Connect with us

ព័ត៌មានជាតិ

សភា​កម្ពុជា​-​វៀតណាម សន្យា​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​ស្តារ​សេដ្ឋកិច្ច នៅក្រោយពី​កូ​វីដ​-១៩

បានផុស

នៅ

​ការសន្យា​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋសភា​ទាំងពីរ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ រវាង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានជា​មួយ​លោក វឿ​ង ឌី​ញ ហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​កិច្ចសន្ទនា​នោះ ថ្នាក់ដឹកនាំ​សភាប​ប្រទេស​ទាំងពីរ​វាយតម្លៃ​ខ្ពស់​ពោះ​សមិទ្ធផល​ជាច្រើន​នៅ​គ្រប់​វិស័យ ដែល​ប្រទេស​ទាំងពីរ​សម្រេច​បាន​ទាំង​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ក្រោយ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ជា​ប្រពៃណី​និង​មិត្តភាព ដែលមាន​តាំងពី​យូរ​មកហើយ​នោះ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​នៃ​ប្រទេស​ទាំងពីរ ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​មហាសាល​សម្រាប់​ប្រជាជាតិ​ទាំងសងខាង​។ ដោយសារ​មរតក នៃ​មិត្តភាព​យូរអង្វែង​នេះហើយ បានធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ស្ទើ​គ្រប់​វិស័យ ជាពិសេស​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ នៅតែ​បន្ត​កើនឡើង​ខ្ពស់​នៅ​ដើមឆ្នាំ​២០២១​នេះ ទោះបី​ស្ថិតនៅ​ក្នុងស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក្តី ។​

​សម្តេច ហេង សំរិន បន្តថា រដ្ឋសភា​កម្ពុជា​និង​វៀតណាម បានរួម​គ្នា​កសាង​នូវ​សមិទ្ធផល​ជាច្រើន ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី​និង​ពហុភាគី​។ ជាមួយគ្នានេះ រដ្ឋសភា​ទាំងពីរ​ប្រទេស​បាន​រក្សា និង​អនុវត្ត​ស្មារតី​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ និង​បានធ្វើ​បច្ចុប្បន្នភាព​កិច្ចព្រមព្រៀង​នេះ​ជា​បន្តបន្ទាប់ សំដៅ​ឱ្យ​កិច្ចសហប្រតិបត្តិការ​វិស័​យ​ការទូត​សភា​នៃ​ប្រទេស​ទាំងពីរ ឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​សមស្រប តាម​បរិបទ​សកល​ថែម​ទៀតផង​។​

​លោក វឿ​ង ឌី​ញ ហ្វេ បាន​គាំទ្រ​ការលើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា ដែលថា សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ នៃ​ប្រទេស​ទាំងពីរ ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​មហាសាល​សម្រាប់​ប្រជាជាតិ​ទាំងសងខាង​។ លោក​សន្យាថា នៅក្នុង​អាណត្តិ​ជា​ប្រធានរដ្ឋសភា ដែល​ទើប​ទទួលបាន​ការគាំទ្រ​ពី​បក្ស​និង​រដ្ឋ​វៀតណាម លោក​នឹង​ខិតខំ​ពង្រឹងពង្រីក​ចំណងមិត្តភាព​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង ដើម្បី​ស្តារ​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង នៅក្រោយពី​វិបត្តិ​កូ​វីដ​១៩​បាន​បញ្ចប់ទៅ​។​

​ជាមួយគ្នា​នោះ ថ្នាក់ដឹកនាំ​រដ្ឋសភា​ក​ម្ពុ​ជា និង​វៀតណាម បាន​សន្យា​រួមគ្នា​នៅ​ក្នុង​ការបន្ត​ជំរុញ​ឱ្យសម្រេចបាន​នៅ​គ្រប់​ចំនុច​អាទិភាព​នៅក្នុង​កិច្ចព្រមព្រៀង ដែល​រដ្ឋសភា​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា កាលពី​ឆ្នាំ​២០១៩ នៅក្នុង​នោះ មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​កម្រិត ពិសេស​ជំរុញ​សកម្មភាព ក្រុម​មិត្តភាព​សមាជិកសភា​វ័យក្មេង និង​សមាជិកសភា​ជា​ស្ត្រី​ឱ្យមាន​សកម្មភាព​ឡើង​។ រដ្ឋសភា​ប្រទេស​ទាំងពីរ បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅលើ​វេទិការ​អន្តរ​សភា ទាំង​នៅក្នុង​តំបន់​និង​សកលលោក​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​លោក វឿ​ង ឌី​ញ ហ្វេ បាន​វាយតម្លៃ​ខ្ពស់ និង​អបអរសាទរ​ចំពោះ​លទ្ធផល​បោះបង្គោល​ព្រំដែន​ប្រទេស​ទាំងពីរ ដែល​សម្រេចបាន​៨៤ ភាគរយ ហើយ​សង្ឃឹមថា រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​នឹង​សម្រេច ការងារ​ដែល​នៅ​សេសសល់​ប្រមាណ​១៦ ភាគរយ​ទៀត ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ប្រែក្លាយ​ខ្សែ​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ដើម្បី​ភាព​សុខសាន្ត និង​ការរីកចម្រើន​របស់​ប្រជាជន​យើង​ទាំងពីរ​។​

​ឆ្លៀតឱកាស​នោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋសភា​វៀតណាម ដែល​បាន​ផ្តល់ជំនួយ​ថវិកា​ប្រមាណ​២៥ លាន​ដុល្លារ ដល់​រដ្ឋសភា​កម្ពុជា ក្នុង​កសាង​អគារ​រដ្ឋបាល ដែល​មកដល់ពេលនេះ គម្រោង​បាន​កំពុងដំណើរការ​សិក្សា​លើ​ការងារ​បច្ចេកទេស​។ នៅ​ចុង​ឆ្នាំនេះ ឬ​ដើម​ឆ្នាំក្រោយ​នឹង​រៀបចំ​ពិធីបើកការដ្ឋាន​សាងសង់ ដែល​នៅពេលនោះ​រដ្ឋសភា​កម្ពុជា នឹង​គោរព​អញ្ជើញ​ថ្នាក់ដឹកនាំ​ប្រទេស​វៀតណាម​មក​ចូលរួម​ផងដែរ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម