Connect with us

ព័ត៌មានជាតិ

ការចែករំលែក​ទុក្ខ​លំបាក​ក្នុង​សហគមន៍​ជួយ​ឱ្យ​លោក អ៊ែ​ល ម៉ាត់ ជាប់​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​កម្មវិធី​ពាន់រង្វាន់​ពលរដ្ឋ​គំរូ Smart

បានផុស

នៅ

​ការ​ជួយ​មនុស្ស​ចាស់ជរា កុមារ​កំព្រា ស្ត្រី​មេ​មា​យ និង​សហគមន៍​មូលដ្ឋាន គឺជា​អំពើ​ល្អ​ដែល​ជួយ​ឱ្យ​លោក អ៊ែ​ល ម៉ាត់ ត្រូវ​បាន​ជ្រើសតាំង​ជា​បេក្ខជន​មួយ​រូប​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​ជ្រើសតាំង​នេះ​ បាន​ផ្តល់​ឱកាស​មួយ ដែល​ជួយ​ឱ្យ​លោក លោក អ៊ែ​ល ម៉ាត់ ដែល​ជា​ថ្នាក់ដឹកនាំ​សាសនា​អ៉ីស្លាម​នៅ​ក្នុង​ភូមិ​អង្គ​របា​នទី​៣ ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម ឆ្លងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ចូលរួម​ជាមួយនឹង​បេក្ខជន និង​បេក្ខនារី ៩​នាក់​ផ្សេងទៀត សម្រាប់​ការទទួល​បាន​ឱកាស​ក្លាយជា​ជយលាភី​ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន ១​ម៉ឺន​ដុល្លារ​។​

​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក ជា​ពេល​ដែល​លោក​បាន​ចូល​ជា​សមាជិក​វិហារ​អ៉ីស្លាម​ក្នុងភូមិ​របស់​លោក លោក​តែង​ចូលចិត្ត​ជួយ​ដល់​ប្រជាពលរដ្ឋ​ជាទូទៅ​តាម​ដែល​លោកអ្នក​ធ្វើទៅបាន​។ ក្នុង​ឆ្នាំ​២០០០ នៅពេលដែល​លោក អ៊ែ​ល ម៉ាត់ ត្រូវ​បានតែងតាំង​ជា​អ៉ី​មាំ​ម៉ា​ស្ជិ​ត លោក​ក៏បាន​ប្រើ​តួនាទី​ថ្មី​របស់លោក ដើម្បី​ជួយ​ដល់​ជនក្រីក្រ​ខ្វះខាត ក្មេង​កំព្រា និង​មនុស្ស​ស្ទើរ​គ្រប់គ្នា​ក្នុង​សហគមន៍​របស់គាត់ ដោយ​ទទួលបាន​ថវិកា​ពី​សមាគម​ប្រភព​ល្អ​កម្ពុជា សមាគម​គ្រូពេទ្យ​អ៉ីស្លាម​កម្ពុជា និង​សប្បុរសជន​នានា​។​

​លោក អ៊ែ​ល ម៉ាត់ បាន​មានប្រសាសន៍ថា “​ខ្ញុំ​ចូលមក​បម្រើការ​នៅក្នុង​ភូមិ​គឺមាន​ចិត្ត​មួយ​អាណិត​ដល់​ស្រី​មេម៉ាយ និង​ក្មេង​កំព្រា ហើយ​ខ្ញុំ​ក៏​ទាក់ទង​ទៅ​សមាគម​ឱ្យគេ​ជួយ​ចិញ្ចឹម ជួយឧបត្ថម្ភ​ផ្សេងៗ​”​។​

​ក្នុងនាម​ជា​ខ្មែរ​អ៉ីស្លាម​ម្នាក់ ការជួយ​ដល់​គេឯង​នេះ​ក៏​ជា​ផ្នែក​សំខាន់​មួយ​ផង​ដែរ​ទាំង​នៅ​ក្នុង​សាសនា និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​គាត់​ផង​ដែរ​។ ទាំងនេះហើយ​ជា​មូលហេតុ​ដែល​លោក កូប ហាសាន់ បាន​ជ្រើសតាំង​លោក អ៊ែ​ល ម៉ាត់ ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០​។​

​លោក កូប ហាសាន់ បាន​ថ្លែងថា “​ខ្ញុំ​ជ្រើស​រើស​យក​គាត់ គឺ​ដោយសារ​គាត់​ធ្វើការ​អត់​ចង់បាន​អ្វី​ទាំងអស់​សូម្បីតែ​ប្រាក់ខែ​ក៏​គ្មាន​ដែរ​។ ខ្ញុំ​ឃើញ​គាត់​ប្រឹងប្រែង​ធ្វើ​មែនទែន ខ្ញុំ​ជា​យុវជន​ខ្ញុំ​ខ្មាស​គាត់​មែនទែន​ព្រោះ​ខ្ញុំ​ធ្វើ​អត់​បាន​ដូច​គាត់​។ មិនមែន​ថា​យើង​ចង់​អំនួត​ប្រាប់​គេ​ថា​យើង​ជាម​នុស្ស​ល្អ ១០០% នោះ​ទេ គ្រាន់តែ​យើង​ចង់​ឲ្យ​អ្នកដទៃ​គេ​ខំប្រឹង​ធ្វើ​ល្អ​ដែរ​”​។​

​លោកយាយ ហ៊ីម ស៊ា​ស់ អាយុ ៧៣​ឆ្នាំ និង​ស្វាមី​របស់​លោកយាយ​ឈ្មោះ ស្មាន ហ៊ីម អាយុ ៧៥ ដែល​ស្ថិតក្នុង​វ័យ​ជរា​មិនអាច​ដើរ​បាន គ្រាន់តែ​ជាម​នុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​នៅក្នុង​សហគមន៍​របស់គាត់​ដែល​លោក អ៊ែ​ល ម៉ាត់ បាន​ជួយ​។ លោកយាយ​បាន​រៀបរាប់ថា លោក អ៊ែ​ល ម៉ាត់ ជួយ​មនុស្ស​ជាច្រើន​នៅ​ភូមិ ដោយ​គាត់​ផ្តោត​អាទិភាព​លើ​អ្នកក្រ កុមារកំព្រា ស្ត្រី​មេម៉ាយ និង​មនុស្ស​ចាស់ជរា ហើយ​លោកយាយ​ទទួលបាន​ជំនួយ​ជា​ស្បៀងអាហារ និង​ថវិកា​ខ្លះ​ពី​គាត់​ផងដែរ​។ លោកយាយ​មានប្រសាសន៍ថា “​គាត់​មិនដែល​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន​របស់គាត់​ទេ​។ គាត់​ជួយ​បងប្អូន​ក្នុងភូមិ​។ និយាយ​រួម​ទៅ​គាត់​ជួយ​ទាំងអស់គ្នា​ក្នុងភូមិ​ហ្នឹង មិនមែន​តែ​ខ្ញុំ​ទេ​។ ឱ្យតែ​គាត់​មើលទៅ​ឃើញថា មាន​អ្នក​ជួប​ការ​លំបាក​អី គាត់​ជួយ​ហើយ ជាពិសេស​កូនកំព្រា​តែម្តង ដែល​ឪពុកម្តាយ​ក្រីក្រ​អ៊ីចឹង​គាត់​ជួយ​ទាំង​ថវិកា ជួយ​ទាំង​កង់​។ គាត់​ទទួលបាន​ជំនួយ​មក គាត់​ចេះតែ​ជួយ​អ៊ីចឹងទៅ ម្តង​គេ​ម្តង​យើង​”​។​

​សម្រាប់​លោក អ៊ែ​ល ម៉ាត់ វិញ គាត់​នឹង​បន្ត​ជួយ​មនុស្ស បើទោះជា​លោក​ទទួលបាន ឬ​មិន​ទទួលបាន​ពានរង្វាន់​នេះ​ក្ដី ព្រោះ​លោក​បាន​ជួយ​មនុស្ស​តាំងពី​ពេល​លោក​នៅ​ក្មេង​មកម្ល៉េះ​។​អ្នករក​ប្រាក់ឧបត្ថម្ភ​ប្រជាជន​ក្នុង​សហគមន៍​ខ្មែរ​អ៉ីស្លាម​រូបនេះ​បាន​ថ្លែងថា “​និយាយ​រួម​ទៅ មិន​ចង់​ថា​មានឈ្មោះ​មានអី​ទេ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​មួយ​ថា​យើង​ជួយ​កសាង​ហ្នឹង​ឱ្យ​អ្នកជំនាន់ក្រោយ​ទៀត​ឱ្យ​ចេះ​ជួយ​ក៏​សាង​គ្នា​បន្តៗ​ទៅទៀត​គោលបំណង​របស់ខ្ញុំ​អ៊ីចឹង​”​។​

​អំពើ​ល្អ​ទាំងនេះហើយ​ដែល​ឆ្លើយតប​ទៅនឹង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ «​ឆ្ពោះទៅមុខ​រួមគ្នា​» របស់​ក្រុមហ៊ុន Smart Axiata ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ កម្មវិធី​នេះ​មានបំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេសជាតិ អ្នកជិតខាង និង​សហគមន៍​របស់ខ្លួន​។​

​ការប្រកាស​ជយលាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១ ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart​។ ដើម្បី​ចូល​មើល​វីដេអូ​អំពី​លោក អ៊ែ​ល ម៉ា​ត សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ​៖ https://fb.watch/5ALdm6JtUo/​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម