សម្តេច​ពិជ័យ​សេនា ទៀ បាញ់​: ការ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ និង​ឧទ្ទិស​កុសល​ជូន​ដល់​ជនរងគ្រោះ​ជាង​៣​លាន​នាក់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់​: ការ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ និង​ឧទ្ទិស​កុសល​ជូន​ដល់​ជនរងគ្រោះ​ជាង​៣​លាន​នាក់​

បានផុស

នៅ

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ប​នា យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ការ​ប្រារព្ធ​ទិវា​ជាតិ នៃ​ការចងចាំ គឺ​ដើម្បី​រំលឹក​វិញ្ញាណក្ខន្ធ និង​ឧទ្ទិស​កុសល​ជូន​ដល់​ជនរងគ្រោះ​ជាង​៣ លាន​នាក់ ដែល​បាន​ស្លាប់​នៅក្នុង​របប​ប្រល័យ ពូជសាសន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ថ្ងៃ​២០ ឧសភា គឺជា «​ទិវា​ជាតិ​នៃ​ការចងចាំ​» ដែល​រំលឹក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩)​។ គោលបំណង​នៃ​ទិវា​ជាតិ​នៃ​ការចងចាំ គឺ​បង្កើតឡើង ដើម្បី រំលឹក គោរព​វិញ្ញាណក្ខន្ធ និង​ធ្វើ​បុណ្យឧទ្ទិសកុសល​ជូន​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ជាង​៣​លាន​នាក់ នៅក្នុង​របប​ដ៏​ឃោរឃៅ​នេះ​”​។​

​សូមបញ្ជាក់ថា ទិវា​ជាតិ​នៃ​ការចងចាំ ឬ​ទិវា​ចងកំហឹង ២០ ឧសភា ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ប្រារព្ធ​ឡើង​នៅតាម​រាជធានី ខេត្ត ផ្សេងៗ ដែលមាន​សារមន្ទីរ​ប្រល័យពូជសាសន៍​។ ចំណែក​នៅ​ភ្ន​ពេញ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើងឯក ស្ថិតនៅក្នុង​ខណ្ឌដង្កោ ជាយ​ទីក្រុង​ភ្នំពេញ ជា​រៀងរាល់ឆ្នាំ​។ ទិវា​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ជាង​៣ លាន​នាក់ ដែល​បាន​ស្លាប់បាត់​បង់ជីវិត នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​មាន​ប្រសា​ស​ន៏​ថា ថ្ងៃទី​២០ ឧសភា គឺជា​ការ​រំលឹក​ឡើងវិញ ដល់​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩)​។ បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលុប បានដឹង និង​បាន​យល់ច្បាស់ អំពី​រឿងរ៉ាវ​សោកនាដកម្ម​ដ៏​ជូរចត់ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ជិត​៣​ទសវត្សរ៍ ក្នុង​ភ្នក់ភ្លើងសង្គ្រាម​និង​ទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀស​ចេញពី​ទីលំនៅ​របស់ខ្លួន​ដោយ​បង្ខំ និង​ការបង្ខំ​ឱ្យធ្វើ​ការ​ដូច​សត្វ​ធាតុ​ជាដើម​។ មិនតែប៉ុណ្ណោះ ប្រជា​ពល រដ្ឋ​កម្ពុជា ត្រូវស្លាប់​ដោយ​គ្មាន​ថ្នាំសង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិសេរីភាព គ្មាន​លទ្ធិប្រជាធិបតេយ្យ ហើយ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត​ដែលជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។​

​ទន្ទឹមនឹង​ការលើកឡើង​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចូលរួម​ថែរក្សា​ការពារ​សន្តិភាព ឱ្យបាន​គង់វង្ស​ជា​រៀងរហូត​។ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​អះអាងថា សន្តិភាព​បាន​ផ្តល់ឱកាស​គ្រប់យ៉ាង ដល់​ប្រជាពលរដ្ឋ ក្នុង​ការកសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​លោក ហ៊ុន ម៉ានី ដាស់តឿនកុំឱ្យជនរួមជាតិដើរជាន់ដានប្រវត្តិសាស្ត្រវិលទៅរកកំហុសដូចអតីតកាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services