Connect with us

ព័ត៌មានជាតិ

ការ​ជួយ​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍ ជួយ​ឱ្យ​យុវតី ធី ជូ​លី ជាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart

បានផុស

នៅ

ភ្នំពេញ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២១៖ នៅ​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន ជ័យ មាន​យុវជន​មួយក្រុម​កំពុង​ចូលរួម​ជួយ​អភិវឌ្ឍ​សហគមន៍​របស់​ពួកគេ​តាមរយៈ​ការបង្កើត​ក្លឹប​មួយ​ហៅថា ក្លឹប​ដោះស្រាយ​បញ្ហា​សង្គម (SISC)​។

​បង្កើតឡើង​នៅ​ខែតុលា ឆ្នាំ​២០១៧ ក្លឹប SISC ផ្តល់​ជា​វេទិកា​មួយ​សំរាប់​យុវជន​មកជួប​ជុំគ្នា​ដើម្បី​ពិភាក្សា និង​បង្កើត​គំនិត​ច្នៃប្រឌិត រក​ដំណោះស្រាយ​សម្រាប់​សហគម​ន៍​ដែល​ពួកគេ​ចង់​រស់នៅ​។ ក្រុមយុវជន​នេះ មាន​សមាជិក​៥០​នាក់ ដែល​ភាគច្រើន​ជា​សិស្ស​វិទ្យាល័យ​។ ក្នុងនោះ​មាន​យុវតី​ម្នាក់​ឈ្មោះ ធី ជូ​លី ដែលជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ធុរកិច្ច​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ IPU New Zealand គឺជា​ប្រធាន​ក្រុម និង​ជា​ស្ថាបនិក​ក្លឹប SISC នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កញ្ញា ធី ជូ​លី បាន​ថ្លែងថា “​កាល​ខ្ញុំ​នៅ​រៀន​វិទ្យាល័យ ឱកាស​ក្នុង​ការធ្វើការងារ​ស្ម​គ្រ័​ចិត្ត គឺ​វា​នៅមានកម្រិត ហើយ​ពិបាក​ក្នុងការ​បង្កើត​នូវ​គម្រោង ឬក៏​សកម្មភាព​ណាមួយ​។ ហេតុនេះ​បានជា​ខ្ញុំ និង​មិត្តភក្តិ​របស់ខ្ញុំ បាន​បង្កើត​នូវ​ក្រុមយុវជន​មួយ​”​។

​ក្នុង​រយៈពេល​៣ ឆ្នាំ​ចាប់តាំងពី​ក្លឹប​នេះ​ត្រូវបាន​បង្កើតឡើង និស្សិត​វ័យ ១៧ ឆ្នាំ​រូបនេះ បាន​ផ្តួចផ្តើម​បង្កើត​គម្រោង​ជាច្រើន​ដើម្បី​ជួយ​ដល់​សហគមន៍​។ កញ្ញា ជូ​លី បាន​បន្ថែមថា “​យើង​បានសម្រេច​នូវ​គម្រោង ៧ ដែល​ផ្តោត​សំខាន់​ទៅលើ​ការអប់រំ​។ យើង​បាន​បង្កើត​នូវ​បណ្ណាល័យ​ចល័ត ក៏ដូចជា Book Club ដើម្បី​លើកកម្ពស់​ការអាន​។ យើង​ចុះទៅ​សាលា​នៅ​តំបន់​ដាច់ស្រយាល ដើម្បី​ចែករំលែក​បទពិសោធ ក៏ដូចជា​ផ្តល់​ជា​សម្ភារ​សិក្សា​ដល់​ក្មេងៗ​ផងដែរ​”​។​

​ក្រុម​របស់​នាង​ក៏បាន​រៃអង្គាស​ថវិកា​សម្រាប់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ​ដែល​បាន​កើតមានឡើង​នៅ​ចុងឆ្នាំ​២០២០ ផងដែរ ដែល​ក្នុងនោះ​គ្រួសារ​ដែល​បានទទួល​អំណោយ​ជា​ស្បៀងអាហារ​សរុប​ទាំងអស់ មាន​ចំនួន ៣៧​គ្រួសារ​។

​អំណោយ​មួយ​ភាគ​ធំ​គឺ​បានមកពី​ការបរិច្ចាគ​របស់​សប្បុ​រស​ជន ហើយ​អំណោយ​ផ្សេងទៀត គឺ​បាន​ពី​ការដាក់​លក់​អាវ​ដែល​ច្នៃ​ម៉ូដ​ដោយ​សមាជិក​ក្លឹប​ផ្ទាល់ និង​ការ​រៃអង្គាស​តាម​សាលារៀន​។

​យុវជន នូរ ពិសិដ្ឋ ដែល​បាន​ចូលរួម​ជាមួយ​ក្លឹប​របស់​ជូ​លី​នៅ​ឆ្នាំ ២០១៧ បានឃើញ​នូវ​ទង្វើ​និង​សកម្ម​ភាពល្អ​របស់​នាង​ហើយក៏​បានសម្រេច​ចិត្ត​ជ្រើសតាំង​កញ្ញា ជូ​លី ឱ្យចូល​រួម​ជា​បេ​ក្ខ​នារី​ក្នុង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​ស្មា​ត​។

​ការជ្រើសតាំង​នេះ​បានផ្តល់​ឱកាស​មួយ​ដល់ កញ្ញា ជូ​លី ឱ្យ​ឆ្លងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ចូលរួម​ជាមួយនឹង​បេក្ខជន និង​បេ​ក្ខ​នារី ៩​នាក់​ផ្សេងទៀត សម្រាប់​ការទទួលបាន​ឱកាស​ក្លាយជា​ជ័យលាភី​ជាមួយនឹង​ប្រាក់រង្វាន់​ចំនួន ១​ម៉ឺន​ដុល្លារ​។​

​យុវជន ពិសិដ្ឋ បាន​ថ្លែងថា “​សកម្មភាព​របស់គាត់ (​ជូ​លី​) ទាំងអស់នោះ​វា​បាន​ជះឥទ្ធិពល​វិជ្ជមាន​ច្រើន​ទៅដល់​សហគមន៍​របស់​ខ្ញុំ​រស់នៅ​។ ខ្ញុំ​ជូនពរ ជូ​លី ឱ្យ​គាត់​ទទួលបាន​ពានរង្វាន់​មួយ​នេះ ហើយ​ខ្ញុំ​ស​ង្ឈឹ​ម​ថា​គាត់​នឹង​បន្ត​ជំរុញ​ក៏ដូចជា​លើកទឹកចិត្ត​ដល់​អ្នកដទៃ​ផ្សេងទៀត ចាប់ផ្តើម​ធ្វើ​គំនិត​ទាំងអស់នោះ​ឱ្យក្លាយ​ជាការ​ពិត​”​។​

​កញ្ញា ជូ លី​លី ដែល​ធ្លាប់បាន​អាន​សៀវភៅ​នៅ​បណ្ណាល័យ​ចល័ត​របស់​ក្លឹប SISC បាន​រៀបរាប់ថា កញ្ញា​ចូលចិត្ត​អាន​សៀវភៅ​នៅ​បណ្ណាល័យ​ចល័ត​នេះ​ដោយសារ​សៀវភៅ​មាន​ភាព​សម្បូរបែប​សម្រាប់​អាន ហើយ​ទីតាំង​បណ្តា​ល័យ​ដែល​ដាក់​នៅក្នុង​សួនច្បារ​ក្នុង​ក្រុង​សិរី​ភោ​ភ័យ​នោះ​ក៏មាន​បរិយាកាស​ល្អ​ទៀតផង​។

​កញ្ញា លី​លី ដែលជា​និស្សិត​ឆ្នាំ​ទីមួយ​នៃ​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​នៅ​ក្រុង​សិរីសោភ័ណ បាន​ថ្លែងថា “​បណ្ណាល័យ​ចល័ត​នេះ​គឺជា​កន្លែង​មួយ​ល្អ ជាឃ្លាំង​ផ្ទុក​ចំណេះដឹង​មួយ​ដ៏​ល្អ​សម្រាប់​សិស្សានុសិស្ស​ដែល​គាត់​ទំនេរ​ពី​ការសិក្សា​ទៅ​អាន​នៅ​ទីនោះ​។ ខ្ញុំ​ចូលចិត្ត​សៀវភៅ​លើកទឹកចិត្ត​។ ពេល​អាន​រួច វា​ផ្តល់​ផលប្រយោជន៍​ដល់​ខ្ញុំ​ឱ្យ​ចេះ​លើក ទឹកចិត្ត​ខ្លួនឯង​ក្នុង​ការធ្វើ​អ្វីមួយ​”​។​

​ព្រះអង្គ សុន ឧ​ត្ត​ម ព្រះចៅអធិការ​វត្ត​សមិទ្ធិ​មុនី​សោភ័ណ នៅ​ក្រុង​សរី​សោ​ភ័យ ដែល​បាន​ចូលរួម​បរិច្ចាគ​ជា​ថវិកា​ក្នុងអំឡុងពេល​ចែក​អំណោយ​រួមគ្នា​ជាមួយ​ក្រុម​របស់​កញ្ញា ជូ​លី សម្រាប់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​កាលពី​ចុងឆ្នាំ​២០២០ បាន​មាន​សង្ឃដីកា​រថា​៖ “​ឃើញថា​ពួកគាត់​មានចិត្ត​ល្អ ចេះ​រួបរួមគ្នា​ចុះមក​ជួយសង្គ្រោះ ជួយ​ចែកជា​សម្ភារ​នៅពេលដែល​កំពុង​តែមាន​ការខ្វះខាត ឃើញថា​គួរឱ្យ​កោតសរសើរ​ដល់​ក្រុម​ពួកគាត់​។ ពួកគាត់​នៅ​ក្មេងៗ តែមាន គំនិត​ចង់​ជួយ ចង់​ចូលរួម​ក្នុងសង្គម​របស់​យើង​”​។​

​សម្រាប់​ផែនការ​នៅ​ថ្ងៃ​អនាគត​វិញ កញ្ញា ជូ​លី ថ្លែងថា “​ខ្ញុំ​មាន​គម្រោង​ពង្រីក​និង​ពង្រឹង​ក្លឹប​បន្ថែម ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​ក្នុងការ​ចូលរួម​ជា​ដំណោះស្រាយ​ទៅលើ​បញ្ហា​សង្គម​ផ្សេងៗ ហើយ​និង​បន្ត​ជួយ​ដល់​យុវជន ដែល​បច្ចុប្បន្ន​យើង​មាន​គម្រោង​ថ្មី​មួយ ទាក់ទង​និង​ការលើកកម្ពស់​ការយល់​ដឹង​អំពី​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​យុវជន​នៅក្នុង​សម័យ​កូ​វីដ ១៩ នេះ​”​។

​អំពើ​ល្អ​ទាំងនេះហើយ​ដែល​ឆ្លើយតប ទៅនឹង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។ កម្មវិធី​នេះ​មាន បំណង​ស្វែងរក​ពលរដ្ឋ​កម្ពុជា​ដែល​បានធ្វើ​សកម្ម​ភាពល្អៗ​ក្នុង​ការជួយ​ប្រទេស ជាតិ អ្នកជិតខាង និង​សហគមន៍​របស់ខ្លួន​។ ការប្រកាស​ជ័យលាភី​របស់​កម្មវិធី​ពលរដ្ឋ​គំរូ Smart នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១ ដោយ មានការ​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart​។​

​ដើម្បី​ចូល​មើល​វីដេអូ​អំពី​កញ្ញា ធី ជូ​លី សូម​ចុច​លើ​តំណ​ភ្ជាប់ (Link) នេះ​៖ https://fb.watch/5GcdiOXM6r/

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម