Connect with us

ព័ត៌មានជាតិ

លទ្ធផលពិនិត្យគំរូស្រា.ស ស្រាថ្នាំនៅតាម​បណ្តា​រាជធានី-ខេត្ត ចំនួន១៧បង្ហាញថា ពុំ​មានសារធាតុ​មេ​តា​ណុល​ដែលបង្ក​គ្រោះថ្នាក់​ឡើយ​

បានផុស

នៅ

ក្នុងខែមិថុនា ​នេះ មន្ត្រី​សាខា ក​.​ប​.​ប​. នៅតាម​បណ្តា​រាជធានី ខេត្ត​ចំនួន១៧ បាន​ចុះ​យក​គំរូ​ស្រា.ស ស្រាថ្នាំ​មក​វិភាគ​នៅ​មន្ទីរពិសោធន៍​នៅអគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ចំនួន១៧៨​គំរូ លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍​បាន​បង្ហាញថា សំណាក​គំរូ​ស្រា​ទាំង ១៧៨ គំរូ ពុំមាន​វត្តមាន​សារធាតុ​មេ​តា​ណុល​ដែលជា​សារធាតុ​បង្ក​គ្រោះ​ឡើយ​។​

មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បើក​យុទ្ធនា​ការចុះ​យក​គំរូ​ស្រា.ស ស្រាថ្នាំ​ មក​វិភាគ​រកសារ​ធាតុ​មេ​តា​ណុល នៅ​កន្លែង​ផលិត និង​កន្លែង​លក់​ស្រា.ស ស្រាថ្នាំ​ទូទាំងប្រទេស បន្ទាប់ពី​ថ្មីៗ​នេះ មាន​ហេតុ​ការពុល​ស្រា​បានកើត​ឡើងជា​បន្តបន្ទាប់ ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន មានដូចជា​ខេត្តកណ្តាល ខេត្តកំពត ខេត្តពោធិសាត់ និង​ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ណែនាំ​ឱ្យ​មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ធ្វើការ​ស្រាវជ្រាវ​រក​ទីតាំង​ផលិត ចែកចាយ​ស្រា.ស ស្រាថ្នាំ ដែលមាន​សារធាតុពុល បង្ក​ផលប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​។​

ទទួលបាន​ការណែនាំ​នេះ លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បានដាក់​ចេញ​នូវ​យុទ្ធនា​ការឱ្យ​មន្ត្រី​នៅតាម​បណ្តា​សាខា ក​.​ប​.​ប​. រាជធានី ខេត្ត ចុះ​យក​សំណាក​គំរូ​ស្រា.ស ស្រាថ្នាំ នៅតាម​បណ្តា​ទីតាំង​ផលិត និង​កន្លែង​លក់​ស្រា.ស ស្រាថ្នាំ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស មក​វិភាគ​រក​សារធាតុ​មេ​តា​ណុល នៅ​មន្ទីរពិសោធន៍​របស់​អគ្គ​នាយក ដ្ឋាន ក​.​ប​.​ប​.​។​

សម្រាប់​ខែមិថុនា ឆ្នាំ​២០២១ នេះ មន្ត្រី​សាខា ក​.​ប​.​ប​. នៅតាម​បណ្តា​រាជធានី ខេត្ត​ចំនួន១៧ បាន​ចុះ​យក​គំរូ​ស្រា.ស ស្រាថ្នាំ​មក​វិភាគ​នៅ​មន្ទីរពិសោធន៍​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ចំនួន ១៧៨​គំរូ​។ លទ្ធផល​វិភាគ​របស់​មន្ទីរពិសោធន៍​បាន​បង្ហាញថា សំណាក​គំរូ​ស្រា​ទាំង ១៧៨ គំរូ ពុំមាន​វត្តមាន​សារធាតុ​មេ​តា​ណុល​ដែលជា​សារធាតុ​បង្ក​គ្រោះថ្នាក់​ឡើយ​។​

អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. នឹង​បន្ត​យុទ្ធនា​ការចុះ​អប់រំ ផ្សព្វផ្សាយ​ការយល់ដឹង និង​យក​សំណាក​គំរូ​ស្រា.ស និង​ស្រាថ្នាំ ឱ្យបាន​គ្រប់​រាជធានី ខេត្ត ពិសេស​តំបន់​ដាច់ស្រយាល មក​វិភាគ​រក​សារធាតុ​បង្ក​គ្រោះ ដើម្បី​ទប់ស្កាត់​ករណី​ពុល​ស្រា មិនឱ្យ​កើតឡើង​បន្តទៀត​៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម