Connect with us

ព័ត៌មានជាតិ

លោក អាន សុខ​ខឿន ៖ មុន​វាយតម្លៃ​ត្រូវ​ផ្ទៀងផ្ទាត់ និង​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ និង​ហេតុការណ៍​ពិត​

បានផុស

នៅ

​ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្ត្រៃយ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ហ្សឺ​ណែវ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​លោក​ស្រី​សាស្ត្រាចារ្យ Mary Lawlor អ្នករាយការណ៍​ពិសេស ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស ដែល​បាន​ចេញ​ផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន ទាក់ទង​នឹង​ស្ថានភាព​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទ្ធិមនុស្ស នៅ​ប្រទេស​កម្ពុជា​។​

​តំណាង​កម្ពុជា​នៅ​ទីក្រុង​ហ្សឺ​ណែវ លោក អាន សុខ​ខឿន បាន​បញ្ជាក់​ថា ការវាយតម្លៃ​លើ​ប្រទេសមួយ អាច​ជឿជាក់​បាន លុះត្រាតែ​ផ្អែកលើ​បរិបទ​ច្បាប់ និង​ហេតុការណ៍​ពិត ​នៅ​នឹង​កន្លែង ជា​មួយ​នឹង​ប្រភព​ព័ត៌មាន​ ដែល​មាន​ការ​ផ្ទៀងផ្ទាត់ និង​ទស្សនៈ​វិស័យ​រួម​។ វិធីសាស្ត្រ​នេះ​មាន​លក្ខណៈ​ស្រប​ទៅ​នឹង​ក្រមសីលធម៌​សម្រាប់ អ្នកទទួល​អាណត្តិ​នីតិវិធី​ពិសេស (​ជាពិសេស មាត្រា ៣, ៤, ៥ និង​៦) និង​សៀវភៅ​ណែនាំ​ប្រតិបត្តិការ នីតិវិធី​ពិសេស ជាពិសេស កថាខណ្ឌ​២៤ និង​៥០) ដែល​រៀបរាប់​លម្អិត​ អំពី​គោលការណ៍​ទូទៅ ​នៃ​ការអនុវត្ត​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ​និង​មិន​លំអៀង សារៈសំខាន់​នៃ​ការ​ប្រមូល​ព័ត៌មាន​ ដោយមាន​ការ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ និង​ការ​គោរព​ឲ្យ​បាន​ពេញលេញ​នូវ​ច្បាប់​និង​បទប្បញ្ញត្តិ​របស់​ប្រទេស​។​

លោក អាន សុខ​ខឿន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជា​ការ​គួរ​ឲ្យ​សោកស្តាយ​យ៉ាង​ខ្លាំង ដែល​លោកស្រី សាស្ត្រាចារ្យ Lawlor ពុំបាន​គោរព​ឲ្យ​បាន​ម៉ត់ចត់ នៅ​ក្នុង​ផ្នែក​ជាច្រើន​នៃ​នីតិវិធី​ ដែល​បាន​រៀបរាប់​ខាងលើ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ត្រូវ​ចោទសួរ​លើ​ភាព​គួរ​ឲ្យ​ទុក​ចិត្ត​បាន​ ចំពោះ​ទស្សនៈ​របស់​លោក​ស្រី​មក​លើ​កម្ពុជា ហើយ​ដែល​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា សូម​លើក​យក​ចំណុច​មួយ​ចំនួន​ខ្លះ​ប៉ុណ្ណោះ មក​បង្ហាញ​៖

​ទី​១. លោកស្រី​មិនបាន​ផ្ទៀងផ្ទាត់​ព័ត៌មាន ​ដែល​ទទួល​បាន​ជាមួយ​ប្រភព​រដ្ឋាភិបាល​ទេ​។ បើ​ពិនិត្យមើល​ឲ្យ​កាន់តែច្បាស់ សេចក្តីថ្​លែងការណ៍​រប​ស់លោក​ស្រី​មាន​ភាព​លំអៀង ជ្រើសរើស តែមួយ​ជ្រុង និង​ធ្វើឲ្យ​មាន​ការខូចខាត​។ ស្ថាន​បេសកកម្ម​កម្ពុជា​ បាន​បំភ្លឺ​នូវ​ហេតុការណ៍​ពិត​នៃ សភាពការណ៍​អស់​ទាំង​នោះ ជូន​ដល់​នីតិវិធី​ពិសេស​ជាច្រើនលើក​ច្រើន​សារ និង​បាន​ឆ្លើយតប​យ៉ាង​លម្អិត​ទៅ​នឹង​ការសាកសួរ ជា​លាយលក្ខណ៍អក្សរ​ ផង​ដែរ​។ ក៏ប៉ុន្តែ ព័ត៌មាន​ផ្លូវការ​បែប នេះ ត្រូវ​បាន​បដិសេធ និង​មិនបាន​ឆ្លុះបញ្ចាំង​ នៅ​ក្នុង​ការវាយតម្លៃ​រប​ស់​លោក​ស្រី​នោះ​ទេ​។​

​ទី​២. លោកស្រី សាស្ត្រាចារ្យ Lawlor ពុំ​ដែល​បាន​និយាយ​ទាល់តែសោះ​ថា ការអនុវត្ត​សេរីភាព នៃ​ការបញ្ចេញមតិ ការ​បង្កើត​សមាគម និង​ការប្រមូលផ្ដុំ​ ដោយ​សន្តិវិធី ត្រូវ​ភ្ជាប់​ទៅ​នឹង​ករណី កិច្ច ការទទួលខុសត្រូវ និង​ការ​រឹតត្បិត​ពិសេស​ ដែល​កំណត់​ដោយ​ច្បាប់ ដូច​មាន​ចែង​នៅ​ក្នុង មាត្រា​២៩ (២) នៃ​សេចក្តី​ថ្លែងការណ៍​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស ព្រមទាំង​មាត្រា​១៩ (៣) មាត្រា​២១ និង មាត្រា​២២ (២) នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ​។ វា​ជា​កាតព្វកិច្ច​របស់​មនុស្ស​គ្រប់គ្នា រួម​ទាំង​អ្នក​ដែល​គេ​ហៅថា “​អ្នកការពារ​សិទ្ធិមនុស្ស ” ផង​ដែរ ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ​ប្រកបដោយ​ការទទួលខុសត្រូវ នៅ​ក្នុង​ព្រំដែន​នៃ​ច្បាប់​។​

​ទីបំផុត មើល​ទៅ​ហាក់​ដូចជា លោកស្រី សាស្ត្រាចារ្យ ពុំ​ត្រូវ​បាន​គេ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ពេញ លេញ​អំពី​ការអនុវត្ត​សិទ្ធ និង​សេរីភាព​ផ្ទាល់ខ្លួន​របស់​បុគ្គល​ម្នាក់ៗ ដែល​ត្រូវ​ឲ្យ​ស្របទៅតាម​ច្បាប់ ដូច​មាន​ចែង​ក្នុង​មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​។ ការ​ប្រមូលផ្ដុំ​ ដោយ​សន្តិវិធី ​ដែល​សហការ​ជាមួយ​អាជ្ញាធរ និង​ប្រកាន់ខ្ជាប់ ​នូវ​វិធានការ​សន្តិសុខ​និង​សុវត្ថិភាព គឺជា​ការអនុវត្ត សេរីភាព ដែល​ស្របតាម​រដ្ឋធម្មនុញ្ញ និង​ស្របតាម​ច្បាប់​។ ផ្ទុយទៅវិញ ការ​ប្រមូលផ្ដុំ ក្នុង គោលបំណង​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​តុលាការ គឺជា​បទល្មើស ដែល​មាន​ចែង​ក្នុង​មាត្រា​៥២២ នៃ ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​កម្ពុជា​។​

លោកស្រី Mary Lawlor

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​បាន​រំលឹក​ថា ការចូលរួម​ជាមួយ​គ​ណ​បក្ស នយោបាយ ឬ អង្គការ​មិនមែន​រដ្ឋាភិបាល​ណាមួយ ពុំ​មែន​ជា​ការ​ផ្តល់​សិទ្ធិឲ្យ​បុគ្គល​ម្នាក់ បំពាន​ច្បាប់ ដោយ​និទ្ទណ្ឌភាព​ឡើយ​។ បទល្មើស​ដែល​មាន​ចែង​ក្នុង​ច្បាប់ គឺជា​បទល្មើស ហើយ​គេ​មិន​អាច​ប្រើ ប្រាស់​សកម្មភាព​ខុសច្បាប់​នោះ ជា​ទឡ្ហីករណ៍​សម្រាប់​បុព្វហេតុ​ផ្សេង​ណាមួយ​នោះ​ទេ​។​ ​លោក អាន សុខ​ខឿន បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត បន្ត​ធានា​ការអនុវត្ត​សិទ្ធិ និង​សេរីភាព​ទាំងអស់ ដែល​មាន​ចែង​ក្នុង រដ្ឋធម្មនុញ្ញ និង​នៅ​ក្នុង​ក្របខ័ណ្ឌ​នីតិរដ្ឋ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​ពលរដ្ឋ​ទាំងអស់ ដែល​គោរព​ច្បាប់ មិនមែន​សម្រាប់​តែ​ក្រុម​ជាក់លាក់​ណាមួយ​នោះ​ឡើយ​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​លោក សួស​ យ៉ារ៉ា បាន​ជា​សះស្បើយ​ពីកូវីដ ១៩ ចាក​ចេញ​ពី​មន្ទីរពេទ្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម