Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ៤ នាក់ទៀតស្លាប់នៅខេត្តព្រៃវែង សង្ស័យពុលស្រា

បានផុស

នៅ

មនុស្សចំនួន ៤ នាក់ នៅស្រុកពារាំង ខេត្តព្រៃវែង បានស្លាប់ជាបន្តបន្ទាប់ក្នុងថ្ងៃតែមួយ បន្ទាប់​ពីគេ​ដាក់​ការ​សង្ស័យ​ទៅ​លើ​ករណី​ពុល​ស្រា​ស និង​ស្រា​ថ្នាំ។

អភិបាលស្រុកពារាំង លោក ហ៊ី ធួក បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២០ ខែ​មិថុនា​ថា​ករណី​សង្ស័យ​ពុល​ស្រា​ស​ស្រា​ថ្នាំ បណ្ដាល​ឱ្យស្លាប់​បាត់បង់ជីវិតរហូតដល់៤នាក់នេះ បាន​កើត​ឡើង​នៅក្នុងភូមិយោត ឃុំមេសរប្រចណ្ឌ័ ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី១៩មិថុនា ដោយជនរងគ្រោះទី១ឈ្មោះ ឆួន ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ ទី២ឈ្មោះ សឺន ផន ភេទប្រុស អាយុ៣១ឆ្នាំ ទី៣ឈ្មោះ ចយ ភេទប្រុស អាយុ៤៥ឆ្នាំ និងទី៤ឈ្មោះ ហ៊ាន ណេន ភេទប្រុស អាយុ៤៧ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ី ធួក បានបន្តទៀតថា ក្នុងចំណោមជនរងគ្រោះទាំងអស់ គឺមានជនរងគ្រោះម្នាក់​បាន​ស្លាប់​ពេលក្រុមគ្រួសារបញ្ជូនមកដល់មន្ទីរពេទ្យ ចំណែកជនរងគ្រោះ៣នាក់ផ្សេងទៀត គឺបានស្លាប់​បាត់​បង់​ជីវិតនៅនឹងផ្ទះរបស់ពួកគាត់ ហើយចំពោះមូលហេតុនៃការស្លាប់​របស់ជនរងគ្រោះទាំង៤នាក់​ខាងលើនេះ ទាំងសមត្ថកិច្ចនិងមន្រ្តីជំនាញសុខាភិបាល កំពុងតែចុះស្រាវជ្រាវ​យ៉ាងយកចិត្ត​ទុកដាក់​បំផុត ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ គឺគ្រាន់តែសង្ស័យថា ជាករណីពុលស្រា ដោយសារមុនស្លាប់ជនរងគ្រោះទាំងអស់សុទ្ធតែបានផឹកស្រាសស្រាថ្នាំដូចគ្នា។

លោកអភិបាលស្រុកបានបញ្ជាក់ថា ពេលនេះទីតាំងផលិតស្រាស និងលក់ស្រាសស្រា​ថ្នាំទាំង​អស់​ក្នុង​តំបន់នោះ ត្រូវបានបិទអស់ហើយ ហើយមន្រ្តីជំនាញសុខាភិបាល ក៏បានប្រមូលយកសំណាក​គំរូស្រាសស្រាថ្នាំដែលជនរងគ្រោះបានផឹក យកទៅពិនិត្យរួចហើយដែរ ដូច្នេះនៅពេលដែល​លទ្ធផល​ចេញមក យើងនិងដឹងច្បាស់ថា ជនរងគ្រោះទាំង៤នាក់នេះ គឺស្លាប់ដោយសារមូល​ហេតុ​អ្វីហើយ។

ដោយឡែកលោកវិជ្ជបណ្ឌិត ហួត កណ្យាល ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកពារាំង​បានឱ្យដឹងនៅរសៀល​ថ្ងៃទី២០មិថុនានេះថា ចំពោះជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅ​ភូមិយោត ឃុំមេសរប្រចណ្ឌ័នោះ ក្រុមគ្រូពេទ្យជំនាញរបស់លោកបានចុះទៅពិនិត្យរួចហើយ ដោយការពិនិត្យនោះ ដំបូងគឺពិនិត្យរកមេរោគកូវីដ១៩ ដើម្បីកុំឱ្យ​ប្រជាពលរដ្ឋនៅតំបន់នោះ​មានការព្រួយ​បារម្ភ​ហើយលទ្ធផល គឺជនរងគ្រោះអវិជ្ជមានទាំងអស់។

ជាមួយគ្នានោះដែរ ក្រុមគ្រូពេទ្យក៏បានយកសំណាកស្រា ដែលជនរងគ្រោះបានផឹក បញ្ជូនទៅ​ពិនិត្យ​នៅក្នុងមន្ទីរពិសោ​ធន៌ឯរាជធានីភ្នំពេញផងដែរ ដើម្បីបញ្ជាក់អោយច្បាស់ថា តើជនរងគ្រោះពិតជាស្លាប់ដោយសារពុលស្រា មែនឬមិន​មែន? ប៉ុន្តែពេលនេះ លទ្ធផលពិនិត្យមិនទាន់ចេញនៅឡើយទេ៕ អត្ថបទ៖ សៅគ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម