Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការបរទេស៖ ស៊ុយអែតបិទស្ថានទូតដោយសារតែបញ្ហាផ្ទាល់ខ្លួន តែកិច្ចសហប្រតិបត្តិការផ្សេងៗនៅតែបន្ត

បានផុស

នៅ

លោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែត សម្រេចបិទស្ថានទូតដោយសារតែបញ្ហាផ្ទាល់ខ្លួន តែកិច្ចសហប្រតិបត្តិការផ្សេងៗនៅតែបន្តដដែល តាមរយៈស្ថានឯកអគ្គរដ្ឋទូត ដែលមាននិវេសនដ្ឋាននៅប្រទេសថៃ។

ការបញ្ជាក់របស់លោក កុយ គួង បានធ្វើឡើងក្រោយពីជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានអនុញ្ញាតិឲ្យលោក Bjorn Haggmark ឯកអគ្គរាជទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជាចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក កុយ គួង បើទោះបីជាប្រទេសស៊ុយអែតបានសម្រេចបិទស្ថានទូតកម្មនៅកម្ពុជា នាចុងឆ្នាំនេះ (ខែធ្នូ) ក៏ដោយ ប៉ុន្តែទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានានៅតែបន្តជាធម្មតា។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានប្រកាសស្វាគមន៍ចំពោះឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសស៊ុយអែត ដែលនឹងមកបំពេញការងារជំនួសលោក Bjorn Haggmark ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកកនោះផងដែរ។ ក្នុងនោះ រដ្ឋាភិបាលស៊ុយអែត នឹងបង្កើតឲ្យមានការិយាល័យសហប្រតិបត្តិការ និងកុងស៊ុលកិត្តិយស នៅប្រទេសកម្ពុជា នាពេលខាងមុខ។

លោក កុយ គួង បញ្ជាក់យ៉ាងនេះថា “ខ្ញុំសូមបញ្ជាក់ថា ជារួមទោះបីជាស៊ុយអែត មានការបិទស្ថានទូតដោយសារតែបញ្ហាផ្ទាល់ខ្លួនរបស់ស៊ុយអែត និងគោលនយោបាយរបស់ស៊ុយអែត ក្នុងការកែសម្រួលលើបញ្ហាប្រឈមរបស់ស៊ុយអែត ប៉ុន្តែស៊ុយអែតបានបញ្ជាក់ហើយថា កិច្ចសហប្រតិបត្តិការផ្សេងៗនៅតែបន្តមានដដែល ហើយឯកអគ្គរដ្ឋទូតស៊ុយអែត ដែលមាននិវេសនដ្ឋាននៅប្រទេសថៃ មានភារកិច្ចគ្រប់ដណ្តប់មកដល់ប្រទេសកម្ពុជាយើង ប្រទេសឡាវ និងមីយ៉ាន់ម៉ាផងដែរ”។

សូមបញ្ជាក់ថា កម្ពុជា និងស៊ុយអែត មានទំនាក់ទំនងការទូត កាលពីពីឆ្នាំ១៩៦១ ហើយស៊ុយអែត បានជួយកម្ពុជាលើវិស័យមួយចំនួនដូចជាវិស័យកសិកម្ម វិស័យអប់រំ វិស័យហិរញ្ញវត្ថុសាធារណៈ ការអភិវឌ្ឍ និងប្រជាធិបតេយ្យថ្នាក់មូលដ្ឋានដើម។ នៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ នៅក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ ស៊ុយអែតបានផ្ដល់ថវិកាចំនួន១២៥លានដុល្លារ លើវិស័យអាទិភាព៣សំខាន់ គឺទី១, អភិបាលកិច្ច សមភាពយេនឌ័រ ទី២, វិស័យអប់រំ ទីផ្សារការងារ និងទី៣, បញ្ហាបរិស្ថាន បម្រែបម្រួលអាកាសធាតុ។ ជារៀងរាល់ឆ្នាំ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍ពីប្រទេសស៊ុយអែតចំនួន១៥០០០នាក់ ប៉ុន្តែបានធ្លាក់ចុះ ខណៈមានការរីករាលដាលនៃជំងឺកូវីដ១៩៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម