Connect with us

ព័ត៌មានជាតិ

សាលាក្រុង​ណែនាំ​អ្នកជំងឺ​កូ​វីដព្យាបាល​តាម​ផ្ទះ ​ត្រូវ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ចៀសវាង​ចម្លងជំងឺ​ដល់​អ្នកដទៃ

បានផុស

នៅ

​​សាលា​រាជធានី​ភ្នំពេញ​បានធ្វើ​ការណែនាំ​ដល់​អ្នកជំងឺ​កូ​វីដ-១៩​កម្រិត​ស្រាល​ដែល​សម្រាក​ព្យាបាល​ថែទាំ​នៅតាម​ផ្ទះ​ ត្រូវ​ទុក​ដា​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ ដើម្បី​ចៀសវាង​ការចម្លងជំងឺ​ដល់​អ្នកដទៃ​។​

យោងតាម​សេចក្តីជូនដំណឹង​ស្ដីពី​ការ​ទុកដាក់​សំរាម​របស់​អ្នកជំងឺ​កូ​វីដ​១៩​កម្រិត​ស្រាល ដែល​សម្រាក​ព្យាបាល​ថែទាំ​នៅតាម​ផ្ទះ​បានឱ្យដឹងថា​ ដើម្បី​គ្រប់គ្រង​សំរាម​ដែល​បង្កើតឡើង​ដោយ​អ្នកជំងឺកូ​វីដ​១៩​នៅ តាម​ផ្ទះ​ឱ្យបាន​ល្អ ​និង​ដើម្បី​ចៀសវាង​ការឆ្លង​បន្ត​ដល់​អ្នកដទៃ​ ព្រមទាំង​ងាយស្រួល​ដល់​ប្រតិបត្តិ​ករ​ប្រមូល​សំរាម​ក្នុង​ការប្រមូល​និង​ដឹកជញ្ជូន​នោះ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ណែនាំ​ដល់អ្នកជំងឺ​ត្រូវ​ទុកដាក់​សំរាម​នៅក្នុង​ស្បោង​ឱ្យបាន​ត្រឹមត្រូវ​ និង​ដាច់​ដោយ​ឡែក​ពី​សំរាម​របស់​អ្នក​ផ្សេងទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រូវធ្វើ​ការបាញ់​ថ្នាំ​ ឬ​អាកុល​សម្លាប់​មេរោគ​កូ​វីដ​១៩​ទាំង​សំរាម​ខាងក្នុង​និង​ខាងក្រៅ​ស្បោង​ហើយ​ទុកដាក់​សំរាម​ដាច់ដោយឡែក​លើស​ពី​៧២​ម៉ោង​ទើប​អាច​បញ្ចេញ​មកខាងក្រៅ​បានត្រូវដាក់​សំរាម​នៅក្នុង​ស្បោង​ពណ៌​លឿង​ឬ​សរសេរ​ស្លាក​សញ្ញា​បញ្ជាក់​នៅលើ​ស្បោង​ដើម្បី​ងាយស្រួល​ក្នុងការ​ប្រមូល​។​ ត្រូវ​ប្រើប្រាស់​ស្បោង​សំរាម​ដែលមាន​ចំណុះ១៥​គីឡូក្រាម​ដើម្បី​ផ្ទុក​បរិមាណ​សំរាម​ឱ្យបាន​រយៈពេល៥​ថ្ងៃ​យ៉ាងតិច​ដើម្បី​ចៀសវាង​បញ្ចេញ​សំរាម​រៀងរាល់ថ្ងៃ​។​

សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ​ក្នុងករណី​ដែល​មិន​សហការ​ និង​មិន​អនុវត្តតាម​ការណែនាំ​ខាងលើ​ហើយ​បង្កឱ្យមាន​ការឆ្លង​ជំងឺ​កូ​វីដ​បុគ្គល​ដែល​ប្រព្រឹត្ត​ត្រូវ​ទទួល​ខុសត្រូវ​តាមច្បាប់​ច្បាប់​ស្ដីពី​វិធានការ​ទប់​ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ និង​ជំងឺឆ្លង​កាច​សាហាវ​ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ដែលមាន​ចែងថា ​«​អំពើ​ចម្លង​ដោយ​ចេតនា​នៅ​ជំងឺ​កូ​វីដ​១៩​​ដល់​អ្នកដទៃ​តាម​គ្រប់​មធ្យោបាយ​ត្រូវផ្ដន្ទា​ទោស​ដាក់ពន្ធនាគារ​ពី​៥​ឆ្នាំ​ដល់​១០​ឆ្នាំ​»​និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​ដែលមាន​ជា​ធរមាន​។​

លោកវេជ​បណ្ឌិត ងី​មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ បាន​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃទី​៩ ​ខែកក្កដា​ ឆ្នាំ​២០២១​មានអ្នក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នៅតាម​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ​បាន​កើន​ឡើង​ដល់​ចំនួន​៩១៥​នាក់​ហើយហើយ​ក្នុង​ចំនួន​នេះ មាន​អ្នក​ជាសះស្បើយពី​ជំងឺ​នេះ ចំនួន​២៦៨​នាក់និង​មាន​អ្នក​កំពុង​ព្យាបាល​ចំនួន​៦៤៧​នាក់ ស្រី​ចំនួន​៣១៧​នាក់​។​

លោកវេជ្ជបណ្ឌិត បាន​បន្តទៀតថា «​ការកើនឡើង​នូវ​ចំនួន​អ្នក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​ នៅតាម​ផ្ទះ​នៅ​ប៉ុន្មាន​ថ្ងៃនេះ ដោយសារតែ​យើង​បាន​លើកទឹកចិត្ត​អោយ​ពួកគាត់​បាន​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នៅតាម​ផ្ទះ​»​។​

លោក​បន្តថា ចំពោះ​អ្នកជំងឺ​ដែលមាន​នឹង​កំពុង​ព្យាបាល​នៅតាម​មណ្ឌលពួកគាត់​អាច​សុំ​ការអនុញ្ញាត សូម​ប្តូរ​ទៅ​ព្យាបាល​នៅតាម​ផ្ទះ​វិញ​បានតែ​ត្រូវមាន​កិច្ចសន្យា​មួយ ជាមួយ​ក្រុមការងារ​ដោយ​ភ្ជាប់​នូវ លក្ខខណ្ឌ​ច្បាប់​មួយចំនួនហើយ​យើង​ជា​អ្នករាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​គ្រប់គ្រងមើល​ខុសត្រូវ​ពួកគាត់​៕

អត្ថបទ ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម