Connect with us

ព័ត៌មានជាតិ

កម្ពុជាមានអ្នកស្លាប់ដោយជំងឺកូវីដ កើនឡើងជិត​៨០០នាក់

បានផុស

នៅ


រហូតមកដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើនឡើងដល់ជិត៨០០នាក់ហើយ ក្នុងចំណោមអ្នកជំងឺសរុបជាង៥ម៉ឺន៧ពាន់នាក់នៅទូទាំងប្រទេស។

ប្រទេសកម្ពុជាបានឆ្លងជំងឺកូវីដ១៩ ជាលើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ទៅលើបុរសជនជាតិចិន១នាក់នៅខេត្តព្រះសីហនុ។ ប៉ុន្តែមិនមានអ្នកស្លាប់ហើយក៏មិនមានឆ្លងជំងឺនេះច្រើនដែរ។ បន្ទាប់មកទៀត កម្ពុជាបានឆ្លងក្នុង​សហគមន៍ចំនួន៣លើក ក្នុងនោះទី១.ព្រឹត្តិការណ៍សហគមន៍៣វិច្ឆិកា ឆ្នាំ២០២០ ទី២.ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាឆ្នាំ២០២០ និងទី៣ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទើបមានអ្នកស្លាប់ជាបន្តបន្ទាប់ហើយដែលរហូតមកដល់ពេល​នេះ​នៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ថ្ងៃនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន៩៨១នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍៧១៦នាក់ អ្នកដំណើរមកពីបរទេស ២៦៥នាក់ អ្នកជាសះស្បើយ៩៣៤នាក់ និងស្លាប់ចំនួន១៩នាក់។

យ៉ាងណាក៏ដោយប្រទេសកម្ពុជាមិនចង់ឃើញជំងឺកូវីដ១៩ វាយលុកលើសពីបន្ទាត់ក្រហមនោះទេ ព្រោះវានឹងឆ្លងចូល​សហគមន៍ទ្រង់ទ្រាយធំ ប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ និងធ្វើឱ្យមនុស្សស្លាប់កាន់តែច្រើន។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា បច្ចុប្បន្ននេះជំងឺកូវីដ១៩ នៅកម្ពុជាឈានដល់បន្ទាត់ក្រហមហើយ បើកាលណាលើសពីបន្ទាត់ក្រហមនោះ មន្ទីរពេទ្យ កន្លែងព្យាបាលលើសពីសមត្ថភាពរបស់យើង ដោយសារអ្នកជំងឺច្រើន អត់មានកន្លែងដាក់ ហើយស្លាប់ក៏ច្រើន ហើយបងប្អូនក៏ពិបាករកទទួល​ទាន ហើយត្រូវបិទតំបន់មួយចំនួនម្តងទៀតហើយ ។

លោកស្រីបានបញ្ជាក់ថា ដើម្បីទប់ស្កាត់កុំឱ្យវិរុសកូវីដ១៩ឆ្លងតទៅទៀត ប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ជាពិសេសប៉ះពាល់ដល់សុខភាព ពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាខិតខំទប់ស្កាត់ទាំងអស់គ្នាពិសេសអនុវត្តវិធានការ៣ការពារ ដូចជា ពាក់ម៉ាស ឧស្សាហ៍អនាម័យ លាងដៃ និងរក្សាគម្លាតសុវត្តិភាពសង្គមនិងបុគ្គល និង ៣កុំ រួមមាន កុំទៅទីកន្លែងដែលមានមនុស្សកកកុញច្រើន កុំទៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញចូលនិងកុំប៉ះពាល់គ្នាឬចាប់ដៃគ្នាឡើយ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប៥៧,១០៣នាក់ អ្នកជាសះស្បើយចំនួន៤៨,៩៧៤នាក់ និងអ្នកស្លាប់ចំនួន៧៩៨នាក់៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម