នាយករដ្ឋមន្ត្រី​ឡាវ អរគុណ​សម្ដេច​តេ​ជោ​ហ៊ុន សែន ដែល​បាន​ឧបត្ថម្ភ​ម៉ាស់ និង​សម្ភារៈ​សម្រាប់​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ឡាវ អរគុណ​សម្ដេច​តេ​ជោ​ហ៊ុន សែន ដែល​បាន​ឧបត្ថម្ភ​ម៉ាស់ និង​សម្ភារៈ​សម្រាប់​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

Published

on

នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​លោក ថង​លូន ស៊ី​ស៊ូ​លី​ត បាន​ថ្លែងអំណរគុណ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែល​បាន​ឧបត្ថម្ភ​ម៉ាស់ និង​សម្ភារៈ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​លោក​ថា ជំនួយ​នេះ​នឹង​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព នឹង​ចំ​ទិសដៅ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

ការបញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បានធ្វើ​ឡើង​កាល​រយៈ​លិខិត​មួយច្បាប់​ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​មាន​កិត្តិយស ដែល​បានទទួល​លិខិត​របស់​សម្ដេច​ចុះ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ អំពី​ការផ្ដល់​ជំនួយ​សប្បុរស​ធម៌ រួមមាន​ម៉ាស​ចំនួន​២ លាន បរិក្ខា​ពេទ្យ​សំខាន់ៗ និង​ចាំបាច់​ដទៃទៀត ដល់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដើម្បី​ប្រើប្រាស់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​ឡាវ​”​។

លិខិត​បន្តថា “​តាងនាម​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ ក៏ដូចជា​ខ្ញុំ​នាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សំដែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ ចំពោះ​ការឧបត្ថម្ភ​គាំទ្រ​ដ៏​មានតម្លៃ ដែល​សម្ដេច​ក៏ដូចជារ​ដ្ឋា​ភិ​បាល និង​ប្រជាជន​កម្ពុជា​ផ្ដល់ឱ្យ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​ដែល​ប្រទេស​យើង​ទាំងពីរ​កំពុង​ជួបប្រទះ​។ យើងខ្ញុំ​សូម​សំដែង​នូវ​ការដឹងគុណ និង​ក្តីរំភើប​ជា​អតិបរមា​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ផ្ដល់ជំនួយ​ដល់​ប្រទេស​ឡាវ បើទោះជា​កំពុង​ទទួលរង​នូវ​ផល​ប៉ះពាល់ ដោយ​ជំងឺ​កូ​រ៉ូ​ណា​វីរុស​យ៉ាងណាក៏ដោយ​។ កាយវិការ​នេះ ជាការ​ឆ្លុះបញ្ចាំង​អំពី​ចំណងមិត្តភាព​ដល់​ជិតស្និទ្ធ និង​ជា​ប្រពៃណី ពី​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ ក្នុងនាម​ជា​អ្នកជិតខាង​ល្អ ក៏ដូចជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង​រវាង​ប្រទេស​យើង​ទាំងពីរ ដែល​កាន់តែ​ស៊ីជម្រៅ និង​ប្រកបដោយ​ផ្លែផ្កា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​”​។

លោក ថង​លូន ស៊ី​ស៊ូ​លី​ត ធានា​អះអាង​ថា ជំនួយ​ដែល​ទទួលបាន នឹងត្រូវ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត សំដៅ​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ​នៅក្នុង​ប្រទេស​ឡាវ​។ ទន្ទឹមនឹងនេះ​លោក​ជឿជាក់ថា រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា នឹង​អាចធ្វើ​ការទប់ស្កាត់ ទទួលបាន​ជោគ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ជូន​រដ្ឋាភិបាល​ឡាវ​នូវ​ម៉ាស់ និង​សម្ភារៈ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ក្នុងនោះ​រួមមាន ម៉ាស​ចំនួន​២​លាន​, ម៉ាស​ក្រណាត់​ចំនួន ២០​ម៉ឺន​, ម៉ាស N95 ចំនួន​២​ម៉ឺន​, វែ​នតា​សុវត្ថិភាព ចំនួន​២​ម៉ឺន​, សំលៀកបំពាក់​សុវត្ថិភាព សម្រាប់​មន្ត្រី​សុខាភិបាល (​ជា​ឈុត​) ចំនួន​២​ម៉ឺន​ឈុត​, ម៉ាស៊ីន​វាស់​កំដៅ ចំនួន​៥០០, របាំងមុខ​ចំនួន​២​ម៉ឺន​, ឧបករណ៍​ជំនួយការ​ដកដង្ហើម សម្រាប់​ប្រ​យោធ​នក​ម្ម ចំនួន​២០, ទូរទស្សន៍​តាមដាន​សុខភាព​អ្នកជំងឺ និង​សម្ភារ​បន្ទាប់បន្សំ​ម៉ូ​ឌែ​ល Vista 120 ចំនួន​២០, ម្សៅ​ថ្នាំ​ក្ល​រ៉ា​មីន​ប្រភេទ​B ៥០០​កេស​, ស្បែកជើង​ក៏​វែង​សុវត្ថិភាព ១​ពាន់​គូ និង​សាប៊ូ​លាងដៃ ២​ពាន់​គូ​ផងដែរ ហើយ​សម្ភារៈ​ទាំង​នេះ​ បាន​ដឹកនាំ​ចេញពី​ភ្នំពេញ ទៅកាន់​ប្រទេស​ឡាវ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ៕
ដោយ ៖ កោះ​កែវ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម