Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន សម្តែង​ការ​សោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក ដោយសារតែ​ផលប្រយោជន៍​នយោបាយ

បានផុស

នៅ

លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ សម្តែង​ការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​អា​មេ​រិ​ក ក្នុង​ការ​បញ្ចប់​និស្សិត​កម្ពុជា​ចំនួន​៦​នាក់​មុន​កាលកំណត់ ដែល​កំពុង​សិក្សា​នៅ​បណ្ឌិតសភាយោធា ហើយ​បាន​អះអាង​ថា ទង្វើ​អាមេរិក គឺ​ដោយសារតែ​ផលប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន​។

លោក ជិន ម៉ា​លីន បញ្ជាក់ប្រាប់​កម្ពុជា​ថ្មី​នា​ល្ងាច​ថ្ងៃទី​០២ ខែកក្កដា យ៉ាងនេះ​ថា “​ខ្ញុំ​មានការ​សោកស្ដាយ ពីព្រោះ​និស្សិត​ទាំងនេះ គឺ​ខាង​អាមេរិក​ជា​អ្នកធ្វើការ​សម្ភាសន៍ និង​ជ្រើសរើស​ដោយផ្ទាល់​ខ្លួនឯង អញ្ចឹង​គាត់​មិនគួរណា​ធ្វើការ​សម្រេចចិត្ត​មួយ ដែល​ប៉ះពាល់​ដល់​អនាគត​រប​ស់​និស្សិត​ទាំងអស់នេះ ដែល​រៀន​មិនទាន់​ចប់ ដោយសារតែ​ផលប្រយោជន៍​នយោបាយរ​បស់​ខ្លួន​នោះទេ​”​។

​លោក ជិន ម៉ា​លីន បញ្ជាក់ដែរថា “​នេះ​បាន​ហៅថា បិតា​ប្រជាធិបតេយ្យ​មែន ជំនួយ​មាន​ចំណង​, នយោបាយ​ការទូត​បែប​អសីលធម៌​, ខឹង​ឪពុកម្តាយ ធ្វើ​អី​មិនកើត មក​វាយ​កូន​គេ​ជាការ​ព្រមាន Sick”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា យោងតាម​ការផ្សាយ​រប​ស់​វិទ្យុ VOA និស្សិត​កម្ពុជា​ចំនួន​៦​នាក់ ដែល​កំពុង​សិក្សា​នៅ​បណ្ឌិតសភាយោធា​ចំនួន​បួន ក្នុង​សហរដ្ឋអាមេរិក ត្រូវបាន​ប្រាប់​ឲ្យ​ផ្អាក​ការសិក្សា​មុនពេល​កំណត់​នៅពេល​បញ្ចប់​ឆ្នាំ​សិក្សា​ឆ្នាំនេះ​។ និស្សិត​ទាំង​៦​រូបនេះ កំពុង​សិក្សា​នៅ​បណ្ឌិតសភាយោធា​ជើងគោក West Point ចំនួន​២ រូប បណ្ឌិតសភា​ទ័ពអាកាស​ចំនួន​២​រូប កងទ័ពជើងទឹក​ចំនួន​១​រូប និង​ឆ្មាំ​សមុទ្រ​ចំនួន​១​រូប​។

​និស្សិត​ទាំងនេះ ខ្លះ​បាន​សិក្សា​ដល់​ឆ្នាំ​ទី​៤ ដែល​នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​២០២២​ខាងមុខ​។ ពួកគេ​ត្រូវបាន​ជ្រើសរើស​តាមរយៈ​កម្មវិធី​អាហារូបករណ៍​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ដោយ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ជ្រើសរើស​ដោយផ្ទាល់​ហើយ​អ្នកខ្លះ​មិនទាន់មាន​ក្របខណ្ឌ​ជា​ទាហាន​នៅក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​នៅឡើយ​ទេ​។

​បើតាម​លោក Arend Zwartjes អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​ពន្យល់​ប្រាប់​អ្នកសារព័ត៌មាន​ថា កម្ពុជា​បាន​កាត់បន្ថយ​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ជាច្រើន នៃ​ទំនាក់ទំនង​ទ្វេភាគី​ជា​ប្រពៃណី​រវាង​យោធា និង​យោធា ដូច្នេះ​កម្ពុជា​បាន​បាត់បង់​ភាពស្របច្បាប់​ក្នុងការ​ទទួលបាន​កម្ម​វិធី​សិក្សា​ផ្នែក​យោធា​របស់​សហរដ្ឋអាមេរិក​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម