Connect with us

ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល សម្រេច​លុបចោល​ការ​បោះឆ្នោតសាកល្បង ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់

បានផុស

នៅ

តាមរយៈសារជាសំឡេងនាល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចលុបចោលការបោះឆ្នោតសាកល្បង ដើម្បីជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់​នៅថ្ងៃទី២០ ខែមិថុនា ខាងមុខ។

សម្ដេចបានបញ្ជាក់ថា សម្ដេចទើបទទួលព័ត៌មាន ពីការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ​២០២១​។ សម្តេចបានបន្តថា ដោយយោងទៅលើសភាពការណ៍បច្ចុប្បន្ន គឺការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមួយថ្ងៃៗ មានប្រជាជនឆ្លងរាប់រយនាក់ និងមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃផងនោះ ដូច្នេះគ្មានភាពចាំបាច់ណា ដើម្បីធ្វើការបោះឆ្នោតសាកល្បងនោះទេ។ ពីព្រោះពេលវេលានេះ យើងត្រូវផ្ដល់អាទិភាព និងប្រមូលគ្រប់កម្លាំងទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្ដេចតេជោ ហ៊ុន សែន ពេលវេលានេះ មិនមែនជាពេលវេលាត្រូវប្រមូលប្រជាជនមកធ្វើការរៀនសូត្រពីការបោះឆ្នោតសាកល្បងនោះទេ ដែលសូម្បីតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ត្រូវចូលរួមដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផងដែរ។ ការប្រមូលប្រជាជន ដើម្បីធ្វើការបោះឆ្នោតសាកល្បង គឺគ្មានការចាំបាច់នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចកំពុងតែធ្វើលិខិតដើម្បីស្នើសុំទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីឲ្យលុបចោលនូវកម្មវិធីបោះឆ្នោតសាកល្បងនេះ ប៉ុន្តែដើម្បីជាកិច្ចការជាបន្ទាន់ សម្ដេចត្រូវចេញបទបញ្ជាទៅអភិបាលរាជធានី ខេត្តទាំងអស់ សុំកុំប្រមូលប្រជាជន ដើម្បីបណ្ដុះបណ្ដាលរៀនសូត្រពីការបោះឆ្នោតសាកល្បងនេះ។

ការសម្រេចចេញបទបញ្ជានេះ ដោយសារសម្ដេចបានដឹងពីព័ត៌មានពីការប្រមូលផ្តុំប្រជាពលរដ្ឋនៅថ្ងៃស្អែកនេះ ដើម្បីហ្វឹកហាត់ក្នុងការបោះឆ្នោតសាកល្បងនៅខេត្តសៀមរាប ដែលខេត្តមួយនេះ មានឃុំចំនួន២កំពុងតែរីករាលដាលយ៉ាងខ្លាំង។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើលិខិតស្នើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីលុបចោលកម្មវិធីបោះឆ្នោតសាកល្បងនេះផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម