Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ ករណីមរណភាពរបស់អតីតអ្នកជំងឺកូវីដ-១៩

បានផុស

នៅ

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីមរណភាពរបស់អតីតអ្នកជំងឺកូវីដ១៩ នៅយប់ថ្ងៃទី១៤ ខែមិថុនា។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា លោក ម៉ម សុខេន អាយុ៤៩ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានជំងឺរុំារ៉ៃប្រចាំកាយ និងធ្លាប់បានរកឃើញវិជ្ជមានមេរោគកូវីដ-១៩ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ ក្រោយការសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបជាងមួយខែ លោកបានជាសះស្បើយជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមរយៈការធ្វើតេស្តឃើញអវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យវិលត្រឡប់ទៅលំឋានវិញ និងបានណែនាំឱ្យបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តបានបង្ហាញបន្តទៀតថា ដោយសារស្ថានភាព សុខភាពមានជំងឺរុំារ៉ៃផងនោះ ទោះបីជាការព្យាបាលជាសះស្បើយជំងឺកូវីដ-១៩ ក៏ដោយ ក៏ស្ថានភាពសុខភាពមិនបានល្អឡើងវិញនោះឡើយ រហូតដល់យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក ម៉ម សុខេន បានទទួលមរណភាព នៅផ្ទះរបស់លោក ស្ថិតនៅភូមិដកពោធ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ក្រោយមរណភាព ដើម្បីឱ្យកាន់តែបញ្ជាក់ច្បាស់ និងដើម្បីជៀសវាងការមានមន្ទិលសង្ស័យពីសាធារណជន ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានចុះយកសំណាកនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយទទួលបានលទ្ធផលអវិជ្ជមាននៃមេរោគកូវីដ-១៩។

រដ្ឋបាលខេត្ត សម្រេចអនុញ្ញាតឱ្យក្រុមគ្រួសារសព លោក ម៉ម សុខេន ធ្វើបុណ្យតាមប្រពៃណីបាន តែត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត។

អាស្រ័យដូចបានជម្រាបជូនខាងលើ រដ្ឋបាលខេត្តសៀមរាប បានអំពាវនាវសូមប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)។

អត្ថបទ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម