Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​២ នៃ​ភាព ជា​ដៃគូ​សម្រាប់​ការអភិវឌ្ឍ​បៃតង​

បានផុស

នៅ

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រលប់​ថ្ងៃទី​៣១ ខែឧសភា នេះ បាននឹងកំពុង​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​កំពូល​លើក​ទី​២ នៃ​ភាពជា​ដៃគូ​សម្រាប់​ការអភិវឌ្ឍ​បៃតង និង​គោលដៅ​សកល​ឆ្នាំ​២០៣០ ( P4G ) ស្តីពី​ការលើកកម្ពស់​ការស្តារ​បៃតង​ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន្ន ពី​ជំងឺឆ្លង​កូ​វីដ​-១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

​ការ​អញ្ជើញ​ចូលរួម​ប្រជុំ​ខាងលើ​នេះ ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់​ឯក​ឧ​ត្ត​ម មូ​ន ចេ​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​កូរ៉េ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេស​បាន​បញ្ជាក់​នៅ​ថ្ងៃទី​២៨ ខែឧសភា នេះ​ថា កិច្ចប្រជុំ​នោះ ធ្វើឡើង​ក្រោម​មូលបទ “​ការស្តារ​បៃតង​ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន្ន ដើម្បី​សម្រេចបាន​នូវ​អព្យាក្រឹតភាព​កាបូន​” ហើយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា លើ​ប្រធានបទ “​ការស្តារ​បៃតង​ឡើងវិញ​ប្រកបដោយ​បរិ​យា​ប័ន្ន​ពី​ជំងឺឆ្លង​កូ​វីដ​-១៩”​។

នៅក្នុង​សម័យប្រជុំ​កិច្ច​សន្ទនា​របស់​ថ្នាក់ដឹកនាំ នឹង​ផ្តោតទៅលើ​ទិដ្ឋភាព​សំខាន់ៗ​មួយចំនួន រួមមាន ១, ភាពចាំបាច់​ក្នុងការ​កែសម្រួល​គោលនយោបាយ​និង​ធនធាន ដើម្បី​អាច​ជម្នះ​ដោយ​ជោគជ័យ​លើ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ២, ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ​ទៅលើ​សន្តិសុខ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​៣, សារៈសំខាន់ នៃ​ការស្តារ​បៃតង​ឡើងវិញ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ សម្តេច​តេ​ជោ ក៏​នឹង​ចែករំលែក​អនុសាសន៍​ប្រកបដោយ​អត្ថន័យ​ទូលំទូលាយ និង​ប្រាកដ ដល់​កិច្ចប្រជុំ​កំពូល​ផងដែរ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​ធន់ ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

គួរ​កត់​សម្គាល់​ថា P4G ជា​គំនិត​ផ្តួចផ្តើម​សកល​ដែល​ត្រូវ​បានដាក់​ដំណើរ​នៅ​ឆ្នាំ​២០១៧​។ គំនិត​ផ្តួចផ្តើម​នេះ គឺជា​វេទិកា​ពហុភាគី​សម្រាប់​រដ្ឋា​ភិ​បាល វិស័យ​ធុរកិច្ច និង​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​រួមគ្នា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព តាមរយៈ​ការ​ផ្តល់នូវ​ដំណោះស្រាយ​ប្រកបដោយ​នវានុវត្តន៍​។

កិច្ចប្រជុំ​កំពូល P4G លើក​ទី​២ នៅ​ទីក្រុង​សេ​អ៊ូ​ល នឹង​ផ្តល់ឱកាស​ដល់​សហគម​ន៍​អន្តរជាតិ​អាច​បង្ហាញ​ការប្តេជ្ញាចិត្ត​រួមគ្នា ក្នុង​ការកសាង​ពិភពលោក​ដែល​ល្អប្រសើរ និង​កាន់តែ​បៃតង​ឡើង ក្រោយ​វិបត្តិ​កូ​វីដ​-១៩៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម