Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល​គ្រោង​​រៀបចំ​សារមន្ទីរ​ថ្មី​ ទុក​ដាក់​យុទ្ធភណ្ឌស្រង់​ពីកប៉ាល់លិច​សម័យសង្គ្រាម

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាគ្រោងបង្កើតសារមន្ទីរ សម្រាប់ដាក់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលស្រង់បានពីកប៉ាល់លិចកាលសម័យសង្គ្រាមស៊ីវិលចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅតាមដងទន្លេមេគង្គ។

គម្រោងបង្កើតសារមន្ទីរនេះ ត្រូវបានក្រសួងមហាផ្ទៃបើកកិច្ចប្រជុំអន្ដរក្រសួងសម្រាប់សិក្សា និងលើកគម្រោងនៅព្រឹកថ្ងៃទី១០មិថុនាឆ្នាំ២០២១ ក្រោមអធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្ដរក្រសួងនេះតាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ, មជ្ឍណ្ឌលជាតិ សម្រាប់កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់​សង្គ្រាមព្រមទាំងសមាជិក-សមាជិកា នៃក្រុមការងារអន្តរក្រសួងនេះផងដែរ។

មុននឹងរៀបចំសារមន្ទីរនេះ រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងមួយ ដែលក្រុមការងារនេះមានតួនាទីនិងភារកិច្ចសិក្សាស្វែងរកទីតាំងណាមួយ ឬមួយចំនួន សម្រាប់រៀបចំសារមន្ទីរដាក់តាំងនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រមូលបានពីកប៉ាល់ ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល, សិក្សា និងលើកគម្រោងរៀបចំសារមន្ទីរ សម្រាប់ដាក់តាំងនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលស្រង់បានពីកប៉ាល់លិចសម័យសង្គ្រាមស៊ីវិលចន្លោះឆ្នាំ១៩៧០-១៩៧៥ នៅតាមដងទន្លេមេគង្គ។

ជាពិសេសនោះ ក្រុមការងារ ក៏ត្រូវរៀបចំរបាយការណ៍អំពីការរៀបចំសារមន្ទីរនេះ ដើម្បីស្នើសុំការសម្រេចពីប្រមុខរាជរដ្ឋាភិបាល ហើយក្នុងការអនុវត្តភារកិច្ចខាងលើ ក្រុមការងារត្រូវធ្វើសេចក្ដីរាយការណ៍ និងស្នើសុំយោបល់ដឹកនាំពី សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏ដូចជាបំពេញការងារផ្សេងៗទៀតតាមការណែនាំពី សម្ដេចក្រឡាហោម ស ខេង និងប្រមុខរាជរដ្ឋាភិបាល។

លោក នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ ធ្លាប់បានលើកឡើងថា កិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាមាន៣ការដ្ឋានគឺការដ្ឋានទី១ នៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, កិច្ចដំណើរការដ្ឋានទី២ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល និងទី៣ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

លោក នាយឧត្តមសេនីយ៍ នាង ផាត បានបន្តថាក្នុងចំណោមប្រតិបត្តិការទាំង៣ការដ្ឋាននោះមានតែការដ្ឋានទី១ បានបិទបញ្ចប់ប្រកបដោយជោគជ័យដោយស្រង់គ្រាប់ដែលមិនទាន់ផ្ទុះជាង ១៦តោន និងសម្ភារសឹកមួយចំនួនទៀត។

លោក នាយឧត្តមសេនីយ៍ នាង ផាត បានបន្ថែមថាចំណែកប្រតិបត្តិការ នៅការដ្ឋានទី២-៣ បានកំពុងធ្វើប្រតិបត្តិការនៅឡើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម