Connect with us

ព័ត៌មានជាតិ

អនុព័ន្ធយោធា​អាមេរិក ចង់​ឲ្យ​កំណត់ពេល​ទស្សនកិច្ច​ជាថ្មី និង​អាច​ដើរ​មើល​គ្រប់​ទីកន្លែង​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែមិថុនា ឆ្នាំ​២០២១​នេះ អនុព័ន្ធយោធា​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា គឺ​លោក​វរសេនីយ៍ឯក Marcus M. Ferrara ដោយមាន​ការ​សម្របសម្រួល​ពី​អាជ្ញាធរ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​រាម ហើយ​ក្នុង​ពេល​ទស្សនកិច្ច​នោះ មន្ត្រី​យោធា​កម្ពុជា​មិនបាន​អនុញ្ញាត​ឲ្យ​លោក​អនុព័ន្ធយោធា​ទៅ​មើល​គ្រប់កន្លែង នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នោះទេ ដូច្នេះ​លោក​ក៏​សុំ​ឲ្យ​មានការ​កំណត់ពេល​ទស្ស​ន​កិច្ច​ជាថ្មី និង​អាច​ដើរ​មើល​គ្រប់​ទីកន្លែង​ទៀតផង នេះ​បើតាម​ការបញ្ជាក់​ពី​ស្ថានទូត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​លើក​ឡើង​ថា នៅក្នុង​ជំនួប​ជាមួយ​លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​យល់ព្រម​ឲ្យ​អនុព័ន្ធយោធា​របស់​ស្ថានទូត​អាមេរិក ចុះទៅ​មើល​នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ហើយ​ការសម្រេច​នេះ ក្រោយពី​អាមេរិក មាន​កង្វល់​ពី​វត្តមាន​យោធា និង​ការសាងសង់​នៅ​ទីតាំង​រាម របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

បើ​តាម​ស្ថានទូត​អាមេរិក អនុព័ន្ធយោធា​របស់​ស្ថានទូត​អាមេរិក គឺ​លោក​វរសេនីយ៍ឯក Marcus M. Ferrara ដោយមាន​ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​រាម នៅ​ថ្ងៃ​សុក្រ ទី១១ ខែមិថុនា។ នៅ​ក្នុងពេល​ទស្សនកិច្ច​ដ៏​ខ្លី​នោះ មន្ត្រី​យោធា​កម្ពុជា មិនបាន​អនុញ្ញាត​ឲ្យ​លោក​អនុព័ន្ធយោធា​ទៅ​មើល​គ្រប់កន្លែង នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​នោះទេ​។ នៅពេល​ដឹង​ច្បាស់​ថា លោក​មិនត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​មើល​បាន​អស់ លោក​វរសេនីយ៍ឯក Ferrara បាន​បញ្ចប់​ការ​ដើរ​មើល ហើយ​បាន​ស្នើសុំ​ឲ្យ​មន្ត្រី​យោធា​កម្ពុជា​កំណត់ពេល​ទស្សនកិច្ច​ឡើង​វិញ ដោយ​អនុញ្ញាត​ឲ្យ​មាន​ការដើរ​មើល​គ្រប់កន្លែង នៅក្នុងពេល​ខាងមុខ​ឲ្យ​បាន​ឆាប់​បំផុត​។

ស្ថានទូត​អាមេរិក​បញ្ជាក់ដែរថា ការធ្វើ​ទស្សនកិច្ច​ជាធម្មតា និង​ញឹកញាប់ របស់​អនុព័ន្ធយោធា​របស់​សហ​រដ្ឋ​អាមេរិក និង​អនុព័ន្ធយោធា​បរទេស​ដទៃ​ទៀត នៅ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម អាច​ជា​ជំហាន​មួយ​យ៉ាងសំខាន់ ឆ្ពោះទៅ​រក​តម្លាភាព និង​ការទុកចិត្ត​គ្នា​ទៅវិញទៅមក​បាន​ច្រើន​។

រហូតមកដល់​ពេលនេះ កម្ពុជា​ថ្មី​នៅ​មិនទាន់​ស​សុំ​ការ​បញ្ជាក់​ពី​ក្រសួងការពារជាតិ​បាន​នៅឡើយ​ទេ ប៉ុន្តែ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ធ្លាប់បាន​បញ្ជាក់ថា គេ​បាន​ចោទប្រកាន់ថា កម្ពុជា​បានប្រគល់​កំពង់ផែ​រាម​ធ្វើ​ឲ្យ​ទៅ​ចិន​ផ្ដាច់មុខ តែ​ការនិយាយ​នេះ គឺជា​ការនិយាយ​ទាំង​ងងើល ហាក់ដូចជា​កម្ពុជា​គ្មាន​ច្បាប់ គ្មាន​ទម្លាប់ គ្មាន​សិទ្ធិ​ធ្វើ​អ្វី​ទាំងអស់​។ កម្ពុជា​ក៏​ធ្លាប់បាន​បញ្ជាក់​ហើយ​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅក្នុង​ប្រទេស​របស់ខ្លួន​ទេ ប៉ុន្តែ​ទោះបីជា​មានការ​ពន្យល់​បែបនេះ ក៏​គេ​ធ្វើ​មិន​យល់​ដដែល​។ បើក​តាម​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អ្វីមួយ​ដែល​មិន​ស្របតាម​បំណង​របស់គេ គឺ​គេ​តែងតែ​ចោទប្រកាន់​ហើយ​។

បើតាម​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ផែ​រាម​នេះ គឺ​កម្ពុជា​ទេ ដែលជា​អ្នកប្រើប្រាស់ សម្រាប់​ជាតិ មាតុភូមិ របស់ខ្លួន ដូច្នេះ​គ្រាន់តែ​ធ្វើការ​អភិវឌ្ឍ ដើម្បី​ជាតិ​របស់ខ្លួន អត់​មាន​អ្វី​ខុស​ទេ រដ្ឋធម្មនុញ្ញ​ក៏​មិនបាន​ហាម​ដែរ ដូច្នេះ​បើ​រដ្ឋធម្មនុញ្ញ​បើក​ឲ្យ​មានការ​អភិវឌ្ឍ​បែបនេះ​ទៅហើយ យើង​មិនអាច​នៅ​ស្ងៀម​បានទេ​។

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អះអាងថា រឿង​ការអភិវឌ្ឍ​ប្រទេស​របស់​កម្ពុជា​នេះ មិនមាន​អ្វី​ខុស​ទេ ប៉ុន្តែ​អ្វីដែល​ខុស​នោះ គឺ​ភូមិសាស្ត្រ​នយោបាយ​។ សម្តេច​បន្តថា ការចោទប្រកាន់​នេះ​មិនមែន​ទើបតែ​ពេលនេះ​ទេ គឺ​បានធ្វើ​ឡើងជា​យូរ​មកហើយ និង​គ្រប់​រឿង​ទាំងអស់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម