ព័ត៌មានជាតិ
កម្ពុជាស្នើឲ្យ UN ផ្តល់ធនធាន និងជំនាញថែមទៀត សម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាព
ការស្នើរបស់កម្ពុជាបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១១ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងនោះលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចអគ្គតេជោ ហ៊ុន សែន បានចូលរួម។
តាមលទ្ធផលនៃកិច្ចប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំបានសាទរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយខ្លឹមសាររវាងអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងនាមជាដៃគូដែលជឿទុកចិត្តគ្នា ក្នុងការជំរុញពហុភាគីនិយម សន្តិភាព សន្តិសុខ និងវិបុលភាពតំបន់ និងសកល។ អាស៊ានបានស្វាគមន៍ការបន្តគាំទ្ររបស់អង្គការសហប្រជាជាតិដល់ការកសាងសហគមន៍អាស៊ាន មជ្ឈភាពអាស៊ាន និងការអភិវឌ្ឍ។
កិច្ចប្រជុំបានពិភាក្សាជាសំខាន់លើមធ្យោបាយនានា ដែលអាស៊ាន និងអង្គការសហប្រជាជាតិអាចធ្វើការរួមគ្នា ដើម្បីដោះស្រាយផលប៉ះពាល់ទាំងឡាយដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងដើម្បីសម្រេចប្រកបដោយប្រសិទ្ធភាពនូវការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយវិបត្តិជំងឺរាតត្បាតនេះ។ ថ្នាក់ដឹកនាំអាស៊ាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាឱ្យវ៉ាក់សាំងបង្ការជំងឺរាតត្បាតកូវីដ-១៩ ជាទំនិញសកល ដែលអាចទទួលបានដោយស្មើភាព និងមានតម្លៃសមរម្យដល់ប្រទេសទាំងអស់។
កិច្ចប្រជុំបានទទួលស្គាល់តួនាទីដែលពុំអាចខ្វះបានរបស់អង្គការសហប្រជាជាតិ ជាពិសេសអង្គការសុខភាពពិភពលោក (WHO) ក្នុងការជួយប្រទេសទាំងអស់នៅក្នុងពិភពលោក ដើម្បីអភិវឌ្ឍវិធានការទាំងឡាយ ដើម្បីដោះស្រាយវិបត្តិជំងឺរាតត្បាតនាពេលបច្ចុប្បន្ន និងអនាគត ដោយផ្អែកលើទិន្នន័យ និងការវិភាគបែបវិទ្យាសាស្ត្រ។
បើតាមក្រសួងការបរទេស កិច្ចប្រជុំបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាដ៏មុតមាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិ (២០២១-២០២៥)។ កិច្ចប្រជុំបានសង្កត់លើសារៈសំខាន់នៃការបន្តការបំពេញឲ្យគ្នាទៅវិញទៅមករវាងទស្សនវិស័យអាស៊ានឆ្នាំ២០២៥ និងរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំទាំងអស់បានពិភាក្សាផងដែរលើកិច្ចសហប្រតិបត្តិការផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ ការកែលម្អប្រព័ន្ធសុខាភិបាល ការមិនរីកសាយអាវុធនុយក្លេអ៊ែរ ភេរវកម្ម និងអំពើហិង្សាជ្រុលនិយម។
នៅក្នុងកិច្ចប្រជុំនោះដែរ តំណាងកម្ពុជាបានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ របស់អង្គការសហប្រជាជាតិ និងបានសម្តែងការគាំទ្រចំពោះមូលបទរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ២០២០នេះ “អនាគតដែលយើងទាំងអស់គ្នាចង់បាន អង្គការសហប្រជាជាតិដែលយើងត្រូវការ៖ គូសបញ្ជាក់កិច្ចប្រឹងប្រែងរួមដើម្បីពហុភាគីនិយម” ដែលឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់បណ្តាប្រជាជាតិនានានៅទូទាំងពិភពលោក ក្នុងការការពារសន្តិភាព និងវិបុលភាព តាមរយៈការប្តេជ្ញារួមចំពោះពហុភាគីនិយម។
ជាមួយគ្នានោះ កម្ពុជាបានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ថែមទៀត ចំពោះកិច្ចសហប្រតិបត្តិការឆ្លងវិស័យ និងការគាំទ្រសន្ទុះដ៏រឹងមាំ ដើម្បីឆ្ពោះទៅសម្រេចបាននូវសមាហរណកម្មតំបន់ តាមរយៈការអនុវត្តផែនការការងារគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានទី៤ (២០២១-២០២៥) ក្នុងចំណោមផែនការការងារផ្សេងៗទៀត។
កម្ពុជាក៏បានស្នើឲ្យអង្គការសហប្រជាជាតិផ្តល់ធនធាន និងជំនាញថែមទៀត ជាពិសេសពាក់ព័ន្ធនឹងការចែករំលែកឧត្តម្មានុវត្តន៍ និងមេរៀនកន្លងមក សម្រាប់ប្រតិបត្តិការថែរក្សាសន្តិភាព ដូចជា តាមរយៈការបណ្តុះបណ្តាលជាប់ជាប្រចាំ នៅមុន និងនៅក្រោយពេលបំពេញបេសកកម្ម ដើម្បីធ្វើយ៉ាងណាឲ្យប្រតិបត្តិករថែរក្សាសន្តិភាពអាចអនុវត្ត និងបំពេញបេសកកម្ម នៅក្នុងអាណត្តិរបស់ខ្លួនបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕
ដោយ ៖ កោះកែវ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ