សត្វ​ដំរី​អាស៊ី​មួយ​ហ្វូង ត្រូវ​ក្រុម​អភិរក្ស​ថត​បាន ខណៈ​ពួកវា​កំពុង​ស្វែងរក​ចំណី​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សត្វ​ដំរី​អាស៊ី​មួយ​ហ្វូង ត្រូវ​ក្រុម​អភិរក្ស​ថត​បាន ខណៈ​ពួកវា​កំពុង​ស្វែងរក​ចំណី​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​

Published

on

សត្វ​ដំរី​អាស៊ី​មួយ​ហ្វូង​ មាន​ចំនួន​៦​ក្បាល ​ត្រូវបាន​ក្រុម​អភិរក្ស​ថត​បាន ខណៈ​ពួកវា​កំពុងតែ​ស្វែងរក​ចំណី​យ៉ាង​សុខសាន្ត​ក្នុង​ទីជម្រក​ធម្មជាតិ​ នៃ​ដែន​ជម្រកសត្វព្រៃ​ស្រែ​ពក ខេត្ត​មណ្ឌល​គី​រី ដែល​ជា​តំបន់​ការពារ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​មន្ទីរ​បរិស្ថាន។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួងបរិស្ថាន តែ​ដោយសារ​ភាព​វៃឆ្លាត និង​មាន​ញាណ​ដឹង​តាមរយៈ​ក្លិន​ថា មាន​វត្តមាន​មនុស្ស សត្វ​ដំរី​ព្រៃ​ទាំងនេះ បាន​ផ្អើល​ ហើយក៏​​ត្រឡប់​ក្រោយ​ចូល​ទីជម្រក​សុវត្ថិភាព​វិញ​។

​បើ​តាម​ក្រសួងបរិស្ថាន ក្រុម​អ្នកស្រាវជ្រាវ និង​តាមដាន​សត្វព្រៃ អាច​ផ្តិត​យក​នូវ​វីដេអូ​ខ្លី​មួយ​នេះ​បាន ដោយមាន​ការ​ព្យាយាម និង​អត់ធ្មត់​ខ្លាំង ព្រោះ​ត្រូវ​សម្ងំ​លើ​ដើមឈើ​ក្នុង​ការ​ថត ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​។

បន្ថែម​ពី​នោះ សត្វ​ដំរី​អាស៊ី ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​។ នៅ​កម្ពុជា ​សត្វ​ដំរី​អាស៊ី​ កំពុង​ទទួលរង​ការ​គំរាមកំហែង​ដោយ​ការ​បរបាញ់ ការ​ដាក់​អន្ទាក់ ការ​ជួញដូរ​ភ្លុក និង​ស្បែក និង​ការបាត់បង់​ទីជម្រក​។​

​ទាក់ទង​បញ្ហា​នេះ កម្ពុជា​ថ្មី​ នៅ​មិនទាន់​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​នៅ​ឡើយ​ទេ នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​នេះ ប៉ុន្តែ​ លោក នេត្រ ភក្ត្រា ធ្លាប់​បាន​បញ្ជាក់ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​នេះ ដំរី​អាស៊ី​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី​៤០០ ទៅ​៦០០​ក្បាល ​ភាគ​ច្រើន​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាង​កើត​ ក្នុង​ខេត្ត​មណ្ឌលគិរី ដែល​ជា​តំបន់​ជីវចម្រុះ​ដ៏​សំបូរ​បែប ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយ​ផល​ដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក ​ត្រូវបាន​ប៉ាន់​ស្មានថា​មាន​ចំនួន​៧១​ក្បាល​។​

​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ ក្នុង​រយៈពេល​៦០ ទៅ​៧០​ឆ្នាំ​ ចុង​ក្រោយនេះ ចំនួន​ដំរី​អាស៊ី​នៅលើ​ពិភពលោក​បាន​ថយចុះ​ប្រហែលជា​៥០​ភាគរយ។ ចំណែកឯ​ទីជម្រក​របស់​វា​បាន​បាត់​បង់​អស់​ជិត​៩០​ភាគរយ​។ ក្នុងចំណោម​ដំរី​អាស៊ី​សរុប​ប្រមាណ​ពី​ ៣៩ ៤៦៣ ក្បាល ​ទៅ ​៤៧ ៤២៧ ក្បាល ដែល​កំពុង​រស់នៅក្នុង​ព្រៃ​សត្វ​ថ្ងៃ ក្នុងនោះ​ប្រហែល​៧៥​ភាគរយ រស់នៅក្នុង​ប្រទេស​ឥណ្ឌា និង​ស្រីលង្កា​។

ដំរី​អាស៊ី ​ត្រូវបាន​ចាត់ទុកថា ជា​ប្រភេទ​សត្វ​បង្គោល​ដ៏​សំខាន់ ដោយសារ​មាន​សារៈសំខាន់​ផ្នែក​វប្ប​ធម៌ តួនាទី​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី និង​សក្ដានុពល ដែល​អាច​ការពារ​ប្រភេទ​សត្វ​ផ្សេងទៀត​នៅ​ក្នុង​ដែន​ជម្រក​របស់​វា​។​

​ដំរី​អាស៊ី​ កំពុងតែ​ទទួលរង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ដែន​ជម្រក​របស់​វា​លើ​សកលលោក ហើយ​ត្រូវបាន​ចាត់​បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​ការ​អភិរក្ស​ធម្មជាតិ (IUCN)​។ ការ​រេចរឹល​ទីជម្រក​ បាន​ធ្វើ​ឲ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពី​គ្នា និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទ​សត្វ​ដ៏​សំខាន់​នេះ​៕

អត្ថបទ ៖ កោះ​កែវ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services