Connect with us

ព័ត៌មានជាតិ

សម្តេចតេជោលើកទស្សនៈ៥ ចំណុច ក្នុងកិច្ចពិភាក្សាតុមូលជាមួយថ្នាក់ដឹកនាំបក្សនយោ​បាយ អាស៊ាន-រុស្ស៊ី

បានផុស

នៅ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៩ ខែមិថុនា នេះ បានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូល ជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយ នៃបណ្តាប្រទេសអាស៊ាន-រុស្ស៊ី  ក្រោមប្រធានបទ “តួនាទី និងការទទួលខុសត្រូវ នៃគណបក្សនយោបាយរុស្ស៊ី និងអាស៊ាន ក្នុងការពង្រឹងនិម្មាបនកម្មសន្តិសុខ  និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ដែលកិច្ចពិភាក្សានេះ បានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដឹកនាំដោយលោក ឌីមេទ្រី មេដវេឌេវ ប្រធានគណបក្សរួបរួមរុស្សី និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងវេទិកា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការឆ្លងរាលដាលដ៏ធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ បានកើតឡើងក្នុងអំឡុងពេលដ៏លំបាកមួយ ដែលនិន្នាការពហុភាគីនិយមកំពុងតែស្ថិតនៅក្រោមការគំរាមកំហែង ពីសំណាក់ការកើនឡើង នៃនិន្នាការឯកតោភាគីនិយម, ប្រជានិយម និងគាំពារនិយម ។

បើតាមសម្តេចតេជោ ហ៊ុន សែន ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗ បានធ្វើឱ្យស្ថានភាពនេះកាន់តែមានភាពស្មុគស្មាញ ខណៈពេលដែលស្មារតីល្បែងផលបូកសូន្យ នៃសង្រ្គាមត្រជាក់ថ្មីកំពុងលេចឡើង ហើយសណ្តាប់ធ្នាប់ពិភពលោកកំពុងត្រូវបានបែងចែក ដោយសារសង្រ្គាមពាណិជ្ជកម្ម, សង្រ្គាមបច្ចេកវិទ្យា និងសង្គ្រាមដោយតួអង្គតំណាងដ៏ក្តៅគគុកមួយចំនួនទៀត។ 

ពិភពលោកក៏កំពុងតែជួបប្រទះនូវការប្រកួតប្រជែងដ៏តឹងតែង រវាងប្រព័ន្ធគោលនយោបាយអន្តរជាតិផ្សេងគ្នា ដែលមានភាពដាច់ដោយឡែក រួមជាមួយនឹងការកើនឡើងនូវការប៉ះទង្គិច និងការប្រកួតប្រជែង រវាងគុណតម្លៃ ក្នុងការដឹកនាំពិភពលោក ស្របគ្នាទៅនឹងការប្រឈមមុខផ្នែកយោធា ឬការប្រណាំងប្រជែងអាវុធថ្មីតែម្តង ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា និន្នាការដ៏គួរឱ្យព្រួយបារម្ភនេះនៅមិនទាន់បានរាប់បញ្ចូលនូវទិដ្ឋភាពមនុស្សធម៌ នៃវ៉ាក់សាំងកូវីដ-១៩ ដែលប្រទេសជាច្រើនកំពុងតែដណ្តើមគ្នា ក្រោមស្លាកស្មារតីជាតិនិយម, គាំពារនិយម និងការរើសអើងរៀងៗខ្លួន បើទោះបីជាការពិតបង្ហាញយ៉ាងច្បាស់ថា ភាគច្រើននៃប្រជាជនគ្រប់រូបនៅលើពិភពលោកត្រូវការវ៉ាក់សាំងនេះបំផុត ដើម្បីសង្រ្គោះអាយុជីវិតរបស់ពួកគេ។

ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ កំពុងត្រូវបានកំណត់ដោយការបែងចែកភូមិសាស្ត្រនយោបាយ។ ភាពមិនពិតប្រាកដប្រជានៃខ្សែបន្ទាត់ភូមិសាស្ត្រនយោបាយនេះ បានជំរុញឱ្យមានការដាក់គំនាបលើខ្លួនឯង ពីសំណាក់រដ្ឋមួយចំនួន នៅពេលដែលពួកគេព្យាយាមលើកកម្ពស់ការធ្វើពិពិធកម្ម និងកិច្ចសហប្រតិបត្តិការពហុទិស។ សម្ពាធនេះបានរារាំងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង និងសិទ្ធិក្នុងការជ្រើសរើសផ្លូវឆ្ពោះទៅកាន់ការអភិវឌ្ឍដែលសមស្របនឹងបរិបទនៃប្រទេសទាំងនោះ ។

ស្ថិតក្នុងស្ថានការណ៍នេះ សន្និសីទតុមូលនេះ ពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា ក្នុងការបញ្ជ្រាបតួនាទីយ៉ាងសំខាន់របស់គណបក្សនយោបាយ ក្នុងការថែរក្សាសណ្តាប់ធ្នាប់ពិភពលោក ដែលឱ្យតម្លៃទៅលើកិច្ចសហប្រតិបត្តិការ ជៀសជាងការប្រឈមមុខដាក់គ្នា, សាមគ្គីភាពជៀសជាងការបែកបាក់គ្នា និងការអភិវឌ្ឍជៀសជាងការបំផ្លិចបំផ្លាញ។ សន្និសីទតុមូលនេះ ជាវេទិកាដ៏សំខាន់មួយសម្រាប់ឱ្យយើងទាំងអស់គ្នា រួបរួម និងបង្ហាញនូវសារមួយយ៉ាងម៉ឺងម៉ាត់ ក្នុងការទាត់ចោលនូវស្មារតីសង្គ្រាមត្រជាក់ថ្មី និងកិច្ចខំប្រឹងប្រែងក្នុងការបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានវិសាលភាពធំជាងការបែងចែកនៃភូមិសាស្ត្រនយោបាយ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងដែរថា ឆ្នាំនេះ គឺជាឆ្នាំដ៏ពិសេសមួយ ដែលយើងអបអរសាទរខួបលើកទី២៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-រុស្ស៊ី ។ កម្ពុជា ពិតជាមានមោទនភាពចំពោះភាពរឹងមាំ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងអាស៊ាន។ ជាការពិត រុស្ស៊ី គឺជាដៃគូដ៏សំខាន់ក្នុងការរក្សាសន្តិភាព, សន្តិសុខ និងស្ថិរភាព ក្នុងតំបន់។ ជាមួយគ្នានេះ រុស្ស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ អាស៊ាន ដែលស្ថិតក្នុងលំដាប់ទី៨ ។

ចលនាការវិជ្ជមាននៃការធ្វើពាណិជ្ជកម្ម និងវិនិយោគ ត្រូវបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្តែងក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាងនេះទៅទៀត គំនិតផ្តួចផ្តើមជាច្រើនក្នុងផ្នែក ហិរញ្ញវត្ថុ, អប់រំ, ទំនាក់ទំនងធុរកិច្ចនិងធុរកិច្ច និងកម្មវិធីផ្លាស់ប្តូរយុវជន ក៏ត្រូវបានអនុវត្តជាបន្តបន្ទាប់ និងបានផ្តល់តម្លៃបន្ថែម ដល់កិច្ចសហប្រតិបត្តិការរបស់យើង លើការតភ្ជាប់រវាងប្រជាជននិងប្រជាជន។

ឈរលើមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការនេះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនៈមួយចំនួនរួមមាន៖ 

១.យើងត្រូវផ្តោតលើកិច្ចការចំពោះមុខដែលចាំបាច់បំផុត, ពោលគឺការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យើងត្រូវចាត់ទុកកិច្ចការនេះជាបេសកកម្មរួមរបស់មនុស្សជាតិ ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺដ៏សាហាវនេះ ហើយយើងក៏គួរចៀសវាងនូវរាល់ផលរំខានផ្នែកនយោបាយទាំងឡាយណា ដែលអាចកើតមានឡើង។

២. ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ យើងត្រូវរួមគ្នាជំរុញការងើបឡើងវិញប្រកបដោយភាពធន់ទាំងអស់គ្នា។ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ថា  រុស្ស៊ី និងអាស៊ាន អាចរួមគ្នាជាធ្លុងមួយក្នុងការសម្រេចបាននូវគោលបំណង តាមរយៈការជំរុញរំហូរពាណិជ្ជកម្ម, វិនិយោគ និងទេសចរណ៍ រួមទាំងសកម្មភាពផ្សេងៗទៀត ។ ទន្ទឹមនេះ, ខ្ញុំសូមគូសបញ្ជាក់អំពីសារៈសំខាន់នៃការចូលរួមរបស់រុស្ស៊ី ជាមួយនឹងអាស៊ាន ជាពិសេសលើការគាំទ្រការអនុវត្តយុទ្ធសាស្ត្រទាំង៥ នៃក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework – ACRF) ។

៣. យើងត្រូវពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់យើងឱ្យបានទ្វេដង ក្នុងការលើកកម្ពស់ប្រព័ន្ធអន្តរ-ជាតិមួយ ដែលមានអង្គការសហប្រជាជាតិជាស្នូល (UN-Centered International System) និងការស្ថាបនាឡើងនូវនិមាបនកម្មតំបន់ ដែលមានភាពបើកចំហ, យុត្តិធម៌, ស្ថិរភាព និងភាពអាចប៉ាន់ប្រមាណបាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្អែកលើគោល ការណ៍នៃការគោរព និងយោគយល់គ្នាទៅវិញទៅមក, ការមិនជ្រៀតជ្រែក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ក្នុងន័យនេះ, ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតនូវការប្រកាន់ខ្ជាប់ទាំងស្រុងរបស់យើងចំពោះគោលនយោបាយមជ្ឈភាពអាស៊ាន ដែលជាគោលការណ៍មិនអាចខ្វះបាន ក្នុងការជំរុញទំនាក់ទំនងការទូតពហុភាគីនៅក្នុងតំបន់នេះ ។

៤. យើងត្រូវតែជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងទៅលើកិច្ចការនានា ដែលរួបរួមយើងជាធ្លុងមួយ ហើយចៀសវាងនូវរាល់បញ្ហាណាដែលអាចបំបែកបំបាក់យើង ខណៈពេលយើងត្រូវទទួលស្គាល់អំពីតម្រូវការនៃការរក្សាវេទិកាសន្ទនាដែលបើកចំហ និងសេរី ចំពោះភាពខុសគ្នារបស់យើង។

យើងចាំបាច់ត្រូវតែផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការដែលជំរុញឱ្យមានការជឿទុកចិត្តគ្នា និងបង្កើនទំនុកចិត្ត ព្រោះចំណងយុទ្ធសាស្រ្តនេះ ត្រូវបានកសាងឡើងពីការជឿទុកចិត្ត ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការឆ្លើយតបទៅនឹងស្មារតីនៃសង្រ្គាមត្រជាក់។ ការងារមួយចំនួនទៀត ដូចជា ប្រតិបត្តិការរក្សាសន្តិភាព, សន្តិសុខអ៊ីនធឺណិត, ការគ្រប់គ្រងគ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ គឺជាចំណុចមួយដ៏ល្អសម្រាប់ចាប់ផ្តើមកិច្ចសហប្រតិបត្តិការទាំងនេះ ។

៥.ចំពោះទិដ្ឋភាពវប្បធម៌, ខ្ញុំសូមផ្តល់ការគាំទ្រទាំងស្រុងចំពោះ “ម៉ារ៉ាតុងវប្បធម៌” ដែលជាគំនិតផ្តួចផ្តើមរបស់គណបក្សរួបរួមរុស្ស៊ី និងមានភាពស៊ីចង្វាក់ទៅនឹងចក្ខុវិស័យរបស់កម្ពុជា ក្នុងការកសាង “ច្រករបៀងវប្បធម៌” ដើម្បីលើកកម្ពស់សន្តិភាព, សុខដុមភាព និងវិបុលភាពរបស់យើង ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ក្នុងការជំរុញទំនាក់ទំនងសន្ទនារវាងអាស៊ាន និងរុស្ស៊ី ជាពិសេសនៅពេល ដែលកម្ពុជានឹងដើរតួជាប្រទេសសម្របសម្រួល សម្រាប់ទំនាក់ទំនងសន្ទនានេះ ចាប់ផ្តើមពីខែសីហា ឆ្នាំ២០២១ នេះតទៅ។

កម្ពុជាសង្ឃឹមថា គណបក្សនយោបាយទាំងឡាយរបស់អាស៊ាន និងរុស្ស៊ី នឹងដោះស្រាយឧបសគ្គជាមួយគ្នា និងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឡើងនូវពិភពលោកមួយ ដែលដ៏ល្អជាងមុន សម្រាប់មិត្តភាព, កិច្ចសហប្រតិបត្តិការ, សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម