Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ អំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន

បានផុស

នៅ

ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា បានមានព្រះរាជបន្ទូលថា យើងទាំងអស់គ្នាប្រាកដជាមិនអាចប៉ាន់ស្មានបានថា ការរីករាល​ដាល នៃជំងឺរាតត្បាត កូវីដ-១៩ ដ៏កាចសាហាវ នឹងត្រូវផុតរលត់ពីផែនដីនៅពេលណា​នោះទេ ជាមួយគ្នានោះព្រះអង្គបានអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តនូវវិធានការ​របស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់។

ការបញ្ជាក់របស់ព្រះមហាក្សត្រ បានធ្វើឡើងនៅក្នុងព្រះរាជសារមួយច្បាប់ ក្នុងឱកាសការបើក​បវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមព្រះរាជសារ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា៖ “ជាបន្តទៅមុខទៀត យើងទាំងអស់គ្នាប្រាកដជាមិនអាចប៉ាន់ស្មានបានថា ការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ដ៏កាចសាហាវ នឹងត្រូវផុតរលត់ពីផែនដីនៅពេល​ណា​នោះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមឱ្យបង ប្អូនជនរួមជាតិទាំងអស់បន្តអនុវត្តនូវវិធានការរបស់​រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ព្រមទាំងស្វះស្វែងរួមគ្នា ដើម្បីឱ្យប្រជាពលរដ្ឋយើង​ទទួល​បាននូវការចាក់វ៉ាក់សាំងបានគ្រប់ៗគ្នា”។

ព្រះរាជសាររបស់ព្រះអង្គបានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ស្ថាប័ន​រដ្ឋសភា ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន បានដឹកនាំពិនិត្យ ពិភាក្សា អនុម័តនូវច្បាប់ជាច្រើន ដើម្បីប្រើប្រាស់ ជាឧត្តមប្រយោជន៍ជាតិ។ ជាមួយគ្នានោះ អង្គសភាបាន​ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ទាំងឡាយបានហ្មត់ចត់ និងទាន់ពេលវេលា ជាពិសេសសេចក្តី​ព្រាងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានអនុម័តជាការប្រញាប់ ដើម្បីបានប្រើ​ប្រាស់​ក្នុងស្ថានការណ៍ពិសេស ដែលកម្ពុជាកំពុងរាតត្បាតដោយជំងឺឆ្លងក្នុងសហគមន៍។

ព្រះរាជសារ បានកោតសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសុខាភិបាល និង ស្ថាប័នពាក់ព័ន្ធជាសេនាធិការ បានខិតខំប្រឹងប្រែងរួមគ្នាប្រយុទ្ធ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាពិសេសកិច្ចខិតខំប្រឹងប្រែង​ក្នុងការកៀរគរមូលនិធិ និងជំនួយវាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋយើង​ដោយឥត​គិតថ្លៃ។

ព្រះអង្គបានអរគុណចំពោះសហគមន៍អន្តរជាតិ ដែលមានអង្គការសុខភាពពិភពលោក បានផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងបានសម្របសម្រួលផ្តល់ជំនួយវាក់សាំងកូវីដ-១៩ ក្នុងដំណាក់ កាលដំបូងតាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ព្រមទាំងប្រទេសជាមិត្តនានា ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ជំនួយវាក់សាំងកន្លងមក និងបន្តផ្តល់ថែមទៀត ដល់កម្ពុជា។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា នេះ រដ្ឋសភាបានបើកសម័យប្រជុំ ពេញអង្គលើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​ការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា ចំនួន៨២រូប រួមទាំងតំណាង​រាជរដ្ឋាភិបាល ដែលពាក់ព័ន្ធជាច្រើនផងដែរ។

របៀបវារៈ នៃកិច្ចប្រជុំពេញអង្គនេះ មានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ បេក្ខជនប្រធានគ.ជ.បថ្មី លោកប្រាជ្ញ ចន្ទ ការបោះឆ្នោតជ្រើសតាំងសមាជិកសភា២រូប រួមទាំងការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់មួយចំនួនផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម