ព័ត៌មានជាតិ
សំណុំរឿងព្រហ្មទណ្ឌកកស្ទះជាង ៩៦% នៃ ៣៩,៥០០រឿង ត្រូវបានដោះស្រាយ ត្រឹម១ឆ្នាំ១ខែ
ក្រសួងយុត្តិធម៌ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១ឆ្នាំ ១ខែ និងប្រកាសបិទបញ្ចប់យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត ដោយដោះស្រាយបានសំណុំរឿងព្រហ្មទណ្ឌកកស្ទះសរុបជាង ៩៦ភាគរយ ឬ ៣៧,៩០០សំណុំរឿង និងសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មីបានជាង ៦២,៨០០សំណុំរឿងថែមទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្ដិធម៌ បានបង្ហោះលើទំព័រហ្វេសប៊ុកក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី២៩ ខែមិថុនានេះ បានឱ្យដឹងថា នៅក្នុងរយៈពេល ១ឆ្នាំ ១ខែ គិតពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃនៃការប្រកាសបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។
តាមរយៈយុទ្ធនាការនេះសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេសបានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលកកស្ទះទាំងដំណាក់កាលអយ្យការទាំងដំណាក់កាលស៊ើបសួរ និងទាំងដំណាក់កាលជំនុំជម្រះមានចំនួនសរុបជាង ៣៧,៩០០រឿង ស្មើនឹង ៩៦% នៃសំណុំរឿង ព្រហ្មទណ្ឌដែលកកស្ទះសរុបជាង ៣៩,៥០០រឿង (សំណុំរឿងដែលត្រូវបានជំនុំជម្រះរួចមានចំនួនជាង ១២,៦០០រឿង ស្មើនឹង ៩៧% នៃចំនួនសំណុំរឿងសរុបជាង ១៣,០០០រឿង ក្នុងដំណាក់កាលជំនុំជម្រះ)។
ក្រសួងបានឱ្យដឹងថា បន្ថែមពីនេះ សាលាដំបូងរាជធានី ខេត្តទូទាំងប្រទេស ក៏បានដោះស្រាយសំណុំរឿងព្រហ្មទណ្ឌដែលចូលថ្មី បានចំនួនជាង ៦២,៨០០រឿង ស្មើនឹងជាង ៧៨% នៃចំនួនសំណុំរឿងចូលថ្មី សរុបជាង ៨០,៤០០រឿងផងដែរ។
ក្រសួងបញ្ជាក់ថា ផ្អែកលើលទ្ធផលដែលសម្រេចបាននេះ ជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ និងដោយមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ បើទោះបីជាកម្ពុជា បាននិងកំពុងស្ថិតក្នុងកាលៈទេសៈដ៏លំបាកនៃការប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១ ក៏ដោយ ក៏សាលាដំបូងរាជធានីខេត្តចំនួន ២២ ក្នុងចំណោមសាលាដំបូងសរុបទាំងអស់ចំនួន ២៤ បានប្រកាសជាបន្តបន្ទាប់នូវ ជោគជ័យរបស់ខ្លួនក្នុងការអនុវត្តយុទ្ធនាការ។
ទន្ទឹមនេះ សាលាដំបូងចំនួន២ទៀត គឺសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ ដែលជាសាលាដំបូងមានសំណុំរឿងច្រើនជាងគេ និងមានទីតាំងស្ថិតនៅក្នុងតំបន់បិទខ្ទប់ ដោយសារផលប៉ះពាល់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនទាន់អាចសម្រេចគោលដៅ និងប្រកាសអំពីជោគជ័យនៃការអនុវត្តយុទ្ធនាការនេះនៅឡើយទេ។
យោងតាមផែនការការងារ និងថវិការយៈពេល ១ឆ្នាំ សម្រាប់អនុវត្តយុទ្ធនាការនេះ និងបន្ទាប់ពីបានប្រជុំពិភាក្សាជាមួយសាលាដំបូងនៅទូទាំងប្រទេសរួចមក ក្រសួងយុត្តិធម៌សម្រេចប្រកាសបិទបញ្ចប់ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត និងរំសាយគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត (គយកស) ដើម្បីបង្កលក្ខណៈឱ្យក្រុមការងារ យុទ្ធនាការដែលបានចុះធ្វើការងារជាប់ជាប្រចាំជាមួយសាលាដំបូងកន្លងមក អាចប្រមូលផ្ដុំការយកចិត្តទុកដាក់លើការងារ អាទិភាពផ្សេងទៀតរបស់ក្រសួងយុត្តិធម៌។
ជាមួយគ្នានេះ គ.យ.ក.ស ក៏មានសង្ឃឹមជឿជាក់ថា សាលាដំបូងរាជធានី ភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ នឹងបន្តខិតខំដោះស្រាយសំណុំរឿងនៅក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យបានច្រើនបន្ថែម ទៀត ស្របតាមគោលការណ៍អនុវត្តដែលមាននៅក្នុងយុទ្ធនាការកន្លងមក ហើយឈានទៅប្រកាសជោគជ័យនាពេលដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ថា ក្នុងរយៈពេលអនុវត្តយុទ្ធនាការនេះ ចំណាត់សំណុំរឿងក្ដីព្រហ្មទណ្ឌនៅគ្រប់ដំណាក់ កាលនៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ទទួលបានលទ្ធផលខ្ពស់ ជាង ២ដង បើប្រៀបធៀបឆ្នាំ២០១៨ និងឆ្នាំ២០១៩ កន្លងទៅ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ