​រដ្ឋបាល​ធ្វើ​បច្ចុប្បន្នភាព​តារាងបញ្ជី​ឈ្មោះ​មក​ក្រសួង​ឲ្យ​បាន​មុនថ្ងៃទី​២៧ ​ខែឧសភា ​ឆ្នាំ​២០២១​និង​ត្រូវ​រក្សា​លេខ​ទូរស័ព្ទ​ដែល​បាន​ផ្ដល់ឱ្យ​រោងចក្រ​ជា​ដាច់​ខាត​រហូតដល់​ពី​ជំងឺ​កូ​វីដ​១៩​ត្រូវបាន​បញ្ចប់​។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ «​ប្រសិនបើ​បងប្អូន​កម្មក​និយោជិតណាម្នាក់​ខកខាន​ ឬ​មិនបាន​ផ្ដល់​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​បច្ចុប្បន្ន​ និង​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ទៅ​ឲ្យ​អ្នកទទួលខុសត្រូវ​រដ្ឋ​បាល​រោងចក្រ​របស់ខ្លួន​តាម​កា​រ​កំណត់ នោះ​បងប្អូន​កម្មករនិយោជិត​នោះ​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​ការខកខាន​មិនទទួលបាន​ជំនួយ​សង្គម​ជា​សាច់ប្រាក់​នេះ​»​។​

គួរ​បញ្ជាក់ថា​ កាលពី​ថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ​២០២១​រដ្ឋាភិបាល​បានដាក់​ឲ្យ​អនុវត្ត​កម្មវិធី​ជំនួ​យ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ទប់​ដើម្បី​ជួយ​គាំទ្រ​គ្រួសារ​ប្រជាពលរដ្ឋដែលមាន​កម្រិតជីវភាព​ទាប​និង​ជួប​ប្រឈម​នឹង​ការលំបាក​ក្រោយ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​ជា​លក្ខណៈ​ទ្រង់ទ្រាយធំ​ និង​ការ​ផ្ដល់​ជំនួយ​សង្គម​ជា​សាច់ប្រាក់​សម្រាប់​គ្រួសារ​ដែលមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​និង​គ្រួសារ​ដែលមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​និងមាន​ការលំបាក​ផ្នែក​ជីវភាព​ក្នុង​ព្រឹត្តិ​ការណ៍​២០​កុម្ភៈ​ ​ក្នុងនោះ​ក៏​មាន​ការផ្តល់​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​ផងដែរ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម