Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម វង សូត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ដល់​ប្អូនៗ ក្មួយៗ កុមារកំព្រា​ខេត្តព្រៃវែង​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និងឯកឧត្តម ជា សុ​មេធី អភិបាលខេត្តព្រៃវែង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ដល់​ប្អូនៗ ក្មួយៗ កុមារកំព្រា នៅក្នុង​ភូមិ អេស អូ អេស (SOS) ខេត្តព្រៃវែង​។

នៅក្នុង​ឱកាស​នោះដែរ ​លោក យ៉ាវ សុធី នាយករងភូមិ​កុមារ SOS ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ភូមិ​កុមារ SOS មាន​ទំហំ​ជាង១​ហិកតា ស្ថិតនៅ​ក្នុងភូមិ០១ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ស​មេ្ត​ច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហា​ផ្ទៃ​។ ភូមិ​កុមារ SOS ព្រៃវែង បានចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ និងបាន​បិទ​បញ្ចប់​ការសាងសង់​នៅ ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២០ ហើយក៏​បានគ្រោង​ដាក់​សម្ភោធ​ឲ្យប្រើ​ប្រាស់​នៅ​ខែ មេសា ឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ការ​សម្ភោធ​នេះ​ត្រូវបាន​ពន្យារ​ពេលមក​ដល់​បច្ចុប្បន្ន​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្តទៀតថា តាមរយៈ​ការទំនាក់ទំនង​ល្អ និង​សហប្រតិបត្តិ​ការណ៍​យ៉ាង​ជិតស្និទ ដោយ​ស្ថិត​ក្រោម​ការចង្អុលបង្ហាញ​ពី​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្តព្រៃវែង ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ទាំង១៣​ស្រុក​/​ក្រុង ក្នុង​ខេត្តព្រៃវែង ដើម្បី​ផ្សព្វផ្សាយ និង​ជ្រើសរើស​កុមារកំព្រា និង​កុមារ​ដែល​មិនមាន​ឳ​ពុក​ម្តាយ​ថែរក្សា ចាប់ពី​ចុងឆ្នាំ​២០១៩ មកទល់នឹង​បច្ចុប្បន្ន ភូមិ​កុមារ SOS ព្រៃវែង បាន​ដំណើការ​ចិញ្ចឹម​បីបាច់​និង​ថែរក្សា​កុមារកំព្រា កុមារ​ដែល​បាត់បង់​ការថែទាំ​ពី​ឪពុកម្តាយ និង​កុមារ​ដែល​ត្រូវបាន​គេបោះបង់​ចោល​ចំនួន២២​នាក់ (​ស្រី​០៩​នាក់​) នៅក្រោម​ការមើល​ថែ​រប​ស់​អ្នក​ម្តាយ០៣​នាក់ អ្នក​មីង ០១​នាក់ និង បុគ្គលិក ០៧​នាក់ កំពុង​បម្រើ​កា​រងារ​។

ដើម្បី​រក្សា​ឲ្យបាន​នូវ​សុវត្ថិភាព និង​ការការពារ​ពី​ជំងឺ​កូ​វិដ​១៩ បុគ្គលិក អ្នក​ម្តាយ ព្រមទាំង​កុមារ​ទាំង​អស់ ត្រូវបាន​បង្ហាត់បង្រៀន និង​ណែនាំ​ឲ្យ​អនុវត្ត​តាម​អនុសាសន៍​នៃ​រាជរដ្ឋាភិបាល ៣​កុំ និង​៣​ការពារ​ជាប្រចាំ​។ កុមារ​ទាំងអស់​មិនត្រូវ​បាន​អនុញ្ញាតឲ្យចេញ​លេង​នៅ​ខាងក្រៅ​ភូមិ និង​មិន​អនុញ្ញាត​​ឲ្យ​សាច់ញាតិ ម្ចាស់ជំនួយ ឬ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលមកក្នុង​ភូមិ​ឡើយ ​ក្នុងកំឡុងពេល​មាន​ជំងឺ​កូ​វិដ​-១៩ រាតត្បាត​នេះ ។ ក្នុងនោះ​អង្គការ​ក៏មាន​ផែនការ​ក្នុង​ឆ្នាំ​បន្ទាប់ ​ធ្វើការ​ជ្រើសរើស​អ្នក​ម្តាយ​បន្ថែម០៥​នាក់ អ្នក​មីង ០៣​នាក់ និង​កុមារ ៤០​នាក់ទៀត ដើម្បី​បើក​ដំណើរការ​ផ្ទះ​គ្រួសារ​ចំនួន ០៥បន្ថែមទៀត​។ ​ចាប់ផ្តើម​ដំណើរការ​កម្មវិធី​ពង្រឹង​គ្រួសារ​ដើម្បី​ឧប្បត្ថម​គាំទ្រ​ដល់​កុមារ​ក្រីក្រ​ក្នុង​សហគមន៍ ចំនួន១៥០​នាក់ និង​កុមារកំព្រា​ចំនួន៥០​នាក់ បន្ថែមទៀត​។

ថ្លែង​នៅក្នុង​ឱកាស​នៃ​ការអញ្ជើញ​ចុះសួរសុខទុក្ខ​នោះ​ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​មានប្រសាសន៍កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិត​ខំ​ប្រឹងប្រែង​ធ្វើ​ការងារ​របស់​អង្គការ ភូមិ​កុមារ អេស អូ អេស (SOS) ខេត្តព្រៃវែង ដែល​បាន​គិតគូរ​យក​ចិត្តទុកដាក់​ជួយ​គាំទ្រ ចិញ្ចឹម​បីបាច់​ថែរក្សា​ដល់​កុមារកំព្រា និង​កុមារ​ដែល​មិនមាន​ឪពុកម្ដាយ​ថែរក្សា​នៅក្នុង​ខេត្តព្រៃវែង​បាន​យ៉ាង​ល្អ​មាន​ទាំង​ផ្ទះស្នាក់នៅ​ស្អាត​ប្រណិត អាហារ​ហូបចុក ។

ឯកឧត្តមរដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​បន្តទៀតថា ភូមិ​កុមារ អេស អូ អេស (SOS) ព្រៃវែង បានផ្តល់​នូវ​ឱកាស​ជាថ្មី​ម្តងទៀត​ដល់​កុមារ​ទាំងអស់ នូវ​ការរស់នៅ​ជា​បរិយាកាស​គ្រួសារ​ដ៏​យូរអង្វែង ដែល​មានអ្នក​ម្តាយ បងប្អូន​ប្រុស​-​ស្រី ផ្ទះ និង​ភូមិប្រកបដោយ​ភាពកក់ក្តៅសប្បាយរីករាយនិង​សុវត្ថិភាព។ កុមារ​ទទួល​បានការ​ទំនុកបម្រុង​យ៉ាង​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ ទាំង​អាហារ​ហូបចុក​ប្រចាំថ្ងៃ សម្លៀកបំពាក់ ការសិក្សាអប់រំ សេវា​ថែទាំ​សុខភាព ជាដើម ដូច​គ្រួសារ​ដើម​ដ៏​ទៃៗ​ទៀត​នៅក្នុង​សហគមន៍​ផងដែរ​។

ឯកឧត្តមរដ្ឋមន្ត្រី ក៏​សូម​ផ្ដាំផ្ញើ​ដល់​ក្មួយៗ ត្រូវខិតខំយកចិត្តទុកដាក់​ក្នុងការ​សិក្សា​រៀនសូត្រ​ដើម្បី​ជា​ចំណេះដឹង ជា​សសរទ្រូង ជា​ស្ពាន ដើម្បី​ចម្លង ខ្លួន​យើង​ឲ្យ​ចៀស​ផុតពី​អវិជ្ជា ពី​ភាពក្រីក្រ ពី​ភាព​លំបាក នៅពេល​អនាគត​។

ឯកឧត្តមសូម​ផ្ដាំផ្ញើ​ដល់​ម៉ែ​ដោះ​អ្នក​មើលថែទាំ​ទាំងអស់ នៅក្នុង​ភូមិកុមារ អេស អូ អេស (SOS) ខេត្ត​ព្រៃវែង​នេះ ត្រូវតែ​បន្តអនុវត្តតាម​សេចក្តីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ក៏ដូចជា​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល នូវវិធានការ ៣ កុំ ៣ ការពារ ដើម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​បង្ការ​ទប់ស្កាត់ នៃ​ការឆ្លង​ជំងឺ covid-19 នៅក្នុង​ភូមិ​កុមារ អេស អូ អេស (SOS) របស់​យើង​នេះ​ផងដែរ​។ ក្នុងនោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ដល់​អ្នក​ថែទាំ​នៅក្នុង​ភូមិ​កុមារ អេស អូ អេស (SOS) នោះ​ផងដែរ​៕​

អត្ថបទ ៖ សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម