Connect with us

ព័ត៌មានជាតិ

ប្រកាស​ថ្ងៃ​នេះ​​ ក្រសួងអប់រំ ​សម្រេច​​ធ្វើការ​កែប្រែ​ប្រតិទិន​សិក្សា​ឡើង​វិញ

បានផុស

នៅ

ភ្នំពេញ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន​និងកីឡា​ បាន​សម្រេច​ធ្វើការកែសម្រួលប្រតិទិនសិក្សាឡើង​វិញ។

យោង​តាម​សេចក្តី​ណែនាំ​ចុះថ្ងៃ ១៧ ខែ​វិច្ឆិកា ២០២០ និង​ចុះ​ថ្ងៃ ០៣ ខែ​មីនា ឆ្នាំ​២០២១ ឆ្នាំ​សិក្សា​ ២០២០-២០២១ ត្រូវ​បើក​បវេសនកាលនា​ថ្ងៃទី១១ ខែមករាឆ្នាំ២០២១ និងបញ្ចប់ទៅវិញនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១។ យ៉ាងណា​បើយោង​តាម​សេចក្តី​សម្រេច​ថ្មី ក្រសួងនឹងធ្វើការ​កែសម្រួលប្រតិទិន​សិក្សា​ដូច​ខាងក្រោម៖

-ឆ្នាំ​សិក្សា ២០២០-២០២១​ ចាប់ផ្ដើមពីថ្ងៃទី១១ខែមករាឆ្នាំ២០២១  
-ឆមាសទី១ គិតចាប់ពីខែមករាដល់ខែឧសភាឆ្នាំ២០២១​
-ឆមាសទី២ គិតចាប់ពីខែមិថុនាដល់ខែវិច្ឆិកាឆ្នាំ២០២១
-វិស្សមកាលធំ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១វិញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រដ្ឋមន្ត្រី បានបន្ថែមទៀតថា ចំពោះ ការវាយតម្លៃលទ្ធផលសិក្សាគ្រឹះស្ថានមធ្យមសិក្សាសាធារណៈត្រូវអនុវត្តការប្រឡងប្រចាំខែ តាមស្ថានភាពនិងគ្រប់រូបភាពដែលអាចអនុវត្តបាន ដោយយកលទ្ធផលពីការធ្វើតេស្តចាប់ពីខែកុម្ភៈរហូតដល់ដំណាច់ខែវិច្ឆិកាឆ្នាំ២០២១។

រីឯការវាយតម្លៃសមត្ថភាពសិស្សម្នាក់ៗទៅលើមុខវិជ្ជា ដែលសាលារៀននីមួយៗបានបង្រៀននិងរៀនហើយសិស្សត្រូវមានពិន្ទុគ្រប់មុខវិជ្ជាដែលគ្រូបានបង្រៀនក្នុងខែសម្រាប់ខែមេសានិងខែឧសភាត្រូវបូកសរុបធ្វើចំណាត់ថ្នាក់តែមួយខែដោយសរសេរថាចំណាត់ថ្នាក់ខែមេសានិងខែឧសភា។

ក្នុង​សេចក្តីប្រកាសនោះ ក្រសួងអប់រំយុវជននិងកីឡា ក៏​អនុញ្ញាតឱ្យសិស្សដែលរស់នៅតំបន់លឿង អាចរៀនជាក្រុមតូចៗដែលសិស្សមិនឲ្យលើសពី ១០នាក់ក្នុង១បណ្ដុំនៅតាមផ្ទះឬទីតាំងសមស្របណាមួយ។ គណៈគ្រប់គ្រងសាលាអាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀន និងការរៀនជាក្រុមតូចសិស្សមិនឱ្យលើសពី១០នាក់ក្នុងបណ្ដុំនៅតាមផ្ទះឬទីតាំងសមស្របណាមួយ សម្រាប់សិស្សដែលមានលំនៅដ្ឋាន​នៅជិតគ្នា និងធ្លាប់មានទំនាក់ទំនងគ្នាជាប្រចាំ។

ចំណែកសិស្សដែលរស់នៅនៅរាជធានីភ្នំពេញនៅតំបន់លឿងទុំនិងតំបន់ក្រហម នៅបន្តការបង្រៀននិងរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិចទាំងស្រុង។

លោករដ្ឋមន្ត្រី បានណែនាំដល់គ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅទូទាំងប្រទេស អាចពិនិត្យលទ្ធភាពអនុវត្តការបង្រៀននិងរៀនពីចម្ងាយនិងតាមប្រព័ន្ធអេឡិចត្រូនិចឬតាមបណ្ដុំតូចៗ អាស្រ័យលើស្ថានភាពនិងធនធានក្រោមការកែច្នៃរបស់លោកគ្រូអ្នកគ្រូនៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានាបាននូវការបន្តការសិក្សារបស់សិស្សានុសិស្សនៅមធ្យមសិក្សាក្នុងពេលដែលសាលារៀនផ្អាកដំណើរការនេះ។

លោករដ្ឋមន្ត្រី បានបន្ថែមថា គ្រប់គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ត្រូវបន្តដំណើរការបង្រៀន និងរៀនតាមរយៈការអភិវឌ្ឍកម្មវិធីសិក្សាបង្រួញផ្ដោតទៅលើមុខវិជ្ជាកាតព្វកិច្ចដូចជាថ្នាក់ទី៧ទី៨ ត្រូវរៀនភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យាជីវវិទ្យា ប្រវត្តិវិទ្យា សីលធម៌ពលរដ្ឋវិទ្យានិងភាសាបរទេស។

ចំណែកថ្នាក់ទី ១០  ត្រូវរៀនភាសាខ្មែរ គណិតវិទ្យា រូបវិទ្យាគីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា សីលធម៌ពលរដ្ឋវិជ្ជានិងភាសាបរទេស។ ថ្នាក់ទី ១១ ដែលមានថ្នាក់វិទ្យាសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ត្រូវរៀន អក្សរសាស្ត្រខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីនិងបរិស្ថានវិទ្យា ភាសាបរទេសនិងព័ត៌មានវិទ្យា។

ថ្នាក់ទី៩និងថ្នាក់ទី១២ ដែលមានថ្នាក់វិទ្យាសាស្រ្តនិងវិទ្យាសាស្រ្តសង្គម ត្រូវរៀន អក្សរសាស្ត្រខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ដែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា សីលធម៌ពលរដ្ឋវិទ្យានិងភាសាបរទេសព្រមទាំងមុខវិជ្ជាព័ត៌មានវិទ្យា ប្រសិនបើអាចមានលទ្ធភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម