Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចបញ្ជូនជនសង្ស័យ​២​នាក់ទៅតុលាការករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

បានផុស

នៅ


នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជូនមេខ្យល់ចំនួន២នាក់ ដែលពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនី​តិ​ជនបានឱ្យដឹងថា នៅវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិ​យា​ល័យនគរបាលប្រឆាំង​ការជួញដូរមនុស្ស និង​ការពារអនីតិជន បានធ្វើការឃាត់រថយន្តសាំងយ៉ុង១​គ្រឿង តៃកុងឈ្មោះ ម៉ាន គន្ធា អាយុ៤២​ឆ្នាំ រស់នៅ​ក្រុង​ប៉ោយប៉ែត ដឹកមនុស្សប្រុស ស្រី ចំនួន១៥នាក់ នៅ​លើផ្លូវជាតិលេខ៦ ចំណុច​ស្ពាន​ទី១ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

ក្រោយពីធ្វើការសួរនាំមនុស្សទាំង១៥នាក់និងអ្នកបើករថយន្តរួចមកដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្រប​សម្រួល​ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល​ជំនាញ​បានធ្វើការឃាត់ខ្លួនតៃកុងរថយន្តខាងលើបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពីបទពាក់ព័ន្ធ​ករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ។

ដោយឡែកបុរសម្នាក់ទៀត ឈ្មោះ សេង ហ៊ុយ អាយុ ៣១ ឆ្នាំ រស់នៅ ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងសម្ថកិច្ចចម្រុះ នៅចំណុចភូមិតេជោភ្នំឆ័ត្រ ដើរ​ល្បាតប្រទះឃើញនិងធ្វើការឃាត់ខ្លួន ខាងជើងភូមិតេជោភ្នំឆ័ត្រចម្ងាយប្រហែល៥០ម៉ែត្រ ក្នុងភូមិ​សាស្ត្រ​ភូមិតាជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក នៅវេលាម៉ោង៤​និង៣០នាទីល្ងាច​ថ្ងៃទី១២​ខែមិថុនា ឆ្នាំ២០២១ ដែល​ពាក់ព័ន្ធនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ចំនួន​១០​នាក់។

នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន លោកវរសេនីយ៍​ឯក ឡាយ គឹម​លួន បានបញ្ជាក់ថាតាមចម្លើយសារភាពរបស់ជនពាក់ព័ន្ធទាំង២នាក់ ១ឈ្មោះម៉ាន គន្ធាហៅសុធា បានសារភាពេបានដឹកពលករខ្មែរទាំង១៥នាក់មកពីខេត្តព្រៃវេងនិងខេត្តកំពង់ចាម បានតម្លៃម្នាក់​៣០.០០០រៀល យកមកសាងនៅខេត្តបន្ទាយមានជ័យនិងឈ្មោះសេង ហ៊ុយ បានសារភាពថាគេដឹកពលករទាំង១០នាក់ ពីខេត្តបន្ទាយមានជ័យទៅចំណុចខាងជើងភូមិតេជោ​ភ្នំឆ័ត្រ ឃុំស្វាយចេកតម្លៃម្នាក់៥០.០០០រៀល៕ អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម