Connect with us

ព័ត៌មានជាតិ

លោក​ ស៊ុន ចាន់ថុល ស្នើ​បងប្អូនពលរដ្ឋ​មានការ​យោគយល់​ចំពោះ​ការយឺតយ៉ាវ​គម្រោង​ថែទាំ និង​ព​ង្រីក​​ផ្លូវជាតិ​លេខ​៣ ពី​កំពត​ទៅ​វាលរេញ

បានផុស

នៅ

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​គណៈ​ប្រតិភូ ក្រសួង​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ផ្លូវជាតិ​លេខ​៣ (​ចោមចៅ​-​កំពត និង កំពត​-​វាលរេញ​) ដើម្បី​តាមដាន​ការងារ​បច្ចេកទេស​សាងសង់​របស់​ក្រុមហ៊ុន សំដៅ​ឱ្យ​ការសាងសង់​ប្រព្រឹត្ត​ទៅ​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​កិច្ចសន្យា​សាងសង់ធានា​ឱ្យ​ផ្លូវ​ទាំងនេះ​មានគុណ​ភាពរឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង កាលពី​ថ្ងៃ​សៅរ៍ ទី​០៥ ខែមិថុនា ឆ្នាំ​២០២១ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោង​ថែទាំ និង​ព​ង្រីក​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​-​វាលរេញ​) ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​សរុប ៥៤,៣​គីឡូម៉ែត្រ ដោយ​ក្នុងនោះ​ត្រូវ​បែង​ចែកជា​ពីរ​កំណាត់​គឺ​៖ ពី​គីឡូម៉ែត្រ​១៤៧+១០០ ដល់​គីឡូម៉ែត្រ​១៨១+0០០ ប្រវែង៣៤​គីឡូម៉ែត្រ ត្រូវបាន​ជួស​ជុល និង​ក្រាលបេតុង​កៅស៊ូ ហើយពី​គីឡូម៉ែត្រ​១៨១+000 ដល់​គីឡូម៉ែត្រ​២០១+៤00 ប្រវែង ២០​គីឡូម៉ែត្រ ត្រូវ​ធ្វើការជួសជុល​ពង្រឹង​ឡើងវិញ ដោយ​ធ្វើការ​លើកកម្ពស់​តួ​ថ្នល់​ចំនួន៤៥​សង់ទីម៉ែត្រ ដើម្បី​ពង្រឹង​តួ​ថ្នល់ និងការពារ​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​នៅ​រដូវវស្សា អនុវត្ត​គម្រោង​ដោយ​ក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd​។

កំណាត់​ផ្លូវ​នេះ​ត្រូវបាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់ ថែទាំ និង​ពង្រឹងគុណភាពកាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​រយៈពេល៥៤​ខែ ចំណាយ​ថវិកាប្រមាណ ១៥,៨៥ លាន​ដុល្លារ​អាមេរិក​។​

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន មានប្រសាសន៍ គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៩ ក្រុមហ៊ុន​សម្រេចការ​ងា​រ​សាងសង់​តាម​កិច្ចសន្យា​បាន ប្រមាណ​ជាង​៩០% ដោយ​ក្នុងនោះ កំណាត់​ទី​១ ប្រវែង​៣៤​គីឡូម៉ែត្រ​លើ​កំណាត់​ផ្លូវ​សរុប ៥៤,៣ គីឡូម៉ែត្រ ត្រូវបាន​បញ្ចប់​រួចរាល់​ទាំងស្រុង​។ ដោយឡែក​កំណាត់​ទី​២ ប្រវែង ២០​គីឡូម៉ែត្រ លើ​៥៤,៣​គីឡូម៉ែត្រ ក៏​ស្ទើរតែ​រួចរាល់​ផងដែរ និង​បានឈានដល់​ដំណាក់កាល​ចាប់ផ្តើម​អ៊ុត​បេតុង​កៅស៊ូ (AC) បញ្ចប់​។ តែដោយសារ​គ្រោះទឹកជំនន់​កាលពី​ឆ្នាំ​២០១៩ បានធ្វើឱ្យ​កំណាត់​ផ្លូវ​នេះត្រូវបាន​បំផ្លាញ​ទាំងស្រុង​។ ផ្នែក​នេះ​រងគ្រោះ​ខ្លាំងជាងគេ ដោយហេតុថា ភូមិសាស្ត្រ​តំបន់​នេះ​ទាប​ជាងគេ និង​មាន​ស្រទាប់ដី​ខាងក្រោម​ជ្រាយ​ខ្លាំង (Soft Soil) ដែល​មិនអាច​ទ្រទ្រង់​នឹង​កម្លាំង​ទឹកជំនន់​បានទេ ។

ដោយយោង​ទៅលើ​ស្ថានភាព​រង​ការខូចខាត ក្រសួង​បានអនុញ្ញាត​ក្រុមហ៊ុន​ជំនាញ​ធ្វើការ​សិក្សា ឡើងវិញ​ទៅលើ​កំណាត់​ផ្លូវ​២០​គីឡូម៉ែត្រ ហើយ​គ្រោង​នឹង​បញ្ចប់​ការសិក្សា​នៅ​ចុងឆ្នាំ​២០២១ និង​ស្វែងរក​កញ្ចប់​ថវិកា​ប្រមាណ៦០​លាន​ដុល្លា​រដើម្បី​សាងសង់​តាម​ស្តង់ដារ និង​រឹងមាំ​បានយូរ​។ តាមរយៈការសិក្សា​នេះ គម្រោង​អាចធ្វើ​ការបែងចែក​កំណាត់​ប្រវែង​ផ្លូវ ២០​គីឡូម៉ែត្រ ជា​ពីរ​ផ្នែក ៖ ផ្នែក​ទី​១ ផ្អែកលើ​ការសិក្សាស្រទាប់​គ្រឹះ​ផ្លូវ និង​ស្ថានភាព​ភូមិសាស្ត្រ ផ្នែក ១៥​គីឡូម៉ែត្រ​មាន​ស្ថាន​ភាពគ្រឹះ​ផ្លូវ មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​ផ្លូវ​លេខ​១៤៦B ដែល​បាន​នឹង​កំពុងធ្វើការ​សាងសង់​។ ដូចនេះ អាច​យក​វិធីសាស្ដ្រ​សាងសង់​ផ្លូវ​លេខ​១៤៦B ដើម្បី​ធ្វើការ​សិក្សា​លម្អិត​បន្ថែមទៀត​ទៅលើ​បច្ចេកទេស និងតម្លៃ​សម្រាប់​ផ្ទៃ​កម្រាល​បេតុង​កម្រាស់​២៦​សង់ទីម៉ែត្រ និង​ទទឹង​១២​ម៉ែត្រ​។ (៣០​លាន​ដុល្លារ ក្នុង១៥​គីឡូ​ម៉ែត​) ។​

ផ្នែក​ទី​២) ផ្នែក ៥​គីឡូម៉ែត្រ​មាន​ស្ថានភាព​ដី​ស្អុយ​ផ្នែក​ខាងក្រោម​មាន​ជម្រៅ​ពី​១១​ម៉ែត្រ ទៅ១៧ ម៉ែត្រ ហើយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​កំពុង​សិក្សា​វិធីសាស្ដ្រ​វាយ​សសរ​គ្រឹះ​ដើម្បី​ពង្រឹង​គ្រឹះ​ផ្នែក​ខាងក្រោម និង​ផ្ទៃ​ថ្នល់​ដោយ​ក្រាល​បេតុង​កម្រាស់ ២៦​សង់ទីម៉ែត្រ និង​ទទឹង​១៦​ម៉ែត្រ​។ (៣០​លាន​ដុល្លារ ក្នុង​៥​គីឡូ​ម៉ែត​) ៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម