Connect with us

ព័ត៌មានជាតិ

អភិបាល​ខេត្តកំពត ចុះ​សួរ​សុខទុក្ខ​និង​នាំ​អំណោយ​ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ករណី​សង្ស័យ​ពុល​ស្រា​ស្លាប់ និង​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​ស្រុក​កំពង់ត្រាច

បានផុស

នៅ

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ ករណី​ប្រជាពលរដ្ឋ​រងគ្រោះ​ពុល ស្រាស ស្លាប់ និង​មួយចំនួន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឯកឧត្តម ជាវ តា​យ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម ជឹ​ង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អមដំណើរ​ដោយ អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ និង​នាំ​អំណោយ​រួមមាន​អង្ករ ទឹក​សុទ្ធ ភេសជ្ជៈ និង​ថវិកា ដើម្បី​ឧបត្ថម្ភ​ដល់​អ្នករងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច និង​គ្រួសារ​សព​ជនរងគ្រោះ​នៅក្នុង​ភូមិ​ធ្នង់ ឃុំ​ឫស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច​ខេត្តកំពត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បាន ពាំ​នាំ​នូវ​ការសួរសុខទុក្ខ​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ការចូលរួម​រំលែក​ទុក្ខសោក​ស្ដាយ ចំពោះ​ការ​បាត់​បង់ជីវិត ជនរងគ្រោះ ជាមួយ​គ្រួសារ​សព ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួម​និង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត មាន ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន ប្រធាន​គណៈកម្មការ​ទី​១០ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្តកំពត ជានិច្ចកាល​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​និង​ថ្នាក់ដឹកនាំ​ដទៃទៀត តែងតែ​ជួយ​រំលែក​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ដោយ​មិន​រើសអើង គ្រប់​កាលៈទេសៈ​។

​ជា​មួយ​គ្នា​នេះ ក្នុងនាម​រដ្ឋបាល​ខេត្ត និង​ក្នុងនាម​សាខា​កាកបាទក្រហម​ខេត្ត ឯកឧត្តម ជាវ តា​យ ក៏បាន​ចូលរួម​រំលែក​ទុក្ខ​និង​សោក​ស្តាយ​ជាមួយ​គ្រួសារ​សព ចំពោះ​នៃ​ការបាត់​បង់ជីវិត ប្ដី​ឬ​ប្រពន្ធ ឪពុកម្ដាយ កូនចៅ និង​សាច់ញាតិ​ទាំងអស់​។ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន សំណូមពរ​ផ្ដាំផ្ញើ ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​បញ្ឈប់ ឬ​កាត់បន្ថយ​ការ​ពិសារ​ស្រា និង​ការផលិត​ស្រា ដែល​មិនមាន​ប្រភព និង​ច្បាប់​អនុញ្ញាត​ទទួលស្គាល់​ពី​សមត្ថកិច្ច​ជំនាញ​ច្បាស់លាស់ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​បញ្ហា​កើតឡើង​ដោយ​ភាព​អកុសល​ដូច​ក្នុងករណី​ពេលនេះ​។

ទន្ទឹមនឹងនោះ សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​អនុវត្ត​អនាម័យ​ឱ្យបាន​ល្អ ពិសេស​វិធានការ ៣​កុំ ៣​ការពារ តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ក្រសួងសុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។

​ចំពោះ​អំណោយ​ដែល​ផ្ដល់ជូន​ដោយ​ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន សម្រាប់​អ្នកជំងឺ ៤៧​នាក់ ក្នុង​ម្នាក់ ១០​ម៉ឺន​រៀល និង​គ្រួសារ​សព​ចំនួន ១០​គ្រួសារ​ទៀត ក្នុង​មួយ​គ្រួសារ​៥០​ម៉ឺន​រៀល សរុប​ថវិកា​អស់​ចំនួន​៩​លាន ៧០​ម៉ឺន​រៀល និង​ក្នុងនោះដែរ​ឯកឧត្តម​ជាវ តា​យ ក៏បាន​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​សព​ទាំង​១០ គ្រួសារ​បន្ថែមទៀត ដោយ​ក្នុង​មួយ​គ្រួសារ​២០​ម៉ឺន​រៀល សរុប​ថវិកា​ចំនួន ២​លាន​រៀល​។ ដោយឡែក​អំណោយ​មនុស្ស​ធម៌​កាកបាទក្រហមកម្ពុជា​ក៏បាន​ជូន​គ្រួសារ​សព​ទាំង​១០​គ្រួសារ ក្នុង​មួយ​គ្រួសារ មាន​អង្ករ​ចំនួន​៥០​គីឡូក្រាម ទឹកក្រូច​២​កេះ​ទឹក​សុទ្ធ​២​កេះ។

​សូម​បញ្ជាក់​ថា ករណី​ប្រជាពលរដ្ឋ​ពុល​ស្រា​.​ស ខាងលើ​នេះ​បានកើត​ឡើង​នៅ​ភូមិ​ធ្នង់ ឃុំ​ឫស្សី​ស្រុក​ខាងកើត និង​ភូមិ​កោះ​តា​ចាន់​ក្នុង​ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ដោយ​បាន​ចាប់​ផ្ដើម​ឡើង​តាំងពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១​។ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​សរុប​ចំនួន​៤៧ នាក់ ហើយ​បច្ចុប្បន្ន​បាន​ស្លាប់​សរុប​ចំនួន​១០​នាក់ ស្រី​៣​នាក់ នឹងមាន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​២៦​នាក់ ព្រមទាំង​មួយចំនួនទៀត​បាន​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​ហើយ​ដែរ​៕

ដោយ ៖ សេង ណា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម