Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការ​ទូត​កម្ពុជា និង​អូស្ត្រាលី ជួប​សន្ទនា​តាម​ទូរសព្ទ ស្តី​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា ឆ្លើយតប​ទៅនឹង​ផល​ប៉ះពាល់ នៃ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

លោក​ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីការ​បរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២១ បាន​ពិភាក្សា​ការងារ​តាម​ទូរសព្ទ​ជាមួយ លោកស្រី ម៉ា​រី​ស ផេ​ន រដ្ឋមន្ត្រីការបរទេស និង​ជា​រដ្ឋមន្ត្រី​កិច្ចការនារី​អូស្ត្រាលី នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងការបរទេស​។

នៅក្នុង​កិច្ច​សន្ទនា​នោះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​ពិភាក្សាគ្នា​លើ​បញ្ហា​សំខាន់​បន្ទាន់​មួយចំនួន ដូចជា កិច្ច​សហប្រតិបត្តិការ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ធានា​បាន​នូវ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ឆាប់រហ័ស រួម​ទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន​ដែល​ជា​ចំណាប់អារម្មណ៍ និង​ការ​បារម្ភ​រួមគ្នា រួមទាំង​ការវិវត្ត​នៅក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ផងដែរ។

លោកស្រី ម៉ា​រី​ស ផេ​ន បាន​រំលឹក​ឡើងវិញ​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​អូស្ត្រាលី ដើម្បី​ពង្រឹង​កិច្ចសហការ​ជាមួយ​ប្រទេស​កម្ពុជា និង​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។ ដោយ​គូសបញ្ជាក់​អំពី​បំណងប្រាថ្នា​ដ៏​មុតមាំ​របស់​អូស្ត្រាលី​ក្នុង​ការ​ពង្រឹង​ភាពជា​ដៃគូ អាស៊ាន​-​អូស្ត្រាលី លោកស្រី​បាន​អះអាង​ជាថ្មី​នូវ​ការ​បន្ត​គាំទ្រ​ដល់​ម​ជ្ឈ​ភាព​អាស៊ាន​នៅក្នុង​និម្មាបនកម្ម​តំបន់​ដែល​កំពុងតែ​វិ​វត្ត និង​សមាហរណកម្ម​តំបន់​។ លោកស្រី ម៉ា​រី​ស ផេ​ន បាន​ទន្ទឹងរង់ចាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ប្រចាំឆ្នាំ​ជា​លើកដំបូង នៅ​ខែតុលា ឆ្នាំ​២០២១ ហើយ​និង​បានបញ្ជាក់​ពី​ការគាំទ្រ​យ៉ាង​ពេញលេញ​សម្រាប់​ការរៀបចំ​ដោយ​ជោគជ័យ​របស់​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​អូស្ត្រាលី ដែល​បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​របស់​កម្ពុជា តាមរយៈ​វេទិកា​ទ្វេភាគី តំបន់ និង​អនុតំបន់​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ប្រទេស​អូស្ត្រាលី ដែល​បាន​គាំទ្រ​ទាន់​ពេល​វេលា​ដល់​ប្រទេស​កម្ពុជា និង​អាស៊ាន ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។ លោក​បាន​គូសបញ្ជាក់ថា ការកើនឡើង​ការចូលរួម​ប្រកបដោយ​អត្ថន័យ​របស់​ប្រទេស​អូស្ត្រាលី​ជាមួយ អាស៊ាន នឹង​រួមចំណែក​បន្ថែមទៀត​យ៉ាងសំខាន់​ដល់​កំណើនសេដ្ឋកិច្ច សមាហរណកម្ម​តំបន់ និង​ការ​បង្រួម​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​តំបន់​។

លោក​ឧបនាយក​រដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​រំលឹក​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​កម្ពុជា​ក្នុង​ការធានា​ឱ្យសម្រេចបាន​នូវ​សមិទ្ធផល​ប្រសើរ​ក្នុងអំឡុងពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២ ជាមួយ​អាស៊ាន​ទាំងមូល ដែលជា​គ្រួសារ​ដ៏​រឹងមាំ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការដោះស្រាយ​ការ​ប្រឈម​នានា ដើម្បី​សន្តិភាព ស្ថិរភាព ម​ជ្ឈ​ភាព​អាស៊ាន និង​ការកសាង​សហគមន៍​។

លោក​បាន​ចែករំលែក​អាទិភាព​មួយចំនួន​សម្រាប់​ឆ្នាំក្រោយ ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន រួមមាន ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ទទួល​បាន​វឌ្ឍនភាព​បន្ថែម​ទៀត​នៅក្នុង​ការអនុវត្ត​គំនិត​ផ្តួចផ្តើម​ស្តារ​ឡើង​វិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន និង​សមាហរណកម្ម​តំបន់​ដែល​ស្រប​ជាមួយ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន ឆ្នាំ​២០២៥ ខណៈពេល​ធ្វើការ​លើ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ លើកកម្ពស់​ការចូលរួម​ប្រកបដោយ​ប្រសិទ្ធភាព​របស់​ស្ត្រី និង​យុវជន នៅក្នុង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ដំណើរ​ការកសាង​សហគមន៍ ការពង្រឹង​ការរួមចំណែក​ដល់​ការថែរក្សា​សន្តិភាព​របស់​អាស៊ាន​។

ចំពោះ​បញ្ហា​ប្រទេស​មី​យ៉ាន់​ម៉ា លោក​ឧបនាយក​រដ្ឋមន្ដ្រី បាន​គូសបញ្ជាក់​អំពី​ការត្រៀមខ្លួន​របស់​ប្រទេស​កម្ពុជា​ក្នុងការ​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ដៃគូ​អាស៊ាន​ដទៃទៀត ដើម្បី​គាំទ្រ​ដល់​ការវិលត្រឡប់​ទៅរក​មាគ៌ា​នៃ​ប្រក្រតីភាព និង​ការផ្លាស់ប្តូរ​តាមរយៈ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។ លោក​ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់​អំពី​ការកោតសរសើរ​របស់​កម្ពុជា ចំពោះ​ជំហាន​នានា ដែល​ប្រទេស​ព្រុយ​ណេ ក្នុងនាម​ប្រធាន​អាស៊ាន​នាពេល​បច្ចុប្បន្ន កំពុង​អនុវត្តតាម​ការឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​។

លោក​ក៏បាន​បង្ហាញ​នូវ​ទំនុកចិត្ត លើ​កម្លាំង​នៃ​ភាព​ចម្រុះ​របស់​អាស៊ាន ដើម្បី​សម្រេច​ឱ្យបាន​នូវ​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី តាមរយៈ​មាគ៌ា​អាស៊ាន ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា និង​ការកសាង​សហគមន៍​អាស៊ាន​។ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ ក៏បាន​ពិភាក្សា​ស៊ីជម្រៅ​ពី​ការលើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​សហ​-​ប្រតិបត្តិការ​ទ្វេភាគី ផងដែរ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម