Connect with us

ព័ត៌មានជាតិ

តើចាំទេ? ថ្ងៃនេះ ខួប​៥៩​ឆ្នាំ ដែល​តុលាការ ICJ សម្រេច​ឲ្យ​កម្ពុជា ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ

បានផុស

នៅ

ថ្ងៃនេះ គឺជា​ខួប​៥៩ ឆ្នាំ (១៥ មិថុនា ១៩៦២-១៥ មិថុនា ២០២១) ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ បានសម្រេច​ឱ្យ​កម្ពុជា​ទទួល​ជ័យជម្នះ​លើ​រឿងក្តី​ប្រាសាទព្រះវិហារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយឡែក ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​មួយទៀត ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ភាព​ឆ្លាត​វៃ​របស់​រាជ​រដ្ឋា​ភិ បាល​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រាសាទព្រះវិហារ ត្រូវបាន​អង្គការ UNESCO សម្រេច​ចុះ​ក្នុង​បញ្ជី​បេ​តិក ភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០០៨​។​

​គួររម្លឹកថា ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុងឡាអេ​បានសម្រេច​សេចក្តី​ថា ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី ដែល​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា បញ្ជា​ឱ្យ​ថៃ​ត្រូវតែ​ដក​កងទ័ព ប៉ូលិស ឬ​ឆ្មាំ​ផ្សេងទៀត ដែល​ឈរជើង​នៅក្នុង​ប្រាសាទ និង​នៅ​ជុំវិញ​ប្រាសាទ​ក្នុង​ដែនដី​របស់​កម្ពុជា ហើយ​តម្រូវ​ឱ្យ​ភាគី​ថៃ​ត្រូវ​ប្រគល់​នូវ​រាល់​វត្ថុ​បុរាណ​ដែល​ថៃ​បាន​យក​ចេញពី​ប្រាសាទព្រះវិហារ ឬ​ពី​តំបន់​ប្រាសាទ ក្នុង​អំឡុង​ពេល​ដែល​ថៃ​កាន់កាប់​ប្រាសាទ​ចាប់តាំងពី​ឆ្នាំ​១៩៥៤ មក​ឲ្យ​កម្ពុជា​វិញ​។​

​តែ​នៅ​ឆ្នាំ​២០០៨​ភាគី​ថៃ​បាន​លើកទ័ព​ចូល​លុកលុយ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​ជាប់​ប្រាសាទព្រះវិហារ ដើម្បី​ប៉ុនប៉ង​ដណ្ដើម​ទឹកដី​នៅ​តំបន់​ប្រាសាទព្រះវិហារ បន្ទាប់ពី​ប្រាសាទព្រះវិហារ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​មនុស្សជាតិ​ពិភពលោក​នា​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០០៨​។

​ជម្លោះព្រំដែន​រវាង​កម្ពុ​ជា និង​ថៃ​បាន​ផ្ទុះឡើង​ម្ដងទៀត​យ៉ាង​ស្រួចស្រាវ​ឈានដល់​ការផ្ទុះអាវុធ​ដាក់គ្នា​។ តួ​ប្រាសាទ ព្រះវិហារ​ជាច្រើន បាន​រង​នូវ​អំបែង​គ្រាប់​របស់​ទាហាន​ថៃ​។​

​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ បាន​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ ទាំង​ផ្នែក​ការទូត និង​កម្លាំង​ប្រ ដាប់​អាវុធ ដើម្បី​ការពារ​ប្រាសាទ និង​ទឹក ដី​នៅ​ជុំវិញ​នោះ​។ រហូតដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្ដរជាតិ បាន​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​ឡើងវិញ និង​បានសម្រេច​ថា​កម្ពុ​ជាមាន​អធិបតេយ្យភាព​លើ​ដែនដី​ទាំងមូល​នៃ​តំបន់​ប្រាសាទព្រះវិហារ និង​សម្រេច​ឱ្យ​ភាគី​ថៃ​ដក​កងកម្លាំងប្រដាប់អាវុធ និង​ឆ្មាំ​ប្រាសាទ​ទាំងអស់​ចេញពី​បរិវេណ​ជុំវិញ​ប្រាសាទ​៕

ដោយ ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម