Connect with us

ព័ត៌មានជាតិ

ចំនួនអ្នកចាក់វ៉ាក់សាំងទូទាំងប្រទេស អាចនឹងកើនដល់ជិត​៥០ភាគរយដំណាច់ឆ្នាំ២០២១

បានផុស

នៅ

ចំនួន​ប្រជាជនចាក់​វ៉ាក់សាំង​នៅ​ទូ​ទាំង​ប្រទេស​រហូត​ដល់​ដំណាច់​ឆ្នាំ​២០២១​ អាច​នឹង​កើន​ដល់​ប្រមាណ​ក្បែរ​៥០ ភាគរយ​ធៀប​នឹង​ចំនួន​ប្រជា​ពលរដ្ឋ​សរុប​តាម​ផែន​ការ​ចាក់​វ៉ាក់សាំង​១០​លាន​នាក់។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រ​សួង​សុខាភិបាល​បាន​ប្រាប់​កម្ពុជា​ថ្មី នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែ​ឧសភា​នេះ​ថា គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងខិតខំ​ជំរុញ​យុទ្ធនាការចាក់វ៉ាក់សាំង ទៅឱ្យ​ប្រជា​ពល​រដ្ឋ​ឱ្យ​បាន​៤ ទៅ៥​ លាននាក់​ក្នុងឆ្នាំ​២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជំទាវ ថ្លែង​ថា “ខ្ញុំ​អត់​ទាន់​ហាន​វ៉ៃ​តម្លៃ​ថា ៥០ ភាគរយ ឬមិន៥០ភាគរយទេ ដូច​ខ្ញុំ​ជម្រាប​ជូន​ចឹង វា​អាស្រ័យ​ទៅ​លើ​ចំនួន​វ៉ាក់សាំង​ដែល​យើង​ទទួល​បាន ប្រសិនបើ​មិន​មានអ្វី​ដែល​ជា​ការ​ប្រែ​ប្រួល​ទេ​ទៅ​តាម​ផែន​ការ​ដែល​ប្រមុខ​រាជ​រដ្ឋាភិ​បាល​ចង្អុល​បង្ហាញ យើង​នឹង​សង្ឃឹមថា យើង​នឹង​ជំរុញ​ទៅ​ចាក់​ឱ្យ​ប្រជា​ពលរដ្ឋ​ចន្លោះពី​៤ លាន ទៅ​ ៥ លាន​នាក់”។

បើ​តាម​លោក ជំទាវ ឱ វណ្ណឌីន បច្ចុប្បន្ន​ចំនួន​ប្រជាជន​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ក្បែរ​២២ភាគរយ (២១.៩៩%) ​ដែលមានជាង២លាននាក់ (២ ១៩៨ ៥៤៧) ធៀប​នឹង​ចំនួន​ប្រជា​ពលរដ្ឋ​សរុប​​តាម​ផែន​ការ​១០​លាន​នាក់​។

លោកជំទាវ ឱ វណ្ណឌីន ឱ្យ​ដឹងថា នៅ​រាជធានីភ្នំពេញ​ក្រុម​គ្រូពេទ្យ កំពុង​តែ​សម្រុក​ការ​ស្រោច​វ៉ាក់សាំង​ ជូន​ទៅ​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ចំនួន ៨ ខណ្ឌ មកហើយ ដែលជំហានបឋមគឺមានខណ្ឌចំនួន៤ ដែលជាតំបន់ក្រហម ក្រោយ​មក​ទៀត​យើង​ទទួល​បានវ៉ាក់សាំង​ថែម​ទៀត​យើង​បាន​ផ្គត់​ផ្គង់​ទៅ​កងទ័ព​ដើម្បី​ចាក់​នៅ​ពីរ​ខណ្ឌទៀត ខណ្ឌឬស្សីកែវ និងខណ្ឌទួលគោក ដែលបច្ចុប្បន្ន​កំពុង​តែចាក់​នៅខណ្ឌទាំងពីរនេះ។

លោកជំទាវបន្តថា នៅ​ថ្ងៃ​ទី ១៦ ខែ​ឧសភា​កន្លងទៅ យើង​ក៏​ទទួល​បាន​វ៉ាក់សាំង​មួយ​ចំណែក​ទៀត ដូច្នេះយើងក៏បើកយុទ្ធ​នាការ​ជាបន្ត​សម្រាប់​ខណ្ឌ​២ ទៀត គឺខណ្ឌបឹងកេងកង ​និងខណ្ឌសែនសុខ ដែល​ចាប់ផ្តើម​ចាក់​តាំង​ពី​ថ្ងៃ​ទី​១៨ ខែ​ឧ​ភា ឆ្នាំ​២០២១។

លោក ជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា នៅថ្ងៃខាងមុខ នៅ​ពេល​ដែល​មាន​វ៉ាក់សាំង​មក​ដល់​ជា​បន្ត​ទៀត​យើង​នឹង​បើក​យុទ្ធ​នាការ​បន្ត​ទៀត​ទៅ​ដល់​ខណ្ឌ​ដែល​នៅ​សេស​សល់​ ដូច្នេះ​អាស្រ័យ​ទៅ​លើ​ចំនួន​វ៉ាក់សាំង​ដែល​មក​ដល់​ប្រសិន​បើ​វ៉ាក់សាំង​មក​ច្រើន យើង​ក៏​ចាក់​បានច្រើន៕ អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម