Connect with us

ព័ត៌មានជាតិ

ក្រេ​ឌី​ត​ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី និង ធនាគារ​ស្ថាបនា​ភីអិលស៊ី ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ឌីជីថល ដើម្បី​ធ្វើឱ្យ​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​អាច​ប្រើប្រាស់​បាន​កាន់តែ​ទូលំទូលាយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​

បានផុស

នៅ

ធនាគារ​ស្ថាបនា និង​ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី (​ស៊ី​ប៊ី​ស៊ី​) បានប្រកាស​បើក​ដំណើរការ​ភាពជា​ដៃគូ​ឌីជីថល​ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់​ធនាគារ​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដោយផ្ទាល់​តាមរយៈ​Sathapana Mobile គ្រប់ពេល​គ្រប់​ទីកន្លែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភាពជា​ដៃគូ​ឌីជីថល​នេះ គឺជា​ដៃគូ​លើកដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ការប្តេជ្ញាចិត្ត​របស់​ស្ថាប័ន​ទាំងពីរ ​ក្នុងការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ បរិយាប័ន​ហិរញ្ញវត្ថុ និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ហានិភ័យ​ឥណទាន​នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​របាយការណ៍​ឥណទាន​របស់​អ្នក​ខ្ចីប្រាក់ គឺជា​កំណត់ត្រា​មួយ​នៃ​ប្រវត្តិ​ទូទាត់​សង​ឥណទាន​របស់​ពួកគេ ដែល​ប្រមូល​បានមកពី​បណ្តា​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងៗ​។ ជាធម្មតា​អ្នកផ្តល់​ប្រាក់កម្ចី​នឹង​ពិនិត្យមើល​របាយការណ៍​ឥណទាន​ដើម្បី​វាយតម្លៃ​ពី​លទ្ធភាព​នៃ​ការទទួលបាន​ឥណទាន​របស់​អ្នក​ខ្ចី​។ ដូច្នេះ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការ​ត្រួតពិនិត្យ​របា​យ​ការណ៍​ឥណទាន​របស់​អ្នក​ឲ្យ​បាន​ទៀងទាត់​ដើម្បី​រក្សា​ស្ថានភាព​ហិរញ្ញវត្ថុ​ឲ្យ​មាន​ភាពល្អប្រសើរ និង​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ​នៃ​ព័ត៌មាន​ឥណទាន​។ ម្យ៉ាងទៀត អ្នក​ក៏​អាច​ប្តឹងតវ៉ា​ជាមួយ​ស៊ី​ប៊ី​ស៊ី​ផងដែរ បើសិន​ជាមាន​ព័ត៌មាន​មិន​ត្រឹមត្រូវ​ណាមួយ​នៅក្នុង​របាយការណ៍​ឥណទាន​របស់ខ្លួន​។

​ក្នុង​ជំហាន​សាមញ្ញៗ អតិថិជន​របស់​ធនាគារ​ស្ថាបនា​អាចដាក់​សំណើរ​សុំ​របាយការណ៍​ឥណទាន​របស់ខ្លួន​ទៅកាន់ CBC តាមរយៈ​សំណុំ​បែបបទ​បំពេញ​ស្វ័យប្រវត្តិ​នៅក្នុង​កម្មវិធី​ទូរ​សព្ទ​ចល័ត​របស់​ស្ថាបនា (Sathapana Mobile) ។ បន្ទាប់ពី​ការផ្ទៀងផ្ទាត់​រួច CBC នឹង​ផ្ញើ​របាយការណ៍​ឥណទាន​ដល់​អតិថិជន​។ សម្រាប់​អ្នក​ដែល​មិនទាន់​ក្លាយជា​អតិថិជន​របស់​ធនាគា​រ​ស្ថាបនា ការត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ក៏​នៅតែ​អាចធ្វើ​ទៅបាន​ ដោយ​ការទាញយក​កម្មវិធី​ទូរស័ព្ទ​ចល័ត​របស់​ស្ថាបនា ដើម្បី​បើក​គណនី​អន​ឡាញ​ភ្លាមៗ ។​

​លោក ហ្វុ​ង កៃ​ជីន ដែលជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ស្ថាបនា បាន​មានប្រសាសន៍ថា​៖ “​ធនាគារ​ស្ថាបនា​មាន​កិត្តិយស​និង​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការធ្វើ​សហប្រតិបត្តិការ​ជាមួយ​ស៊ី​ប៊ី​ស៊ី ដើម្បី​ផ្តល់​សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​កម្មវិធី Sathapana Mobile ដែលមាន​លក្ខណៈ​រហ័ស និង​ងាយស្រួល​ជាង​មុន​យ៉ាងច្រើន ដោយ​ជម្រុះ​ចោល​នូវ​ដំណើរការ​បែប​បុរាណ​ដែល​ត្រូវ​ប្រើ​ពេលវេលា​ច្រើន​។ នេះ​គឺជា​សក្ខីភាព​មួយ​នៃ​ការប្តេជ្ញាចិត្ត​ចំពោះ​តួនាទី​ឈានមុខ​របស់​ធនាគារ​នៅក្នុង​ការធ្វើ​ប្រតិបត្តិការ​ធនាគារ​ឌីជីថល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​”

​លោក អឿ សុធា​រ័ត្ន ដែលជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ស៊ី​ប៊ី​ស៊ី បាន​មានប្រសាសន៍ថា​៖ “​ស៊ី​ប៊ី​ស៊ី​ពេញចិត្ត​ធ្វើជា​ដៃគូ​ជាមួយ​ធនាគារ​ស្ថាបនា ដើម្បី​ផ្តល់ឱ្យ​អតិថិជន​ទាំងអស់​របស់​ធនាគារ​ស្ថាបនា​នូវ​ភាពងាយស្រួល​ក្នុង​ការចូល​ប្រើ​សេវា​ត្រួតពិនិត្យ​សុខភាព​ឥណទាន​ស៊ី​ប៊ី​ស៊ី តាមរយៈ​កម្មវិធី​ប្រតិបត្តិការ​ធនាគារ​លើ​ទូរ​សព្ទ​ចល័ត​(Mobile Banking App)​។ កម្មវិធី​នេះ នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ធនាគា​រ​ស្ថាបនា​នៅ​ទូទាំងប្រទេស​អាច​ស្នើសុំ​របាយការណ៍​ឥណទាន​បាន ដោយ​ប្រើ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​។ បន្ថែម​ពីលើ​នេះ លោក​បាន​សង្កត់ធ្ងន់ថា នេះ​គឺជា​គំនិត​ផ្តួចផ្តើម​មួយ​សម្រាប់​ការធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​នៃ​សេវាកម្ម​បម្រើ​អតិថិជន​របស់​ស៊ី​ប៊ី​ស៊ី ដើម្បី​លើកកម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ និង​ការខ្ចីប្រាក់​ប្រកបដោយ​ទំនួល​ខុសត្រូវ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។​”

​អំពី​ក្រេ​ឌី​ត​ប្យួ​រ៉ូ​ខេ​ម​បូ​ឌា (​ស៊ី​ប៊ី​ស៊ី​)

​ក្រេ​ឌី​ត​ប្យួ​រ៉ូ​ខេ​ម​បូ​ឌា (​ស៊ី​ប៊ី​ស៊ី​) គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការផ្តល់សេវា​ព័ត៌មាន​ហិរញ្ញវត្ថុ សេវា​វិភាគ​ទិន្នន័យ និង​សេវា​ធ្វើ​របាយការណ៍​ឥណទាន ទៅដល់​ស្ថាប័នហិរញ្ញវត្ថុ និង​អតិថិជន​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ គិតពី​ឆ្នាំ​២០១២​មក ស៊ី​ប៊ី​ស៊ី បាននិងកំពុង​ចូលរួម​ជួយ​អតិថិជន​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​និង​រង្វាន់​នៃ​ការសម្រេចចិត្ត​ផ្នែក​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ តាមរយៈ​កញ្ចប់​ដំណោះស្រាយ​មួយ​៖ របាយការណ៍​ឥណទាន​អតិថិជន របាយការណ៍​ឥណទាន​ពាណិជ្ជកម្ម ខេ​-​ស្ករ របាយការណ៍​វិភាគ​ទិន្នន័យ សេវា​តាមដាន​ឥណទាន សេវា​ត្រួតពិនិត្យ​ឥណទាន និង​ដំណោះស្រាយ​តាម​តម្រូវការ​។ ស៊ី​ប៊ី​ស៊ី បម្រើឱ្យ​បណ្តុំ​សមាជិក​ដែលមាន​ជាង ១៦៥ ស្ថាប័នហិរញ្ញវត្ថុ រាប់បញ្ចូល​ទាំង​ធនាគារ​ពាណិជ្ជកម្ម ធនាគារ​ឯកទេស គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុន​ភតិសន្យា និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​។​

​អំពី​ធនាគារ​ស្ថាបនា​

​ធនាគារ​ស្ថាបនា គឺជា​ធនាគារពាណិជ្ជ​ក​ម្ម​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ទ្រព្យ​សរុប​តម្លៃ​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​និយោជិត​ជាង ៤០០០ នាក់​។ យើង​មាន​បណ្តាញ​សាខា​ធំ​ទូលាយ​គ្របដណ្តប់​ទូទាំងប្រទេស ដែល​សរុប​មាន​ជាង ១៧២ សាខា និង ជាង ២៣០ ទូ​អេ​ធី​អឹម​ដែលមាន​សមត្ថភាព​ចាត់ចែង​សាច់ប្រាក់​។ យើង​មាន​ផ្តល់ជូន​នូវ​សេវា​ធនាគារ​ពេញលក្ខណៈ ដូចជា សេវា​ប្រាក់កម្ចី សេវា​ប្រាក់​បញ្ញើ សេវា​ប្រតិបត្តិការ​ធនាគារ​តាម​អ៊ី​ន​ធើរ​ណិ​ត សេវា​ប្រតិបត្តិការ​ធនាគារ​តាម​ទូរ​សព្ទ កាត​ឥណ​ពន្ធ​និង​ឥណទាន សេវា​ផ្ញើ​ប្រាក់​ទៅក្នុង​និង​ក្រៅប្រទេស សេវា​វេ​ស្ទើ​ន​យូ​ញាន សេវា​ហិរញ្ញវត្ថុ​ពាណិជ្ជកម្ម និង​សេវាកម្ម​ជាច្រើន​ផ្សេងទៀត​។ យើង​ក៏មាន​ផ្តល់ជូន​ផងដែរ​នូវ​សេវា​ប្រមូល​ពន្ធ សេវា​ទូទាត់​បង់ប្រាក់​នៃ​សេវាកម្ម​សាធារណៈ​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ព្រមទាំង​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អ្នកផ្តល់​សេវាកម្ម​ទូទាត់​បង់ប្រាក់​ចល័ត​ជាច្រើន​ទៀត ដែលមាន​ដូចជា វី​ង ភី​ភេ ទ្រូ​ម៉ាន់​នី លី​ហួរ​វេរ​លុយ អ៊ី​ម៉ាន់​នី និង​បាគង​ជាដើម ដើម្បី​ផ្តល់​ជម្រើស​ភាពងាយស្រួល​កាន់តែច្រើន​ដល់​អតិថិជន​របស់​យើង​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម