Connect with us

ព័ត៌មានជាតិ

លោកគ្រូ​នាយក​សាលា​ចូលនិវត្តន៍ ឡុ​ញ នាង ទទួលបាន​ជយលាភី​ពី​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០

បានផុស

នៅ

ជយលាភី​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០ គឺជា​លោកគ្រូ​នាយក​សាលា​ចូលនិវត្តន៍​វ័យ ៦០​ឆ្នាំ ឡុ​ញ នាង ដែល​រៃអង្គាសប្រាក់​ដើម្បី​ជួយ​កុមារ​ក្រីក្រ និង​កុមារកំព្រា ដើម្បី​ឱ្យ​ពួកគេ​ទទួលបាន​ឱកាស​បន្ដ​ការសិក្សា​។​

​លោកគ្រូ ឡុ​ញ នាង ដែល​បាន​ត្រូវបាន​ជ្រើសរើស​ដោយ​គណៈ​កម្ម​ការដែល​មាន​សមា​សភាព ៣​រូប ក៏​រៃអង្គាសប្រាក់​ជួយ​សហគមន៍​របស់គាត់​ផងដែរ​ នៅ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល​។ លោកគ្រូ​ត្រូវ​បាន​ជ្រើសតាំង​ជា​ជយលាភី​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០ ដែល​ត្រូវបាន​ជ្រើសរើស​ក្នុងចំណោម​បេក្ខជន​និង​បេក្ខនារី​វគ្គ​ផ្ដាច់ព្រ័ត្រ​ចំនួន​១០​នាក់​។ លោកគ្រូ​នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន ១០.០០០​ដុល្លារ ព្រមទាំង​ពានរង្វាន់​មួយ​ផងដែរ​។​

​ថ្លែង​ក្នុងពេល​ទទួល​ពានរង្វាន់​របស់លោក លោកគ្រូ ឡុ​ញ នាង បាន​មានប្រសាសន៍ថា “​ខ្ញុំបាទ​មានចិត្ត​រំភើប​រីករាយ​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំបាន​ទេ គឺថា​ខ្ញុំ​រំភើប​ណាស់​មិនមែន​រំភើប​ថា​នឹង​ទទួល​បានជា​ពានរង្វាន់​ឬ​ជា​ប្រាក់​អី​ទេ ប៉ុន្តែ​វា​ជា​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ខិតខំ​រយៈពេល​ជីវិត​ជា​គ្រូបង្រៀន ៤០​ឆ្នាំ​មកនេះ​ត្រូវបាន​ទទួលស្គាល់​។ អ្វីដែល​ខ្ញុំ​ទទួលបាន​លទ្ធផល​ថ្ងៃនេះ អ្វីដែល​ជោគជ័យ​ក្នុងការ​ជួយឧបត្ថម្ភ​សិស្ស​ក្រីក្រ​នេះ គឺមាន​ការសហការ​ជាច្រើន​ជាមួយ​សហការី លោកគ្រូ​អ្នកគ្រូ អាជ្ញាធរ​មូលដ្ឋាន សប្បុរសជន សហគមន៍ រួមទាំង​ព្រះសង្ឃ​ផងដែរ ដោយបាន​ចូលរួម​ខិតខំ​កៀរគរ​ស្វែងរក​ថវិកា​ឧបត្ថម្ភ​ដោយ​ផ្តោតអារម្មណ៍​ខ្លាំង​ទៅលើ​សិស្ស​ក្រីក្រ ព្រោះថា​សិស្ស​ក្រីក្រ​នេះ ​គឺជា​មុខសញ្ញា​មួយ​ដែល​ងាយ​រងគ្រោះ​ក្នុង​ការបោះបង់​ការសិក្សា​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កម្មវិធី​ពលរដ្ឋ​គំរូ Smart ដែល​បាន​ជ្រើសរើស​ខ្ញុំ​ជា​ជយលាភី​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មុនពេល​ប្រកាស​ក្លាយជា​អ្នកឈ្នះ លោកគ្រូ ឡុ​ញ នាង បាន​ថ្លែងថា លោក​នឹង​ប្រើប្រាស់​ប្រាក់រង្វាន់​នេះ ​ដើម្បី​ជួយ​ដល់​សហគមន៍​របស់​លោក​។ លោក​បាន​បន្ថែម​ថា លោក​ក៏​នឹង​ជួយ​គ្រូបង្រៀន​ក្រីក្រ និង​សិស្ស​ក្រីក្រ​ផង​ដែរ​។ កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​របស់​ក្រុមហ៊ុន Smart Axiata គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន ដែលមាន​គោលបំណង​លើកស្ទួយ​សាមគ្គីភាព​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​នៅ​ទូទាំងប្រទេស​។ យុទ្ធនាការ​នេះ​ក៏មាន​វីដេអូ​ដ៏​គួរ​ឲ្យ​រំជួលចិត្ត​មួយ និង​បទ​ចម្រៀង​មួយ​ផងដែរ ដែល​ត្រូវបាន​បង្កើតឡើង​យ៉ាង​ពិសេស ដោយមាន​ការចូលរួម​របស់​អ្នក​ចម្រៀង​លើ Pleng by Smart App សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ផ្សេងៗ​ទៀត និង​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart នេះ​។​

​នៅក្នុង​សុន្ទរកថា បើក​កម្មវិធី​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ស្វែងរក​ជយលាភី​នៃ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart នេះ លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ “​បើទោះជា​យើង​ដឹង​ហើយ​ថា នឹងមាន​អ្នកឈ្នះ​តែ​ម្នាក់​ក្តី​នៅពេល​យើង​ចាប់ផ្តើម​កម្មវិធី​នេះ​នៅ​ខែធ្នូ ឆ្នាំមុន អ្វីដែល​យើង​បាន​រកឃើញ​នៅក្នុងពេល​ដំណើរការ​កម្មវិធី​នេះ​គឺថា មាន​ពលរដ្ឋ​កម្ពុជា​ជាច្រើន​ដែល​កំពុង​ធ្វើអំពើ​ល្អ និង​សកម្ម​ភាពល្អ ដើម្បី​ជួយ​ដល់​អ្នក​ដែល​ត្រូវការ​ជំនួយ​នៅក្នុង​សង្គម ហើយ​នេះ​គឺជា​អ្វីដែល​កម្មវិធី​នេះ​ចង់បាន ដោយ​ទទួលស្គាល់​អ្នក​ដែល​លះបង់​ជួយ​យកអាសា​អ្នកដទៃ ជាពិសេស​ក្នុងអំឡុងពេល​ដ៏​លំបាក​បែបនេះ​”​។​

​គណៈកម្មការ​របស់​ក​ម្ម​វិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ឆ្នាំ​២០២០ គឺ​អ្នកគ្រូ នាង ផល្លា ដែលជា​អតីត​បេក្ខភាព​មួយរូប​ក្នុងចំណោម​បេក្ខភាព​ទាំង​១០ រូប​នៃ​ពានរង្វាន់​គ្រូបង្រៀន​ពិភពលោក និង​ជា​គ្រូបង្រៀន​សិស្ស​ពិការភ្នែក​ដំបូង​គេ លោក ពុ​យ គា អ្នកសារព័ត៌មាន​ជើងចាស់​មួយរូប​នៅ​កម្ពុជា និង​ជា​អ្នកឆ្លើយឆ្លង​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ​របស់​ជប៉ុន និង​លោកស្រី តេង សុផាន់​ណា ជា​ប្រធាន​ផ្នែក​ធនធានមនុស្ស​របស់​ក្រុមហ៊ុន Smart Axiata​។​

​លោក ពុ​យ គា តំណាង​គណៈកម្មការ​ទាំ​ង​បី​រូប​បាន​មានប្រសាសន៍ថា “​ពានរង្វាន់​ពលរដ្ឋ​គំរូ​នេះ​នឹង​ជះឥទ្ធិពល​ធំ​ណាស់​ដល់​សង្គម​ទាំងមូល​ តាមរយៈ​ការរួមចំណែក​ពី​បុគ្គល​ម្នាក់ៗ​ដែល​អាច​ធ្វើបាន ទោះបីជា​ជីវភាព​ខ្លួនឯង​ជួប​ការលំបាក​ក៏ដោយ ក៏​នៅតែ​អាចធ្វើ​អំពើ​ល្អជា​គំរូ​ដល់​អ្នកដទៃ ហើយ​គំរូ​បែបនេះ​នឹង​អង្រួន​ទឹកចិត្ត​យុវជន​និង​អ្នក​ ដែលមាន​លទ្ធភាព​និង​ធនធាន​ឲ្យ​ចូលរួម​ជួយ​សង្គម​កាន់តែច្រើនៗ​ឡើង​”​។​

​ក្នុង​រយៈពេល ៦​ខែ​នៃ​ដំណើរការ​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart នេះ អ្នក​ជ្រើសតាំង​ត្រូវបាន​អនុញ្ញាតឱ្យ​ជ្រើសតាំង​បេក្ខជន​បេ​ក្ខ​នារី​តែ​មនុស្ស​ប៉ុណ្ណោះ ហើយ​អ្នក​ជ្រើសតាំង​ត្រូវបាន​ស្នើឱ្យ​ផ្តល់ព័ត៌មាន​ទំនាក់ទំនង​លម្អិត​របស់​អ្នក​ដែល​ត្រូវ​បាន​ជ្រើសតាំង និង​ការ​ពិពណ៌នា​សង្ខេប​អំពី​អំពើ​ល្អ​ដែល​អ្នក ​ដែល​ត្រូវ​បាន​ជ្រើសតាំង​បានធ្វើ​។ ប្រជាពលរដ្ឋ​កម្ពុជា​រាប់​រយ​នាក់​បាន​ជ្រើសតាំង​អ្នក​ដែល​ពួកគេ​យល់ឃើញថា​បានធ្វើ​អំពើ​ល្អ​។​

​អ្នក​ដែល​ត្រូវបាន​ជ្រើសតាំង​ដែល​សាក​សម​បំផុត​ ត្រូវបាន​ទាក់ទង​ដោយ​អ្នករៀបចំ​កម្មវិធី ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​ប្រវត្តិ និង​អំពើ​ល្អ​ដែល​ជួយ​ឱ្យ​ពួកគេ​ត្រូវបាន​ជ្រើសតាំង​។ ក្រោយមក អ្នករៀបចំ​កម្មវិធី​បានចេញ​ផ្សាយ​ព័ត៌មាន​លម្អិត ​របស់​អ្នក​ដែល​ត្រូវបាន​ជ្រើសតាំង​ទាំងនោះ​។​

​យុទ្ធនាការ​នេះ​ក៏​រួមមាន​ពានរង្វាន់​ប្រជាប្រិយភាព​ផងដែរ ដែល​ត្រូវបាន​សម្រេច​ដោយ​ការបោះឆ្នោត​ពី​សាធារណជន​។ ជយលាភី​ពានរង្វាន់​ប្រជាប្រិយភាព​របស់​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ​ស្មា​ត​ឆ្នាំ​២០២០ បាន​ទៅលើ​អ្នកនាង សឿង សុថា​រី ដែល​នឹង​ទទួលបាន​ប្រាក់រង្វាន់ ចំនួន ១.០០០​ដុល្លារ​។​

​អ្នកនាង សឿង សុថា​រី បាន​ជាប់​ជា​បេ​ក្ខ​នារី​ដែលមាន​ប្រជាប្រិយភាព​នេះ ដោយសារ​ការងារ​រប​ស់​គាត់​ពាក់ព័ន្ធ​នឹង​ការការពារ​បរិស្ថាន ការផ្សព្វផ្សាយ​អំពី​បរិស្ថាន ការបង្កើត​ផលិត​ធុងសំរាម​បរិស្ថាន​ពី​សម្បក​កង់​រថយន្ត​ចាស់ៗ និង​ការជួយ​យកអាសារ​ដល់​ចាស់ជរា​។​

​យុទ្ធនាការ “​ឆ្ពោះទៅមុខ​រួមគ្នា​” របស់​ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើម​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ជាមួយនឹង​ការចេញផ្សាយ​វីដេអូ “​ឆ្ពោះទៅមុខ​រួមគ្នា​”​។ កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ក៏បាន​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ ផងដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម