Connect with us

ព័ត៌មានជាតិ

កម្ពុជា​នឹង​បន្ត​រក​ដៃគូ​ថ្មី ករណី​ក្រុមហ៊ុន​គ្រីសអេណេជី​អស់​លទ្ធភាព ហើយ​ជូន​ដំណឹង​​ជា​ផ្លូវការ​មក​រដ្ឋាភិបាល

បានផុស

នៅ

លោក​ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋានប្រេង​កាត និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹងថា មក​ដល់​ពេលនេះ​ក្រុមហ៊ុន​គ្រីសអេណេជី (KrisEnergy) ដែល​ជា​ដៃគូ​ក្នុង​ការ​អភិវឌ្ឍ​ប្រេង​កាត​របស់​ប្រទេស​កម្ពុជា នៅ​មិន​ទាន់​ជូន​ដំណឹង​ជា​ផ្លូវការ​មក​រដ្ឋាភិបាល​​កម្ពុជា​នោះ​ទេ ក្រោយ​ពេល​ក្រុមហ៊ុន​មាន​​មូលដ្ឋាននៅ​​ប្រទេស​សិង្ហបុរី​បាន​ប្រកាស​ក្សយធន។

លោក​ជៀប សួរ​បាន​ឲ្យ​ដឹង​ថា បើ​សិន​ក្រុមហ៊ុន​គ្រីសអេណីជី (KrisEnergy) អះអាង​ពី​ការ​ក្ស័យធន​មិន​អាច​ដំណើរ​អាជីវកម្ម​ទៅ​មុខ​ទៀត​បាន រដ្ឋាភិបាល​នឹង​ស្វះស្វែង​រក​ក្រុមហ៊ុន​ថ្មី ដើម្បី​បន្ត​អភិវឌ្ឍ​អាជីវកម្ម​ធនធាន​ប្រេង​របស់​ប្រទេស​​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ក្នុង​ដំណាក់​កាល​នេះ រដ្ឋាភិបាល​​រង់ចាំ​សេចក្តី​ជូនដំណឹងពីក្រុមហ៊ុន​ជា​ផ្លូវការ​សិន ទើប​មាន​ចំណាត់​ការ​បន្ត​ទៀត។

“មក​ដល់​ពេលនេះ ក្រុមហ៊ុន​មិន​ទាន់ជូនដំណឹង​មក​រដ្ឋាភិបាល​នៅ​ឡើយ។ ការ​ដកខ្លួន​នេះ​អាច​ប៉ះពាល់​ដល់​អាជីវកម្មអភិវឌ្ឍ​ប្រេង​កាត​របស់​កម្ពុជា​ឬ​យ៉ាងណា ទាល់​រង់ចាំ​ការ​ជូន​ដំណឹងពី​ក្រុមហ៊ុន​សិន។ រដ្ឋាភិបាល​កំពុង​ពិនិត្យ​មើល​លក្ខខណ្ឌ​ក្នុង​កិច្ច​ព្រមព្រៀង និង​តាមដាន​លើ​ការងារ​ហ្នឹង ត្រូវ​មាននីតិវិធី​ និង​ការ​សម្រេច​ពី​​តុលាការ”។

លោក​បញ្ជាក់​យ៉ាងដូច្នេះ​​ថា តាម​កិច្ច​ព្រមព្រៀង បើ​សិន​ក្រុមហ៊ុន​មិន​អាច​បំពេញ​តាម​កាតព្វកិច្ច​ រាល់​កិច្ច​ព្រមព្រៀង​នឹង​​ត្រូវ​បាន​បញ្ចប់ ហើយ​រដ្ឋាភិបាល​អាច​ស្វែង​រក​អ្ន​កវិនិយោគទុនថ្មី​ ដើម្បី​បន្ត​ដំណើរការ​អភិវឌ្ឍ​​បន្ត​ទៀត។

កាលពីចុង​ឆ្នាំ២០២០ កម្ពុជា​បាន​ប្រកាស​ទទួល​ដំណក់​​ប្រេងលើកដំបូង។ យ៉ាងណា​ក្រុមហ៊ុនប្រេងរបស់សិង្ហបុរី​ ដែលទទួលបានសិទ្ធិបូមប្រេងនៅក្នុងប្លុក A តំបន់អប្សរាក្នុង​ដែន​សមុទ្រ​ប្រទេសកម្ពុជា បានប្រកាសក្ស័យធន ដោយក្រុមហ៊ុន​អះអាង​ថាគ្មានលទ្ធភាពសងបំណុលរួច ទើបប្រកាសក្ស័យធនបែបនេះ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រគល់-ទទួល កែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជាតម្កល់នៅក្នុងសារមន្ទីរ វិមាននយោបាយឈ្នះ-ឈ្នះ នៅ​ព្រឹកមិញនេះ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​មានប្រសាសន៍ថា កិច្ចការទាំងអស់ វា​មិនមានភាពរលូនដូចធ្វើដំណើរតាមថ្នល់កៅស៊ូ​នោះ​ទេ វាអាចមានរលាក់​នេះ រលាក់​នោះ ប៉ុន្តែ​ក៏​នឹង​​វិធានការ​ជា​ដំណោះស្រាយ​​ទៅមុខទៀតជាក់ជាមិនខាន។

ក្រោយ​កម្ពុជា​បាន​ទទួល​ដំណក់ប្រេង​ដំបូង​កាល​ពី​អំឡុង​ធ្នូ ឆ្នាំ២០២០ ផលិតកម្មបូម​ប្រេងពីអណ្តូងទាំង៥ នៅតំបន់អប្សារាក្នុង​ដែន​សមុទ្រ​ប្រទេស​កម្ពុជា​ គឺទាបជាងការរំពឹងទុក ដែល​ប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ជាមធ្យម ក្រុមហ៊ុនបូមប្រេងបានជាង ២ ពាន់​ប៉ារ៉ែលក្នុងមួយថ្ងៃ ទាបជាងផែនការប្រមាណ ៧ ៥០០ ប៉ារែលក្នុងមួយថ្ងៃ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម