Connect with us

ព័ត៌មានជាតិ

អង្គការ​សហគ្រិន​អន្តរជាតិ​ប្រចាំ​កម្ពុជា​ ជំរុញ​សហគ្រិន​កម្ពុជា​ទៅ​កម្រិត​អន្តរជាតិ

បានផុស

នៅ

​អង្គការ​សហគ្រិន​អន្តរជាតិ​ប្រចាំ​កម្ពុជា EO Cambodia នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ផ្សព្វផ្សាយ​កម្មវិធី​សហគ្រិនភាព​របស់​ខ្លួន​ ដោយ​លើកយក​ប្រធានបទ «​ឱកាស​សម្រាប់​សហគ្រិន​កម្ពុជា​ពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (RCEP)» មក​ពិភាក្សា​តាមរយៈ​ការពន្យល់​បកស្រាយ​ពី​ឯកឧត្តម​បណ្ឌិត សុក ស៊ីផា​ណា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សិក្ខាសាលា​នេះ​ក៏មាន​ការចូលរួម​ពី​សមាជិក EO Cambodia និង​ពាណិជ្ជករ​សក្តានុពល​ជាច្រើនរូប ព្រមទាំង​មានការ​ចែករំលែក​បទ​ពិសោធន៍​ជាក់ស្តែង​ពី​សារៈសំខាន់​នៃ​ការ​ក្លាយខ្លួនជា​សមាជិក​រប​ស់ EO ផងដែរ​។

​ឯកឧត្តម​បណ្ឌិត សុក ស៊ីផា​ណា ជា​ស្ថាបនិក SokSiphana&associates និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុ​ជា បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ថា ពាណិជ្ជករ​កម្ពុជា​ដែល​ចូលរួម​ជា​សមាជិក​របស់ EO Cambodia នឹង​មានឱកាស​រីកចម្រើន​ពី​កិច្ចព្រមព្រៀង RCEP ដោយសារ​ហេតុផល​សំខាន់​៣ គឺ​ ទី​១. ​ភាពខ្លាំង​នៃ​ធនធានមនុស្ស ទី​២. ការ​មានបទពិសោធន៍​គ្រប់គ្រាន់ និង​ទី​៣ បណ្តាញ​ដ៏​ធំ​ទូលាយ​ជាមួយ​ពាណិជ្ជករ​ធំៗ​។

​យោងតាម​ឯកឧត្តម​បណ្ឌិត សុក ស៊ីផា​ណា​, កិច្ចព្រមព្រៀង RCEP នឹងមិន​យកពន្ធ​គយ​លើ​មុខទំនិញ​ដល់​ទៅ ៩២ ភាគរយ ព្រមទាំង​បើក​ទីផ្សារ​សម្រាប់​ពាណិជ្ជកម្ម​សេវាកម្ម​ដល់​ទៅ ៦៥ ភាគរយ ដើម្បី​សម្របសម្រួល និង​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​តំបន់​។​

​ឯកឧត្តម​ថ្លែងថា​៖«​ឱកាសល្អ​មួយ​ដែល​កម្ពុជា​នឹង​ទទួលបាន​ប្រយោជន៍​នៅពេលដែល RCEP ចូល​ជា​ធរមាន គឺ​យើង​នឹង​ទទួលបាន​គម្រោង​វិនិយោគ​ពី​ក្រៅប្រទេស​កាន់តែ​ច្រើនឡើង​»​។ ឯកឧត្តម​បញ្ជាក់ថា​៖«​ទាក់ទង​នឹង​ផ្នែក​វិស័យ​សេវាកម្ម​វិញ ខ្ញុំ​រំពឹងថា​ក្រុមហ៊ុន​ជប៉ុន​កាន់តែ​ច្រើនឡើង​នឹង​មក​កម្ពុជា សម្លឹងមើល​ឱកាស​ទិញ​ភាគហ៊ុន​ចូល​វិនិយោគ​ក្នុង​វិស័យ​សេវា​កម្មនេះ​»​។

​ឯកឧត្តម​បណ្ឌិត​បញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នឹង​ផ្តល់​ដល់​ក្រុមហ៊ុន​កម្ពុជា និង​ពាណិជ្ជករ​កម្ពុជា​នូវ​ឱកាស​ពាណិជ្ជកម្ម និង​ភាពជា​ដៃគូ​កាន់តែច្រើន ដែល​អាច​ឲ្យ​ពាណិជ្ជករ​កម្ពុជា​ចូលរួម​ក្នុង​ខ្សែចង្វាក់​ថ្មី​នៅក្នុង​តំបន់​ព្រមទាំង​បង្កើន​ការវិនិយោគ​បរទេស​នៅ​កម្ពុជា​ផងដែរ​។ RCEP មាន​ប្រទេស​ជា​សមាជិក​សរុប​ចំនួន ១៥ ប្រទេស ដែល​រួមមាន​សមាជិក​អាស៊ាន​ទាំង ១០ ប្រទេស និង​ប្រទេស​ជា​ដៃគូ​អាស៊ាន​៥​ទៀត​ គឺ​ចិន អូស្ត្រាលី ជប៉ុន ណូ​វែ​ល​សេ​ឡង់ និង​កូរ៉េខាងត្បូង​។​

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​លក្ខណៈ​តំបន់​ដូចជា RCEP នេះ​នឹងធ្វើ​ឲ្យ​ភាពជា​សមាជិក​របស់​ពាណិជ្ជករ​កម្ពុជា​ជាមួយ​បណ្តាញ​អ្នកជំនួញ​ធំៗ​ដូចជា EO កាន់​តែមាន​សារៈសំខាន់​។​

​លោក Hanky Lee សមាជិក EO ប្រចាំ​ប្រទេស​ហ្វ៊ី​លី​ពី​ន (EO Philippines) បាន​លើកឡើងថា​ភាពជា​សមាជិក​របស់​ប​ណ្តា​ញ​អ្នកជំនួញ​ដ៏​ធំ​នេះ​បាន​ជួយ​អាជីវកម្ម​របស់លោក​យ៉ាងច្រើន ដោយ​លោក​មានឱកាស​ចូលរួម​វេទិកា​ធំៗ សិក្ខាសាលា​អភិវឌ្ឍន៍​ខ្លួន​ទាំង​ក្នុងប្រទេស​និង​អន្តរជាតិ កម្មវិធី​អប់រំ​ជា​យុទ្ធសាស្ត្រ​សម្រាប់​បុគ្គល​ជា​ថ្នាក់ដឹកនាំ និង​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​សមាជិក​ដែលមាន​ចំណាប់អារម្មណ៍​ដូចគ្នា​។

​លោក​ថ្លែងថា​៖«​ចំណុច​ទាំងនេះ​ គឺជា​អ្វីដែល EO បាន​ជួយ​ឲ្យ​ខ្ញុំ​មើលឃើញ​ពី​ឱកាស​ជុំវិញ​ដើម្បី​រីកចម្រើន ហើយ​ទស្សនៈ​របស់ខ្ញុំ​គឺថា ​ខ្ញុំ​ត្រូវ​ចាប់យក​ឱកាស​ទាំងនោះ​។ ដោយហេតុ​ដូច្នេះហើយ សម្រាប់​ខ្ញុំ​ការចូល​រួមជាមួយ EO គឺជា​កាដូរ​ដ៏​ធំ​។ ខ្ញុំ​គិតថា អ្នក​ទាំងអស់គ្នា​ក៏​អាច​ទទួលបាន​កាដូរ​នេះដែរ ដោយ​គ្រាន់តែ​អ្នក​ចូល​ជា​សមាជិក​របស់ EO»​។

​លោក គុយ វ៉ាត ប្រធាន EO Cambodia បានលើកឡើង​នៅក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្តីពី «​ឱកាស​សម្រាប់​សហគ្រិន​កម្ពុជា​ពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ (RCEP)» ដោយ​រំឭក​ពី​សារៈសំខាន់​នៃ​ការចែករំលែក​របស់​អ្នកជំនាញ​ដូចជា​ឯកឧត្តម​បណ្ឌិត សុក ស៊ីផា​ណា ហើយ​បញ្ជាក់ថា ​សមាជិក EO Cambodia នឹង​ខិតខំ​សហការ​និង​ពង្រឹង​បណ្តាញ​ទំនាក់ទំនង​ដើម្បី​ចាប់យក​ប្រយោជន៍​ឲ្យ​បាន​កាន់​តែច្រើន​ពី​កិច្ចព្រមព្រៀង RCEP ដើម្បី​ជំរុញ​កំណើន​វិស័យ​ឯកជន និង​សេដ្ឋកិច្ចកម្ពុជា​។

EO គឺជា​បណ្តាញ​នៃ​ក្រុម​អ្នកជំនួញ​ធំៗ​លើ​ពិភពលោក ដែល​ត្រូវបាន​បង្កើតឡើង​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៩៨៧ ហើយ​ស្ថាប័ន​នេះ​កំពុងមាន​វត្តមាន​ក្នុងប្រទេស​ចំនួន ៦១ ទូទាំង​ពិភពលោក ដោយ​បច្ចុប្បន្ន​មាន​ម្ចាស់​អាជីវកម្ម និង​វិនិយោគិន​ជាង ១៤ ០០០ នាក់​ទូទាំង​ពិភពលោក​ជា​សមាជិក​។ EO Cambodia ត្រូវបាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី១៨ ខែ​កញ្ញា ឆ្នាំ២០១៩ ដោយមាន​សមាជិក​ស្ថាបនិក​ជា​ម្ចាស់​អាជីវកម្ម​ធំៗ និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​អាជីវកម្ម​ធំៗ​ប្រចាំ​កម្ពុជា​៕

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ភាពជា​សមាជិក EO Cambodia សូម​ទាក់ទង​៖

​កញ្ញា Thul Sreyta ប្រធាន​រដ្ឋបាល EO Cambodia

Tel: 085 768 889

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម