Connect with us

ព័ត៌មានជាតិ

ត្រៀម​ពង្រាយ​កម្លាំង​៧០០​នាក់​ នៅ​ទូទាំងប្រទេស​ ការពារ​ដំណើរ​ការបោះឆ្នោត​សាកល្បងជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​

បានផុស

នៅ

​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នឹងដាក់​ពង្រាយ​កងក​ម្លាំងចំនួន៧០០នាក់​ នៅ​ទូទាំងប្រទេស​ ដើម្បី​ការពារ​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​សាកល្បង​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ​២០២១ ខាងមុខ​។​

នៅក្នុង​សេចក្តីណែនាំ​មួយ​ចុះ​ថ្ងៃទី​០៧ ​ខែមិថុនា ឆ្នាំ​២០២១ នាយ​ឧ​ត្ត​ម​សេនីយ៍សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ណែនាំ​ឱ្យ​សេនាធិការដ្ឋាន នាយកដ្ឋាន អង្គភាព​ពាក់ព័ន្ធ និង​ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្តត្រូវ​ចាត់ចែង​កម្លាំង​សមស្រប​តាម​ស្ថានភាព​ជាក់ស្តែង ដើម្បី​ចូលរួម​ការពារ​គោលដៅ​សំខាន់ៗ ផ្សេងទៀតដូចជា ទីតាំង​សម្រាប់​ប្រជុំ ឬ​សិក្ខាសាលា​នានា ទីកន្លែង​រក្សាទុក ក្បួន ឬ​ការដឹកជញ្ជូន​សម្ភារ បរិក្ខារ និង​ឯកសារ​បម្រើឱ្យ​ការងារ​បោះឆ្នោត​សាកល្បង ពី​គោលដៅ​មួយ​ទៅ​គោលដៅ​មួយ ផ្អែក​តាម​សំណូមពរ​របស់ គ​.​ជ​.​ប ឬ​/​និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយ​ឧ​ត្ត​ម​សេនីយ៍សន្តិ​បណ្ឌិត នេ​ត សាវឿន ក៏បាន​ណែនាំ​ឱ្យ​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ទទួលខុសត្រូវដោយផ្ទាល់​ក្នុងការ​រៀបចំ​ផែនការ​សកម្មភាព ការពារ​សន្តិសុខ សុវត្ថិភាពនិងសណ្តាប់​ធ្នាប់​សម្រាប់​ដំណើរការ​បោះឆ្នោត​សាកល្បង​ក្នុងភូមិ​សាស្ត្រ​នៃ​រាជធានីខេត្ត​នីមួយៗ ដោយ​ត្រូវ ត្រួតពិនិត្យ និង​រៀបចំ​កម្លាំង​នគរបាល​ក្រោម​ឱវាទ ដើម្បី​បំពេញភារកិច្ច​ការពារ​ទីតាំង​រៀបចំ​បញ្ជី បោះ​ឆ្នោត និង​ការិយាល័យ​បោះឆ្នោត​ដែល​ស្ថិតនៅតាម​ឃុំ សង្កាត់​ ពាក់ព័ន្ធ​ការពារ​ការិយាល័យ​បោះឆ្នោត ការពារ​នៅតាម​ភូមិសាស្ត្រ​ខាងក្រៅ ក្នុង​ក្រុង ស្រុក ខណ្ឌ​ពាក់ព័ន្ធ និង​កម្លាំង​ប្រចាំការ​នៅនឹងកន្លែង​ស​ម្រាប់រាជ​ធានីខេត្ត​នីមួយៗ ផ្អែក​តាម​ចំនួន​ដែល​ត្រូវ​បានកំណត់ ។​

លើសពីនេះ​ទៀត ​ថ្នាក់ដឹកនាំ​កងកម្លាំង​ទាំងអស់ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​អនុវត្តតាម​វិធាន​សុខាភិបាល ពិសេស​ត្រូវ​អនុវត្តតាម​វិធានការ “ ៣ការពារ និង​៣កុំ និង​ចូលរួម​ណែនាំនិង​ផ្សព្វផ្សាយ បន្ត​អំពី​វិធាន​សុខាភិបាល​ដល់​កម្លាំង​ប្រតិបត្តិការ​ទាំងអស់ និង​ប្រជាពលរដ្ឋដែល​ត្រូវបាន​ស្រង់​ឈ្មោះ​ចូលរួមបោះឆ្នោត​សាកល្បងដោយ​ត្រូវ​ចូលរួម​ក្នុង “​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំងឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​បញ្ចៀស​ពីការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

គួរ​បញ្ជាក់ថា គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ ជ ប​)​នឹង​រៀបចំ​ការបោះឆ្នោត​សាក​ល្បង​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​ សង្កាត់ ​ឆ្នាំ​២០២១​​ដែល​ត្រូវ​ចាប់ផ្ដើម​សកម្មភាព​ចាប់ពី​ ខែ​មិថុនា ​ឆ្នាំ​២០២១ រហូតដល់​ចប់​ភារៈកិច្ច​សព្វគ្រប់​ជា​ស្ថាពរ​ផ្អែក​តាម​ប្រតិទិន​នៃ​ការបោះឆ្នោត​សាកល្បង​ដែល​ត្រូវបាន​កែសម្រួល​ដោយ​ គ ជ ប​ ។​

ការបោះឆ្នោត​ល្បង​នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២០ ខែមិថុនា ​ឆ្នាំ​២០២១​នឹងត្រូវ​រៀបចំឡើង​នៅក្នុង​រាជធានី​ខេត្ត​ទាំង​២៥ ដោយ​រាជធានី​ខេត្ត​នីមួយៗ​ត្រូវ​ជ្រើស​រើសយក​ឃុំ​ សង្កាត់​ ចំនួន​១ប៉ុណ្ណោះ​ធ្វើជា​គំរូ​សំណាក​ និង​មាន​ការិយាល័យ​បោះឆ្នោត​ចំនួន​២សម្រាប់​ ឃុំ​ ឬ​សង្កាត់​នីមួយៗ​ដែល​ការិយាល័យ​មួយ​ត្រូវមាន​ទីតាំងនៅ​ទីប្រជុំជន​ និង​មួយទៀត​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ការិយាល័យ​បោះឆ្នោត​មួយ​ត្រូវមាន​អ្នកបោះឆ្នោត​ច្រើន​ចំនួន៥០០​នាក់​៕​

អត្ថបទ ៖​ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម