គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ពីរ​កន្លែង​ តម្លៃ​​ជាង ២០០លាន​ដុល្លារ បាន​បញ្ចប់​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ ២០២១
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ពីរ​កន្លែង​ តម្លៃ​​ជាង ២០០លាន​ដុល្លារ បាន​បញ្ចប់​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ ២០២១

បានផុស

នៅ

ក្នុង​ឆ្នាំ ២០២១ មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធជាច្រើន​​គ្រោង​បញ្ចប់ ប៉ុន្តែ​គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​ ២០២១ ទើប​តែ​ឃើញ​គម្រោង​ពីរ​ប៉ុណ្ណោះ​បាន​បញ្ចប់​ស្ទើរ ១០០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ

ស្ពានមិត្តភាពកម្ពុជា-ចិន ដែលតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមទៅកាន់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បាន​ស្ថាបនារួចរាល់​ទាំង​ស្រុង និងបានដាក់​ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ន។ ស្ពានមិត្តភាពកម្ពុជា-ចិន ដែលឆ្លងកាត់ទន្លេមេគង្គនេះ មានប្រវែងសរុប ១១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុង សរសៃដែក។ ស្ពាននេះ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយ​ចំណាយថវិកាសរុបជាង ៥៦លានដុល្លារ។

មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បាន​បើក​ឱ្យ​ដំណើរការ​ជាបណ្តោះអាសន្ន ដើម្បី​ជួយ​សម្រួល​ដល់ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ កុំ​មាន​ការ​កកស្ទះ​ប្រើ​សាឡាង​ទៀត។

ផ្លូវជាតិ​លេខ ៣

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត​មក​ដល់​ពេល​នេះ​សម្រេច​ស្ទើរ ១០០% ទៅ​ហើយ នៅ​សេសសល់​តែ​ការងារ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ។ បច្ចុប្បន្ន​ក្រសួងសាធារណការ និង​ដឹកជញ្ជូន កំពុង​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ពន្លឿន​ការងារ បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​យានយន្ត កាមេរ៉ា​សុវត្ថិភាព ជញ្ជីង​ថ្លឹង​ទម្ងន់​ក្រោម​ដី និង​ជញ្ជីង​ថ្លឹង​ទម្ងន់​នៅ​ក្នុង​ស្ថានីយ។

កំណាត់​ផ្លូវ​ជាតិ​មួយ​ខ្សែ​នេះ បាន​បើកការ​ដ្ឋានសាងសង់កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨​ចាប់ពី​រង្វង់មូល​ចោមចៅ​ដល់ក្រុងកំពត មានប្រវែងសរុបជិត ១៣៥គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងកំពត ដែល​ ចំណាយ​ថវិកា​សាងសង់​ជាង ២០០លានដុល្លារអាមេរិក។

ដោយឡែក ក្រៅ​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ពីរ​នេះ​ខាងលើនេះ គម្រោង​ហេដ្ឋារចនាសម្ពន្ធ​សម្ព័ន្ធ​មួយ​ចំនួន​ទៀត​ ដែល​គ្រោង​រួចរាល់​នៅ​ឆ្នាំ ២០២១ នេះ មិន​ទាន់​មានព័ត៌មាន​អាច​បញ្ចប់​តាម​ផែនការ​ឬ​អត់​នោះ​ទេ។

គម្រោង​ទាំង​នោះ​មាន​ដូចជា៖

ស្ពាន​ខ្សែកាប​ទៅ​តំបន់​អភិវឌ្ឍ​ជ្រោយ​ចង្វា

ស្ពាន​យោង​ដោយ​ខ្សែកាប​ភ្ជាប់រវាងផ្លូវ​ជាតិ​លេខ៥​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​រណប​ជ្រោយចង្វា តាម​គ្រោង​ការ​​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០២១។ ស្ពាន​ដែល​មាន​ប្រវែង​ប្រមាណ៥០០ម៉ែត្រ​ ជា​គម្រោង​របស់​ក្រុមហ៊ុន OCIC ដែល​ចំណាយ​ថវិកា​សាងសង់​ជាង ៣៥លាន​ដុល្លារ​អាមេរិក ជា​ថវិកា​របស់​រដ្ឋាភិបាល​បាន​មក​ពី​ការជួល​ដី​ទីក្រុង​រណប​ជ្រោយ​ចង្វា​រ​ដល់​ក្រុមហ៊ុន OCIC។

ស្ពាន​អាកាស​និង​រង្វង់​មូល​ចោមចៅ

ការដ្ឋាន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោមដី​រង្វង់​មូល​ចោមចៅ តាមផែនការ​នឹង​​បញ្ចប់​នៅ​ឆ្នាំ ២០២១។ ​ស្ថាបនា​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC) ដោយ​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ២២លានដុល្លាអាមេរិក។ ក្រោយ​ការ​បើក​ការដ្ឋាន​កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងមក គិត​មក​ពេលនេះ​ទើប​សម្រេច​បាន​ជាង ៦០ ភាគរយ​ប៉ុណ្ណោះ។

ផ្លូវ ៣៨ ខ្សែ​នៅ​សៀមរាប

កាល​ពី​ដើម​ខែ​មករា ២០២១ ខណៈ​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​ចុះ​ទៅ​ពិនិត្យ គម្រោង​កែលម្អផ្លូវ ៣៨ ខ្សែ​ក្នុង​ក្រុង​សៀមរាប សម្រេច​បាន​ប្រមាណ​ជាង ១៤​ ភាគរយ ដោយ​នេះ​រួមបញ្ចូល​ទាំង​ការងារ​សាងសង់​រួច និង​សម្ភារៈ​ដែល​បាន​បញ្ជូន​ដល់​ការដ្ឋាន។

ដោយឡែក​មកដល់​ពេលនេះ មិន​ទាន់​មាន​របាយការណ៍​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ទាំង ៣៨ ខ្សែ​នៅ​ក្រុង​សៀមរាប បាន​បញ្ចប់​បាន​ប៉ុន្មាន​ភាគរយ​​ទៀតនោះ​ទេ​។

ផ្លូវ​ទាំង ៣៨ ខ្សែ មាន​ប្រវែង​សរុប ១០៨ គីឡូម៉ែត្រ បាន​បើក​ការដ្ឋាន​កាលពីថ្ងៃទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២០ ក្រោម​អធិបតីភាព​សម្ដេចតេជោ ហ៊ុន សែន គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២១។ ចាយ​កញ្ចប់​ថវិកា​ប្រមាណ ១៤០ លាន​ដុល្លារ រួម​ទាំង​កញ្ចប់​ថវិកា​ជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុង​ការ​រៀបចំ ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅ​ក្រៅ​គម្រោង៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services