Connect with us

ព័ត៌មានជាតិ

ចាក់ដីលុប ហើយសង់អាហារដ្ឋាននៅកណ្តាល​ព្រែកប្រសូត្រ រួចឆ្លើយថា សុំអភិបាលស្រុករួចហើយ

បានផុស

នៅ

ខេត្តស្វាយរៀង៖ មហាជនបានរិះគន់ចំៗដល់អាជ្ញាធរឃុំសំបួរ ស្រុកស្វាយទាប មិនដឹងទៅ​ណាអស់បានជា បណ្តោយឱ្យគេចាក់ដីលុបព្រែកធម្មជាតិ ហើយថែមទាំងសង់សំណង់រឹងមាំធ្វើជាអាហារដ្ឋាននៅចំកណ្តាលព្រែកប្រសូត្រតែម្តង ធ្វើឱ្យមហាជន ក៏ដូចអ្នកធ្វើដំណើរតាមដងផ្លូវ​ជាតិ​លេខ១ មកដល់ត្រង់ចំណុចស្ពានប្រសូត្រក្រឡេកមើលហើយហួសចិត្តគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីចាក់ដីលុបព្រែក និងសង់សំណង់នៅកណ្តាលព្រែក គឺនៅចំណុចខាងជើងស្ពានប្រសូត្រ​ចម្ងាយ​៧០ម៉ែត្រស្ថិតនៅភូមិទួលអង្គប់ ឃុំសំបួរស្រុកទាប ម្ចាស់សំណង់ឈ្មោះ ហេង ចំណូល ភេទប្រុសអាយុ ជាង៤០ឆ្នាំ មុខរបរអាជីវករលក់ជីកសិកម្ម រស់ភូមិខាងលើ។

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ម្ចាស់សំណង់ ឈ្មោះ ហេង ចំណូល បានប្រាប់​អ្នកសារព័ត៌​មានឱ្យដឹងថា ចំពោះមហាជនរិះគន់ថា ចាក់ដីលប់ព្រែកប្រសូត្រនោះមិនពិតទេ គឺលោក​ចាក់តែនៅលើដីកម្មសិទ្ធិដែលបានទិញពីអ្នកជិតខាងក្នុងគោលបំណង សង់ធ្វើ​ជារោង​ជួលការ បុណ្យ ឬសាលប្រជុំ និងជាហាងអាហារដ្ឋាន-លក់កាហ្វេ។ល។

ហើយលោកបានដាក់សំណើរសុំទៅរដ្ឋបាលស្រុកស្វាយទាប សុំអនុញ្ញាត សង់ជាកញ្ចុះ ផ្ទះបណ្តែតទឹក ធ្វើជាអាហារដ្ឋាន និងរៀបចំអភិវឌ្ឍជារមណីដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋ មន្ត្រីរាជ្យការ បានចូលមកសម្រាកលម្ហែកាយ នៅពេលទំនេរ និងកម្សាន្តនៅពេលយប់។

ទាក់ទិនករណីនេះដែរ លោក ម៉ែន សារ៉ាន់ អភិបាលស្រុកស្វាយទាប បានមានប្រសាសន៍​តាមទូរសព្ទ័ នៅព្រឹកថ្ងៃទី២៨ មិថុនា ថា លោកភ្លេចហើយមិនដឹងថា បានឱ្យឬ មិនឱ្យនោះទេ ព្រោះលោកកំពុងនៅតាមផ្លូវ ចាំត្រឡប់ទៅសាលាស្រុក នឹងបើកឯកសារមើលបញ្ជាក់។

បន្ទាប់មកលោកអភិបាលស្រុកបញ្ជាក់ថា ឈ្មោះ ហេង ចំណូល បានដាក់សំណើសុំធ្វើ ជា​កញ្ចុះបណ្តែតទឹក និងផ្ទះដាក់​ពោងបណ្តែតទឹក ហើយលោកបានអនុញ្ញាត។ ប៉ុន្តែជនខាងលើ បែរជាសាងសង់សំណង់រឹងមាំទៅវិញ។ ដូច្នេះលោកនឹងចាត់កម្លាំងរដ្ឋបាលស្រុកស្វាយទាប សហការជាមួយសមត្ថកិច្ចចុះទៅពិនិត្យមើល។

លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តស្វាយរៀង បានឱ្យដឹថា លោកបាន​ឃើញឈ្មោះ ហេង ចំណូល ដាក់សំណើសុំអភិវឌ្ឍសង់ផ្ទះបណ្តែតទឹកនៅចំណុចព្រែកប្រសូត្រ លោកបានចុះទៅពិនិត្យម្តងរួចហើយ ឃើញថា ប៉ះពាល់ផ្លូវទឹក និងបរិស្ថាន មិនអនុញ្ញាតិ​ឱ្យ​សាងសង់ទេ ឱ្យដាក់សំណើទៅក្រសួងធនធានទឹក និងឧតុនិយម  ហើយលោកបានជូន​ដំណឹង​ទៅ លោកមេឃុំសំបួរ និងលោកអភិបាលស្រុកស្វាយទាប ឱ្យចុះទៅបញ្ឈប់ការសាងសង់​ជាបន្ទាន់ ក៏ប៉ុន្តែជនខាងលើនៅតែបន្តសាងសង់ជាសំណង់រឹងមាំ ដូច្នេះសូមឱ្យលោកអភិបាល​ស្រុកស្វាយ​ទាប មានចំណាត់ការផងទាន៕

អត្ថបទ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម