Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ សម្រាប់ពេលខាងមុខ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នឹងបន្តប្រជុំតាមប្រព័ន្ធវីដេអូ ZOOM

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមប្រព័ន្ធវីដេអូ ZOOM ដើម្បីពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈសំខាន់ៗមួយចំនួន និងបញ្ហាផ្សេងៗមួយចំនួនទៀត។

របៀបវារៈសំខាន់ចំនួនទាំងពីរ ដែលបានលើកយកមកពិភាក្សា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី តាមប្រព័ន្ធវីដេអូ ZOOM នាព្រឹកមិញនេះ រួមមាន៖ ទី១-សេចក្តីព្រាងច្បាប់ ស្តីពី វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។ ទី២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ ស្តីពី ការងារ ដែលត្រូវប្រកាសឲ្យប្រើ ដោយព្រះរាជក្រមលេខ ជស/រកម០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។ និងទី៣ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ ពិធីសារធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពី ការត្រៀមបម្រុងអង្ករសង្រ្កោះបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា យើងបានខកខានក្នុងការប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី រយៈពេល៣ខែមកហើយ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសកល។ សម្តេចតេជោមានប្រសាសន៍បន្តថា យើងមិនអាចបន្តខកខាន ការប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីរបស់យើងតទៅទៀតទេ ពិសេសការពិនិត្យពិភាក្សា ទៅលើរបៀបវារៈដ៏មានសារសំខាន់ទាំងពីរ ដែលយើងនឹងត្រូវខិតខំស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពេលបញ្ចប់នៃវិបត្តិកូវីដ-១៩។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា សម្រាប់ពេលខាងមុខ យើងនឹងជ្រើសរើសយកការប្រជុំបែបនេះតទៅទៀត ដើម្បីកុំឲ្យមានការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជារាំងស្ទះដល់ដំណើរការរបស់រាជរដ្ឋាភិបាល។ សូមជម្រាបថា បន្ទាប់ពីដំណើរកិច្ចប្រជុំ ដែលបានចំណាយពេលប្រមាណ៣ម៉ោង និង៣០នាទី គណៈរដ្ឋមន្រ្តីបាន អនុម័តទាំងស្រុង ទៅលើរបៀបវារៈទាំងពីរខាងលើនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម