Connect with us

ព័ត៌មានជាតិ

ផ្ទះ​ឈើ​តូចៗ​៦​ខ្នង ត្រូវ​ជន​បែក​ថ្នាំ ដុត​កើតជា​អណ្តាត​ភ្លើង​ឆាបឆេះ​បំផ្លាញ​អស់​ហ្មត់​គ្មាន​សល់

បានផុស

នៅ

ភ្នំពេញ ៖ ផ្ទះ​ឈើ​តូចៗ​ដែល​សង់​ឡើង​ពី​ឈើ​ប្រក់​ស័ង្កសី ចំនួន​៦​ខ្នង ត្រូវ​អគ្គីភ័យ​ឆាបឆេះ​បំផ្លាញ​អស់​ហ្មត់​គ្មាន​សល់ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​កាលពី​វេលា​ម៉ោង​១៧ និង​១៥​នាទី​ល្ងាច​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​សំណង់​មិន​រៀបរយ តំបន់​អាង​ស្តុក​ទឹក​បឹងត្របែក ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្ទះទាំង​៥​ខ្នង​ខាងលើ ជាទី​ជម្រក​រ​បស់បង​ប្អូន​អ្នក​ប្រកប​របរ​ជា​អ្នកលក់​លៀស​ហាល។ ហើយ​អ្នក​ដទៃទៀត ដែល​រស់នៅ​តំបន់​នោះ ក៏​ជា​អ្នកលក់​លៀស​ហាល​ដូចគ្នា​ដែរ ។​

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មាន​ជន​បែក​ថ្នាំ​ម្នាក់ ដែល​រូបគេ​តែង​ឧស្សាហ៍​អុកឡុក និង​ឈ្លោះប្រកែក​គ្នា​ជាខ្លាំង​ជាមួយ​អ្នក​រស់​នៅ​តំបន់​នោះ។ នៅមុន​កើតហេតុ ជន​រូបនោះ បាន​ឈ្លោះប្រកែក​ពាក្យសម្តី​ជាមួយ​បុរស​ម្នាក់ រហូត​ទាយ​កាំបិត​ដេញ​កាប់​គ្នា​ទៀតផង។ លុះ​មិនបាន​ប៉ុន្មាន ជន​រូបនោះ បាន​យក​ដែក​កេស​ដុត​ផ្ទះ​អ្នក​នៅ​តំបន់​នោះ បង្ក​ឲ្យ​មាន​ជា​អណ្តាត​ភ្លើង​ឆាបឆេះ​ឡើង និង​រាលដាល​តៗ​គ្នា​ខ្លាំង​ឡើង​តែម្តងទៅ។ ​បន្ទាប់ពី​ដុត​ផ្ទះ​របស់​អ្នក​តំបន់​នោះ អោយ​ឆាបឆេះ​ហើយ​នោះ ជនបង្ក​បាន​រត់គេច​ចូល​ទៅ​ក្នុង​ព្រៃ​បឹង​បាត់ស្រមោល។

ភ្លាមៗ បន្ទាប់ពី​កើតហេតុ កម្លាំង​អាជ្ញាធរ​មូលដ្ឋាន រួម​ជា​មួយ​សមត្ថកិច្ច​ជំនាញ និង​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​បាន​ចុះ​អន្តរាគមន៍ ដល់ទី​តាំង​ខាងលើ ដើម្បី​បាញ់​ទឹក​ទប់ស្កាត់​ការឆាបឆេះ​រាលដាល។ ក្រោយ​ការ​ខិតខំ​អន្តរាគមន៍​ប្រមាណ​កន្លះ​ម៉ោង​រួចមក អណ្តាតភ្លើង​បាន​រលត់​សូន្យសុង​ទៅវិញ ដោយបាន​បំផ្លាញ ផ្ទះ​អស់​៦​ខ្នង។

ក្នុង​ហេតុការណ៍​នេះ ពុំ​មាន​បណ្តាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រង​របួស​ឡើយ ដោយ​ក្នុង​នោះ សមត្ថកិច្ច​ជំនាញ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់ ៣​គ្រឿង ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​ឲ្យ​បាន​មួយ​រយ​ភាគរយ។ ដោយឡែក ចំពោះ​ជនបង្ក សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ក្នុង​ការ​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕

ដោយ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម